កម្ពុជា-សង្គម
បាក់ឌុប២០១៨៖ រដ្ឋមន្ដ្រីបង្ហើបថា និទ្ទេស A ប្រហែលកើនឡើងលើសឆ្នាំមុន
ចុះផ្សាយនៅថ្ងៃ៖
លទ្ធផលផ្លូវការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងត្រូវប្រកាសលឿនជាងការគ្រោងទុកដោយសារតែការស្រង់និងបូកពិន្ទុប្រឡងដំណើរការបានរលូន។ សម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្ដាល ការប្រកាសលទ្ធផលនឹងធ្វើឡើង នៅថ្ងៃទី០៩ខែកញ្ញា។ ចំណែកមណ្ឌលបណ្ដាខេត្តផ្សេងទៀត លទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី១០កញ្ញា។ នេះគឺជាការគូសបញ្ជាក់របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ។ លោករដ្ឋមន្ដ្រីបានបង្ហើបឲ្យដឹងទៀតថា នៅក្នុងឆ្នាំនេះ សិស្សដែលទទួលបាននិន្ទេស A ពីការប្រឡងបាក់ឌុប អាចនឹងមានចំនួនកើនឡើងជាងឆ្នាំមុន។