កម្ពុជា

អាជ្ញាធរ​ទុក​ពេល​ឲ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់​១​សប្តាហ៍​ទៀត​ ​រុះរើ​​ដោយ​ស្ម័គ្រចិត្ត​ចេញពី​តំបន់​អង្គរ

សំណង់ខុសច្បាប់ដែលគេសាងសង់នៅតំបន់អង្គរ
សំណង់ខុសច្បាប់ដែលគេសាងសង់នៅតំបន់អង្គរ Photo Apsara

រដ្ឋបាល​ខេត្ត​សៀមរាប ​និង​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃ​ទី​០១​ខែ​សីហា ​បានផ្តល់​ឱកាស​ជាថ្មី​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​ទៅ​សាងសង់​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ​កាល​ពីពេល​កន្លង​ទៅ ឲ្យ រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​មុននឹង​ចំណាត់ការ​ចុង​ក្រោយ​ដោយ​អាជ្ញាធរ​នៅ​ថ្ងៃទី​៩​ខែ​សីហា​ខាងមុខ​។ ​ការ​ជូន​ដំណឹង​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ ​មិនទាន់​បាន​រុះរើ​សំណង់​ខុសច្បាប់​របស់​ពួកគេ​ដោយ​ស្ម័គ្រចិត្ត​តាម​ការ​អំពាវនាវ​រប​ស់​អាជ្ញាធរ​ចំនួន​២​លើក ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ចុងក្រោយ​រួមគ្នា​រវាង​រដ្ឋបាល​សាលា​ខេត្ត​សៀមរាប ​និង​អាជ្ញាធរ​ជាតិ​អប្សរា ​រដ្ឋបាល​ទីក្រុង​ទេសចរណ៍​មួយ​នេះ ​បាន​ទុក​ពេល​ឲ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់​ ដែល​បាន​សាងសង់​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ​និង​សំណង់​ខុស​ច្បាប់​ថ្មី​ៗ​បាន​និង​កំពុង​សាងសង់ ​​ឲ្យ​​ធ្វើ​​ការ​​រុះរើ​ពី​តំបន់​១​និង​តំបន់​២ ​​ក្នុង​រយៈពេល​៧​ថ្ងៃ​ទៀត​ដោយ​ស្ម័គ្រ​ចិត្ត​។

តាម​រយៈ​ខ្លឹមសារ​នេះ ​ចាត់ទុក​ថា​ជាការ​ជូន​ដំណឹង​ចុងក្រោយ ​ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​និង​អាជ្ញាធរ​អប្សរា​សម្រេច​ចាត់​វិធានការ​រុះរើ​សំណង់​ទាំងនេះ​នៅ​ថ្ងៃ​ទី​១០​សីហា ​ដោយ​មិន​ទទួលខុសត្រូវ​ក្នុងការ​បាត់បង់​ឬ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្វី​ឡើយ ​ប្រសិន​បើ​ម្ចាស់​សំណង់​ខុសច្បាប់​មិន​ព្រម​រុះរើ​ដោយ​ខ្លួនឯង​។ ​

ទាក់ទង​ទៅនឹង​សំណង់​ខុសច្បាប់​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​ដូចជា រដ្ឋបាល​សាលា​ខេត្ត​សៀមរាប​ធ្លាប់​បាន​ព្រមាន​ចំនួន​២​លើក​មកហើយ​តាមរយៈ​លិខិត​ជូនដំណឹង ​និង​តាមរយៈ​សន្និសីទ​កាសែត​ជា​សាធារណៈ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលទៅ​សង់​សំណង់​នៅ​តំបន់​ហាមឃាត់​ទាំង​៣​តំបន់​នោះ​រុះរើ​ដោយ​ស្ម័គ្រចិត្ត​។ ​ក៏​ប៉ុន្តែ​មិនមាន​អ្វី​ប្រែប្រួល​ទេ ​ហាក់ដូចជា​កំពង់​រង់ចាំ​មើលគ្នា ​និង​រង់ចាំ​មើលថា​តើ​អាជ្ញាធរ ​ពិត​ជា​មាន​ចំណាត់ការ​មែនទែន​ឬ​យ៉ាងណា​។

ជាមួយ​គ្នា​នេះ ​លោក ​លី សំរិត​ អភិបាល​រង​ខេត្ត​សៀមរាប​ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា​ចំនួន​សំណង់​ជាង​៥០០​សំណង់ ​ក្នុងនោះ​ពី​៨០​ទៅ​៩០​ភាគរយ ​ជា​សំណង់​មិន​រឹងមាំ ​នៅ​មិនមាន​សំណង់​ណាមួយ​ត្រូវបាន​រុះរើ​ទេ​។ ​សំណង់​ទាំងនេះ​ត្រូវបាន​សង់​ចោល ​ដោយ​មិនមាន​មនុស្ស​រស់​នៅ​។ ​ទោះយ៉ាងណា​អាជ្ញាធរ​រង់ចាំតែ​ថ្ងៃ​កំណត់​ប៉ុណ្ណោះ ​ប្រសិនបើ​ម្ចាស់​សំណង់​មិន​ចេញមុខ​មក​រុះរើ​ដោយ​ខ្លួន​ឯង​។ ​នេះ​បើតាម​លោក​លី សំរិត​។

សូម​បញ្ជាក់​ថា ​វា​បាន​ក្លាយជា​ទំលាប់​ទៅហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ ​ដែល​បាន​ឆ្មក់​ចូលទៅ​វាត​យក​ដី​សាងសង់​សំណង់​នៅ​ក្នុង​តំបន់​អង្គរ ​នៅពេល​ដែល​មាន​ការបោះ​ឆ្នោតម្តង។ ​បញ្ហា​នេះ​ត្រូវ​បានដាក់​ការសង្ស័យ​ដែរ​ថា ​អាចជា​ការចូល​ដៃ​ពី​អាជ្ញាធរ​ដែនដី ​ឬ​ការ​បណ្តោយ​ឲ្យ​ធ្វើ​បែបនេះ ​ខណៈដែល​មិន​មានការ​រវីរវល់​ណា​មួយ នៅក្នុង​អំឡុងពេល​មានការ​បោះឆ្នោត​។​ ក៏​ប៉ុន្តែ​ទាំង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​អាជ្ញាធរ​ខេត្ត​សៀមរាប​តែង​ធ្វើការ​បដិសេធ ដោយ​ចាត់ទុកថា​នៅ​តំបន់​រមនីយដ្ឋាន​អង្គរ ​មិនដែល​មានការ​អនុញ្ញាត​ណាមួយ​ឲ្យ​មានការ​សាងសង់​សំណង់​​អា​ណា​ធិបតេយ្យ​ដូច្នោះ​ទេ ​ព្រោះ​វា​ប៉ះពាល់​ដល់​រូបភាព​និង​តម្លៃ​បេតិកភណ្ឌ​អង្គរវត្ត​ដែលជា​សម្បត្តិ​របស់​មនុស្ស​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI