កម្មករម្នាក់នឹងមានចំណូលជិត២០០ដុល្លារ ខណៈប្រាក់ខែគោលឆ្នាំ២០១៨ ឡើងដល់១៧០ដុល្លារក្នុង១ខែ
ចុះផ្សាយនៅថ្ងៃ៖
ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិកផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨ ខាងមុខ នឹងកើនដល់១៧០ដុល្លារ។ ការសម្រេចតម្លើងប្រាក់ឈ្នួល១៧០ដុល្លារ ដល់កម្មករ និយោជិក នៅពេលនេះ បានធ្វើឡើងបន្ទាប់ពី និយោជក សហជីព និងតំណាងរដ្ឋាភិបាល បានបើកការជជែកគ្នាជាចុងក្រោយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ហើយសម្រេចយកតួលេខរួម១៦៥ដុល្លារ ខណៈដែលរដ្ឋាភិបាលសម្រេចផ្តល់៥ដុល្លារបន្ថែមពីលើតួលេខដែលបានសម្រេចដោយត្រីភាគី។
ទីបំផុត គណៈកម្មការប្រឹក្សាការងារដែលមានតំណាង១៦នាក់ពីភាគីនីមួយៗ គឺភាគីនិយោជក ភាគីសហជីព និងភាគីរដ្ឋាភិបាល បានធ្វើការបោះឆ្នោតសម្រេចយកតួលេខ១៦៥ដុល្លារ ក្នុងការតម្លើងប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិក វិស័យកាត់ដេរនិងដេរស្បែកជើងសម្រាប់ឆ្នាំ២០១៨។ ក៏ប៉ុន្តែក្រសួងការងារកម្ពុជាបានប្រកាសជាផ្លូវការថាប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិក ឆ្នាំ២០១៨គឺ១៧០ដុល្លារ ដោយហេតុថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន បន្ថែម៥ដុល្លារ ពីលើការសម្រេចនៃការចរចានៅថ្ងៃនេះ។
ការឈានទៅដល់ការបោះឆ្នោតតាមរយៈគណៈកម្មការប្រឹក្សាការងារ ហើយទទួលបានលទ្ធផលជាវិជ្ជមាននេះ គឺបន្ទាប់ពីភាគីទាំង៣បានជួបប្រជុំគ្នាជាលក្ខណៈបច្ចេកទេសចំនួន៣ដងមកហើយ ដោយមិនអាចរកចំណុចរួមណាមួយបាន។ មិនអាចរកចំណុចរួមបាន ដោយសារតែភាគីនិយោជកមានលទ្ធភាពផ្តល់ត្រឹម១៦២ដុល្លារ តែភាគីសហជីព កម្មករ បានទាមទារ១៧០ដុល្លារ រីឯភាគីរដ្ឋាភិបាលវិញបានជ្រើសរើសយកតួលេខកណ្តាលគឺ១៦៥ដុល្លារ។
សម្រេចសម្រួលមក ការបោះឆ្នោតបានសម្រេចភាគច្រើនយកតួលេខ១៦៥ដុល្លារដូចតួលេខនៃការស្នើរបស់រដ្ឋាភិបាល។ លើសពីនេះ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចភ្លាម ៗបន្ថែម៥ដុល្លារឲ្យគ្រប់១៧០ដុល្លារ ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិងយោជិក ដូចគ្នាទៅនឹងអ្វីដែលជាតួលេខដែលភាគីសហជីពចង់បានគឺ១៧០ដុល្លារ។ ប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០១៨ បានកើនឡើងចំនួន១៧០ដុល្លារ ធៀបទៅនឹងប្រាក់ឈ្នួលឆ្នាំ២០១៧ដែលមាន១៥៣ដុល្លារក្នុងមួយខែ។
ការតម្លើងប្រាក់ឈ្នួលអប្បបរមារហូតដល់១៧០ដុល្លារ ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែមករាឆ្នាំ២០១៨ខាងមុខនោះ ត្រូវបានគេមើលឃើញថាជាចំនួនមួយសមរម្យ ខណៈដែលកម្មករម្នាក់ៗ នៅមានអត្ថប្រយោជន៍ប្រចាំខែផ្សេងៗទៀត ដូចជាប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅចំនួន៧ដុល្លារ ប្រាក់ធ្វើការទៀតទាត់១០ដុល្លារ ប្រាក់ថ្លៃបាយធ្វើការបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ពាន់រៀលក្នុងមួយថ្ងៃ ប្រាក់រង្វាន់អតីភាពជាដើម។ ជាសរុបមក កម្មករនិយោជិកម្នាក់ ជាមធ្យមត្រូវគេរំពឹងថាទទួលបានប្រាក់បៀវត្សយ៉ាងតិចពី១៨៧ដុល្លារ ទៅ១៩៨ដុល្លារ ក្នុង១ខែ។
សូមបញ្ជាក់ថាប្រាក់ឈ្នួលកម្មករនិយោជិកវិស័យកាត់ដេរកម្ពុជា បានកើនឡើងចាប់ពី៣០ដុល្លាររហូតដល់១៧០ដុល្លារក្នុងមួយខែ ខណៈដែលឧស្សាហកម្មមួយនេះមានអាយុ ២ទសវត្សរ៍មកហើយ។ ប្រាក់ឈ្នួលគោលនៃវិស័យកាត់ដេរនេះ គឺច្រើនជាងប្រទេសមួយចំនួននិងតិចជាងប្រទេសមួយចំនួនទៀតនៅជិតខាងកម្ពុជា និងតំបន់អាស៊ីទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ