កម្ពុជា

បាក់​ឌុប​ថ្ងៃ​ទី​២​ចប់៖ បេក្ខ​ជន​ប្រព្រឹត្ត​កំហុស​ឆ្គង​ចំនួន​១៣​ ករណី​ប៉ុណ្ណោះថយចុះបើ​ធៀប​ទៅនឹង​ឆ្នាំ​កន្លង​ទៅ

ថ្ងៃ​ទី ២​នៃ​ការ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ
ថ្ងៃ​ទី ២​នៃ​ការ​ប្រលង​សញ្ញាប័ត្រ​ទុតិយភូមិ @facebook

ស្ថាន​ភាព​នៃ​ការ​ប្រលង​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​​ប្រ​ព្រឹត្ត​ទៅបាន​យ៉ាង​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ ដោយ​ហេតុ​ថា មាន​ការ​យោគ​យល់​ សហការ​ល្អពី​សំណាក់​អ្នក​ពាក់​ព័ន្ធ​ ហើយបេក្ខជន​បាន​ព្យាយាម​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ ទោះ​បី​មាន​បញ្ហា​អាកាសធាតុ​តាម​តំបន់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ប្រលង​បាន​ប្រព្រឹត្ត​យ៉ាង​ទៅ​ជោគជ័យ​។

ផ្សាយពាណិជ្ជកម្ម

អត្ថ​បទ​ដោយ​៖ តាន់​ គឹម​ច័ន្ទ​វាសនា​ និង​ហេង​ ពុធីរៈ

លោក​រស់ ​សា​លីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ថ្ងៃ​ទី​២​នៃ​ការ​ប្រឡង​បាក់ឌុប​ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧​ ត្រូវ​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ ក្នុង​នោះ​ក៏នៅ​តែ​មាន​បេក្ខជន​មួយ​ចំនួន​ប្រព្រឹត្ត​កំហុស​ឆ្គង​ ហើយ​ត្រូវ​បាន​រៀប​ចំ​កំណត់​ហេតុ​ពិសេស​ចំនួន​ ១៣ករណី​ ក្នុង​នោះ​ករណី​ដក​ហូត​ ទូរសព្ទ​ដៃ ០៦​ករណី ​និង​ប៉ុន្មាន​ករណី​ទៀត​ គឺ​ប្ដូរ​លេខ​តុ​អង្គុយ​ លួច​ចម្លងសំណៅ​ឯកសារ​ ជាដើម។​ ក៏​មានផងដែរ​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ៧០ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការ​សង្គ្រោះ​បឋម និង​មាន ០៩ករណី ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន។

ក្រសួង​បាន​ប្រកាស​ថ្ងៃទី២​នៃការ​ប្រលង​បាក់​ឌុប​ថា ​មាន​ករណី​បង្ហោះ​វិញ្ញាសារ​ និង​អត្រា​កំណែ ​នៃ​ការ​ប្រឡង​សញ្ញាប័ត​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម័យ​ប្រលង​ថ្ងៃទី​ ២១​ សីហា​។ ​ក្រសួង​ បានអោយ​ដឹង​ថា ​មាន​គណនី​ឯកជន​មួយ​ដែល​បាន​ធ្វើ​ការ​បង្ហោះ​នៅ​កាល​ពី​យប់ថ្ងៃទី ២១ សីហា ​នូវ​អត្រាកំណែ​លើ​មុខវិជ្ជា ​ជីវវិទ្យា ​និង​គីមីវិទ្យា ​ដើម្បី​បំភ័ន្ត​មតិ​សាធារណ​ជន ​និង​បេក្ខជន​ប្រឡង​។ ក្រសួង​ក៏​បានធ្វើ​ការ​ប្រមាន​ ចាត់​វិធាន​ការ​តាម​ច្បាប់​ ក្នុង​ករណី​នៅ​តែ​បន្ត​បង្ហោះ​ចែក​ចាយ​ក្នុង​អំឡុង​ពេល​ប្រលង​។

អ្នក​នាំ​ពាក្យ​ដដែល​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃទី២៣​ សីហា​ នឹង​មាន​ការ​វាយ​តម្លៃ​រួម​ពី​អត្រា​ចំនួន​សិស្ស​ជាប់ ​ ហើយ​នៅ​ថ្ងៃ ​១២​ កញ្ញា​ នឹង​មាន​ការ​ប្រកាស​លទ្ធផល​ប្រលង​នៅ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ និង​ថ្ងៃទី​ ១៣ ​កញ្ញា ​នឹង​មាន​ការ​ប្រកាស​លទ្ធផល​ប្រលង​ទូទាំង​ប្រទេស​។

សូមបញ្ជាក់ថា​ ក្នុងរយៈ​ពេល​ពីរ​ថ្ងៃនៃ​ដំណើរ​ការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា ឆ្នាំ២០១៧ មាន​​បេក្ខជន​​​បាន​ចុះឈ្មោះ​​ប្រឡង​​ សរុប​ចំនួន​ជាង​​១០១,៤១០ នាក់ ស្រី ៥០,០៤៩ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៧៨​ ​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ​មាន ១០៨ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​ មាន ៧០​ មណ្ឌល​ ត្រូវ​ជា​ ៤០៩៣​បន្ទប់​ ទូទាំង​ប្រទេស។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI