សមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស៖ អនាគតនៃលទ្ធិប្រជាធិបតេយ្យតំបន់អាស៊ានស្ថិតក្នុងហានិភ័យ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី១៩ ខែកញ្ញានេះ សមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស(APHR) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថាតំបន់អាស៊ានប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស ហើយអនាគតនៃលទ្ធិប្រជាធិបតេយ្យស្ថិតក្នុងហានិភ័យ។ ការលើកឡើងនេះ បន្ទាប់ពីប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានកំពុងមានការំលោភសិទ្ធិមនុស្ស ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ក្នុងនោះក៏មានកម្ពុជាដែរ។
ពីក្រុងម៉ានីល ប្រធានសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស លោក Charles Santiago បានលើកយកបញ្ហានៅក្នុងប្រទេសអាស៊ានមួយចំនួនដូចជា រដ្ឋាភិបាលយោធានៅក្នុងប្រទេសថៃ ដែលបង្ហាញការមិនបោះបង់ចោលអំណាចរបស់ខ្លួន បញ្ហាប្រល័យពូជសាសន៍នៅក្នុងប្រទេសភូមាជាដើម។
លោកបន្ថែមថានៅក្នុងប្រទេសហ្វីលីពីនវិញ នីតិរដ្ឋ និងគណនេយ្យភាពហាក់ដូចជាត្រូវបានគេដកចេញទាំងស្រុង ក្នុងបរិបទសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាល។ ដោយឡែកនៅកម្ពុជា មានការវាយប្រហារមិនធ្លាប់មាន មកលើគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល។
សមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស (APHR) ក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដូចជាប្រធានគណបក្សប្រឆាំងនៅកម្ពុជាលោកកឹមសុខា ដែលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាថា ការលើកឡើងរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស គឺមិនឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ដែលជាសមាជិកអាស៊ាននោះទេ។ លោកផៃ ស៊ីផានថា នៅក្នុងអាស៊ានកម្ពុជាមានពហុបក្ស មានការរៀបចំការបោះឆ្នោតទៀងទាត់ពេលវេលា។
លោកបន្ថែមការបិទអង្គការមួយចំនួននៅក្នុងប្រទេសកម្ពុជាកន្លងមក ដោយសារតែអង្គការទាំងនោះ ធ្វើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ការបិទកាសែតខេមបូឌាដេលីកន្លងមក ដោយសារកាសែតនេះ មិនបានបង់ពន្ធឲ្យរដ្ឋ។ ចំពោះការបិទវិទ្យុក្នុងស្រុកដទៃទៀត គឺដោយសារពួកគេមិនគោរពគោលការណ៍របស់ក្រសួងព័ត៌មាន។
សូមជម្រាបជូនថាក្រៅពីសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស (APHR) អង្គការក្រៅរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិមួយចំនួនទៀតក៏បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់បង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះប្រជាធិបតេយ្យនៅជាកម្ពុជាដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ