កម្ពុជា-អាស៊ាន

កម្ពុជា​រួម​ដៃ​ជាមួយ​អាស៊ាន​អំពាវ​នាវ​ឲ្យ​កូរ៉េ​ខាង​ជើង​គោរព​ការ​សម្រេច​របស់​អង្គការ​សហ​ប្រជាជាតិ​

រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​​និង​​​ក្រុម​​ប្រទេស​​អាស៊ាន​​នៅ​​ក្រុង​​ម៉ានីល​ ៦ សីហា ២០១៧
រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​​និង​​​ក្រុម​​ប្រទេស​​អាស៊ាន​​នៅ​​ក្រុង​​ម៉ានីល​ ៦ សីហា ២០១៧ © Reuters

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​៧​របស់​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​ក្នុង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​០៤ដល់​ថ្ងៃ​ទី​០៨ សីហា​ រដ្ឋ​មន្រ្តី​ការបរទេស​កម្ពុជា​លោក​ប្រាក់​ សុខុន​ បាន​បង្ហាញ​ពី​ព្រួយ​បារម្ភ​របស់​កម្ពុជា​លើ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ក្នុង​ឧបទ្វីប​កូរ៉េ​ជាពិសេស​ការ​បាញ់​មីស៊ីល​ជា​បន្ត​បន្ទាប់​របស់​កូរ៉​ខាង​ជើង​។ ប្រឈម​នឹង​បញ្ហា​នេះ​ ប្រមុខ​ការទូ​តខ្មែរ​រួម​និង​ប្រមុខ​ការ​ទូតប្រទេស​អាស៊ាន​ផ្សេង​ទៀត​ បាន​សហការ​គ្នាផ្ញើ​សា​រសម្តែង​ការ​មិនសប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​កូ​រ៉េ​ខាង​ជើង​នេះ។​

ផ្សាយពាណិជ្ជកម្ម

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ដែល​កម្ពុជា​សម្តែង​ការ​ព្រួយ​បា​រម្ភ​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​លើក​នេះ ​កម្ពុជា​បាន​ចូល​រួម​ជា​មួយ​ប្រទេស​សមាជិក​អាស៊ាន​ និង​សហគមន៍​អន្តរជាតិ​អំពាវ​នាវ​ឲ្យប្រ​ទេស​កូរ៉េ​ខាង​ជើង​គោរព​យ៉ាង​ពេញ​លេញ​នូវ​សេចក្តី​សម្រេច​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​។ បន្ថែម​ពី​លើនេះ​ កម្ពុជា​និង​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ ក៏​បាន​រួម​ដៃ​គ្នា​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋ​អំណាច​ក្រុង​ព្យុង​យ៉ាង​ដោយ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ទង្វើ​របស់​រដ្ឋអំ​ណាច​ផ្តាច់​ការ​មួយនេះ​ដែលចេះ​តែ​បំពារ​បំពាន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជា​ជាតិ​តាម​រយៈការបាញ់​សាកល្បង​មីស៊ីល​ឥត​ឈប់​ឈរ​។

 

ដោយ​ឡែក​សម្រាប់​កម្ពុជា​តែ​ឯក​ឯង​វិញ​ លោក​ប្រមុខ​ការ​ទូត​កម្ពុជា​ប្រាក់​ សុខុន​ នៅក្នុ​ងសន្និ​សីទសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​០៩​ សីហា ​បន្ទាប់​ពីវិល​ត្រឡប់​មក​ពី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥០​វិញ​ បានប​ង្ហាញពី​ជំហរ​របស់​កម្ពុជា​ដោយ​ស្នើ​ឲ្យ​កូរ៉េ​ខាង​ជើង​ធ្វើ​ការ​ពិនិត្យ​ពិចារ​ណា​ចំពោះ​ទង្វើ​របស់​ខ្លួន​ឡើង​វិញ​ និង​បោះបង់​ការ​បាញ់​សាក​ល្បង​មីស៊ីល​តទៅ​ទៀត​ ដើម្បី​បន្ធូ​របន្ថយ​ស្ថាន​ការ​នៅ​ឧបទ្វីបកូរ៉េ​។

ការ​សម្តែង​ការព្រួយ​បារម្ភ​ពីសំណាក់​កម្ពុជា​ក៏ដូច​ជា​អាស៊ាន​ទាំងមូល​ចំពោះស្ថាន​ភាព​នៅ​ឧបទ្វីប​កូរ៉េ​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាងជើង​បាន​បន្ត​បាញ់​សាកល្បង​មីស៊ីល​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​។ កាល​ពីខែ​កក្កដា​ ខែ​មុន​នេះ ​រដ្ឋអំណាច​ក្រុងព្យុង​យ៉ាង​បាន​បាញ់​សាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប​ដល់​ទៅ​ពីរ​ដង​ឯណោះ។​ ចំពោះ​ទង្វើ​ផ្គើន​របស់​កូរ៉េខាង​ជើងនេះ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​ ដើម្បី​ទាញ​ដៃ​កូរ៉េ​ខាងជើង​ឲ្យ​ចូល​តុចរចា​ឡើង​វិញ។ ​ចំណែក​ឯ​សហរដ្ឋ​អាមេរិក​ និង​ប្រទេសក្បែរ​ខាង​កូរ៉េ​ខាង​ជើង​វិញ ​តួយ៉ាង​កូរ៉េ​ខាងត្បូ​ងបា​នបន្ត​ដាក់​សម្ពោធ​តាម​រយៈ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ជា​ដើម​។

ចំពោះ​បញ្ហា​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវ​នាវ​ដល់​ភាគីពាក់ព័ន្ធ​ទាំង​អស់​ឲ្យរ​ក្សាភាព​អត់​ធ្មត់​ និង​ជៀស​វាង​សកម្មភាព​ដែល​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង។ ​កម្ពុជា ​ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​រួមរបស់​រុស្ស៊ី ​និង​ចិន​ស្តី​ការ​បង្ក​ទាំងសង​ខាង​ និង​ការ​រីកចម្រើន​ទៅ​មុខ​ទាំង​សង​ខាង​ស្រប​គ្នា​ឆ្ពោះ​ទៅ​រក​ការ​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ និង​សំណើ​របស់​រុស្ស៊ី​ស្តី​ពី ​គម្រោង​ដោះស្រាយ​បញ្ហា​កូរ៉េ​តាម​ដំណាក់​កាល​ ដើម្បីចូល​រួម​បន្ថយ​ភាព​តាន​តឹង​និង​ជំរុញ​ការ​ជឿ​ជាក់​និង​ការ​កសាង​ទំនុក​ចិត្ត​នៅក្នុង​តំបន់​។ មួយ​វិញ​ទៀត​ កម្ពុជា​ ក៏​ប្រកាស​ស្វាគមន៍​សំណើ​របស់​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ដែល​ចង់​ផ្តើម​កិច្ចសន្ទនា​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ ដើម្បី​បន្ធូរ​បន្ថយភាពតាន​តឹង​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ឧបទ្វីប​កូរ៉េ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI