សមាសភាពរដ្ឋាភិបាលថ្មីផ្លាស់ប្តូរតិចតួច ខណៈមានការកែសម្រួលនិងបង្កើនចំនួនឧបនាយករដ្ឋមន្ត្រីនិងទេសរដ្ឋមន្ត្រី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមាសភាពរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់ការទុកចិត្តហើយ នៅព្រឹក ថ្ងៃទី ៦ ខែកញ្ញានេះ។ អ្វីជាការកត់សំគាល់ បញ្ជីឈ្មោះរដ្ឋមន្ត្រីអាណត្តិថ្មីចំនួន២៩រូប មិនត្រូវបានផ្លាស់ប្តូរនោះទេ ខណៈចំនួនឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីត្រូវបានកែសម្រួល និងបង្កើនចំនួនបន្ថែម។ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសមិនទទួលស្គាល់រដ្ឋាភិបាលថ្មីនេះឡើយ។
សមាសភាពរាជរដ្ឋាភិបាលកម្ពុជាថ្មីអាណត្តិទី៦ ត្រូវបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តាមរយៈសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នៅថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៨នេះ ក្នុងសំលេង ១២៥ លើ ១២៥ នៃតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជានាយករដ្ឋមន្ត្រី អមដោយឧបនាយករដ្ឋមន្ត្រី ចំនួន១០រូប ទេសរដ្ឋមន្ត្រីចំនួន១៧រូប និងរដ្ឋមន្ត្រីចំនួន២៩រូប។
បើប្រៀបធៀបនឹងអាណត្តិទី៥ ចំនួនឧបនាយករដ្ឋមន្ត្រីថ្មី ក្នុងអាណត្តិទី៦នេះ បានកើនឡើង១រូប និងទេសរដ្ឋមន្ត្រីកើនឡើងចំនួន២រូប និងដោយមានការកែសម្រួលមួយចំនួន ក្នុងនោះ លោក គាត ឈន់ ដែលជាឧបនាយករដ្ឋមន្ត្រីអាណត្តិទី៥ មិនឃើញមានឈ្មោះនោះទេ ខណៈដែលលោក សុខ អាន ឧបនាយករដ្ឋមន្ត្រីអាណត្តិទី៥ បានទទួលមរណភាពកាលពីខែមីនា ឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តំណែងឧបនាយករដ្ឋមន្ត្រីនេះ ត្រូវបានបំពេញបន្ថែមដោយឥស្សរជនថ្មី៣រូប គឺលោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា ដែលធ្វើឲ្យចំនួនឧបនាយករដ្ឋមន្ត្រីកើនឡើងពី៩នាក់នៅអាណត្តិទី៥ ដល់១០នាក់នៅអាណត្តិទី៦នេះ។ ចំណែកឯទេសរដ្ឋមន្ត្រីវិញ ក៏ត្រូវបានបង្កើនពី១៥រូបនៅអាណត្តិទី៥ ដល់១៧រូប នៅក្នុងអាណត្តិទី៦។ ក្នុងនោះលោក អ៊ឹម ឈុនលឹម លោកច័ន្ទ សារុន និងលោក សេរី កុសល ដែលធ្លាប់ជាទេសរដ្ឋមន្ត្រីអាណត្តិទី៥ ត្រូវបានផ្លាស់ប្តូរ និងជំនួសមកវិញដោយទេសរដ្ឋមន្ត្រីថ្មី៤រូប រួមមាន លោក ប៉ុល សារឿន លោក គន់ គីម លោក មាស សុភា និងលោក អូស្មាន ហាស្សាន់។
ដោយឡែក លោក ម៉ៅ ហាវណ្ណាល់ ត្រូវបានតម្លើងឋានៈពីរដ្ឋលេខាធិការ ទៅជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំណែករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង មិនឃើញមាននៅក្នុងបញ្ជីឈ្មោះសមាសភាពរាជរដ្ឋាភិបាលថ្មីនោះទេ និងជំនួសមកវិញដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន។ ក្រៅពីនេះ សមាសភាពរដ្ឋមន្ត្រីទាំងអស់ ត្រូវបានរក្សាទុកឲ្យនៅដដែល ខណៈដែលលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន គឺជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីពេញសិទ្ធិ។
យ៉ាងណាក៏ដោយ ភ្លាមៗនេះ អតីតគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ខ្លាំងរបស់គណបក្សកាន់អំណាចកាលពីការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយមិនទទួលស្គាល់រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦នេះទេ។ សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៦ កញ្ញា បានចាត់ទុកថា រដ្ឋាភិបាលថ្មីនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋខ្មែរនោះឡើយ ហើយក៏ពុំអាចធ្វើជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានដែរ។ ទន្ទឹមគ្នានេះ អតីតគណបក្សប្រឆាំង បានលើកឡើងថា រដ្ឋឯកបក្សដែលគណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃនេះ នឹងនាំឲ្យកម្ពុជាត្រូវទទួលរងទណ្ឌកម្មផ្សេងៗ ពីសហគមន៍អន្តរជាតិ។
គួរជំរាបជូនថា បន្ទាប់ពីទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពនិងក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ហើយនោះ នៅរសៀលថ្ងៃដដែលនេះ សមាជិករាជរដ្ឋាភិបាលទាំងអស់ នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រកម្ពុជា។ ហើយគណៈរដ្ឋមន្ត្រីថ្មី នឹងបើកកិច្ចប្រជុំលើកទី១របស់ខ្លួន នៅព្រឹក ថ្ងៃទី ៧ កញ្ញា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ