អានតួអត្ថបទ
កម្ពុជា

សភា​​យក​​ជម្លោះ​ដីធ្លី​​នៅ​​កោះកុង​​ឱ្យ​​រដ្ឋ​មន្ត្រី​​បរិស្ថាន​​ដោះ​ស្រាយ​

ប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ និងបុទមសាគរ ខេត្តកោះកុង មកតវ៉ានៅពីមុខក្រុមហ៊ុនចិនUnion Development Group។
ប្រជាពលរដ្ឋក្នុងស្រុកគិរីសាគរ និងបុទមសាគរ ខេត្តកោះកុង មកតវ៉ានៅពីមុខក្រុមហ៊ុនចិនUnion Development Group។ @Licadho
ដោយ៖ ស៊ុន មេសា
១៦ នាទី

នៅ​ថ្ងៃ​សុក្រ​ទី១២ធ្នូ​នេះ លោក​អេង ឆៃអ៊ាង​ប្រធាន​គណៈកម្មការ​ទី១របស់​រដ្ឋសភា បាន​ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅ​ទីស្តីការក្រសួង។ ជា​ជំនួប​ដែល​គណៈ​ក​ម្មការ​ទទួល​ពាក្យបណ្តឹង​របស់​រដ្ឋសភា យក​បញ្ហា​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង​ទៅឱ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជួយ​ដោះស្រាយ។

ផ្សាយពាណិជ្ជកម្ម

ខុសពី​សព្វមួយដង​ដែល​សភា​តែងតែ​កោះហៅ​រដ្ឋមន្ត្រី ទៅ​សាកសួរ ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ទី១២ធ្នូ​នេះ គណៈកម្មការ​ទី១របស់​សភា​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំយក​បញ្ហា​ជម្លោះដីធ្លី​នៅ​កោះកុង​ជិត៣០០គ្រួសារ​ទៅឱ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជួយ​ដោះស្រាយ។

លោកអេង ឆៃអ៊ាង​ប្រធាន​គណៈកម្មការ​ទទួល​ពាក្យបណ្តឹង និង​សិទ្ធិមនុស្ស​ពី​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រជាពលរដ្ឋ​ចំនួន​ជិត៣០០គ្រួសារ​មកពី​ស្រុក​បុ​ទុម​សាគរ និង​គី​រី​សាគរ​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ឧកញ៉ា​មិន​សុខចិត្ត​ទទួលយក​ដំណោះស្រាយ​នោះទេ។ ជា​ដំណោះស្រាយ​ដែល​ប្រធាន​គណៈកម្មការ​ទី១របស់​សភា បញ្ជាក់ថា មិន​សមរម្យ ព្រោះតែ​ជាការ​បង្ខិតបង្ខំ ហើយ​ពលរដ្ឋ​មិនអាច​ទទួលយកបាន​នោះទេ។

 
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ចំនួន​ជិត៣០០គ្រួសារ​នោះ​ត្រូវបាន​រដ្ឋសភា​បញ្ជាក់ថា​ជា​ម្ចាស់​ស្រុក មាន​ជម្លោះ​ជាមួយ​ឧកញ៉ា​លី​យ៉ុង ផាត់ ឧកញ៉ា​ហេង​ហ៊ុយ និង​ក្រុមហ៊ុន​ចិន​Union Development។ ជម្លោះដីធ្លី​នេះ ធ្លាប់មាន​ព្រឹត្តិការណ៍​បណ្តេញ​ពលរ​ដ​ដ្ឋ​ចេញ​ដោយ​បង្ខំ និង​ដុត​កំទេច​លំនៅដ្ឋាន​មួយចំនួន​ផងដែរ។ ដូចនេះ លោក​អេង ឆៃអ៊ាង បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ដែលជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បន្ត​ដោះស្រាយ​ជម្លោះដីធ្លី​ដែល​នៅ​សេសសល់​នេះ។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ប្រមាណ២ម៉ោង លោកសាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​ជម្លោះដីធ្លី​ប្រមាណ​ជា៣០០គ្រួសារ​នេះ​គឺជា​ករណី​ជម្លោះ​ចាស់​ដែល​ក្រសួង​កំពុង​ដោះស្រាយ​ដោយ​ឈរលើ​ការពិនិត្យ និង​ទិន្នន័យ​ច្បាស់លាស់​ពី​ក្រសួង សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្នុង​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង​នេះ ក្រសួង​បានសម្រេច​កាត់​ផ្ទៃដី​ជម្លោះ​ជិត៩ពាន់​ហិកតា​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​វិញ។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​វ័យក្មេង បាន​ទទួលស្គាល់ថា ការដោះស្រាយ​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន និង​ឧកញ៉ា​សេដ្ឋី​ស្រុក​ខ្មែរ​នេះ មាន​រយៈពេល​យូរ​បន្តិច​មែន។ ប៉ុន្តែ​គឺជា​ជំ​ហ៊ាន​ដ៏​ជាក់លាក់​មួយ​ដោយមាន​ការផ្ទៀងផ្ទាត់​ឱ្យ​ត្រឹម និង​ធានាថា​ជម្លោះដីធ្លី​នៅ​តំបន់​នេះ​លែងមាន​ជា​បន្តទៀត។

យ៉ាងណាក៏ដោយ ប្រធាន​គណៈកម្មការ​ទី១របស់​រដ្ឋសភា លោក​អេង ឆៃអ៊ាង ដែល​នាំយក​ជម្លោះដីធ្លី​នៅ​កោះកុង​នេះ មកឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​ដោះស្រាយ​នោះ បានស្នើ​ក្រសួង​បន្ត​ដោះស្រាយ​ជម្លោះដីធ្លី ដោយ​ឈរលើ​គោលការណ៍​ច្បាប់​និង​បទ​ក​ដ្ឋា​ន​គតិយុត្ត​របស់​រដ្ឋាភិបាល។ ដោយឡែក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក​សាយ សំ​អាល់ បាន​សង្កត់ធ្ងន់ថា​រាល់​ដំណោះស្រាយ​ទាំងអស់​ត្រូវតែ​ឈរលើ​គោលការណ៍​យុត្តិធម៌ ព្រោះថា​លោក​គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​សង្គម​សង្គមជាតិ​ទាំងមូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ