កម្ពុជា-នយោបាយ

​មុន​សវនាការ​មក​ដល់៖ មេធាវី​លោក កឹម សុខា អះ​អាង​ថា ​ជម្លោះ​អ្នក​នយោបាយ​គួរ​ដោះ​ស្រាយ​គ្នា​តាម​ការ​ចរចា​

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ
លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាង​មុខ​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នឹង​បើក​សវនា​ការ​ពេញ​អង្គ​សេចក្តី ដើម្បី​កាត់​ទោស​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា។ ប៉ុន្តែ មុន​សវនាការ​នេះ​មក​ដល់ មេធាវី​របស់​លោក​កឹម សុខា បាន​រំលឹក​ឡើង​វិញ​ថា បញ្ហា​ជម្លោះ​រវាង​អ្នក​នយោ​បាយ និង អ្នក​នយោ​បាយ គឺ​គួរ​តែ​ដោះ​ស្រាយ​គ្នា​តាម​ការ​ចរចា​។ 

ផ្សាយពាណិជ្ជកម្ម

លោកចាន់ ចេន សហមេធា​វីម្នាក់របស់លោ​កកឹម សុខា នៅតែចា​ត់ទុកថា សំណុំរឿងលោកកឹ​ម សុខា ប្រ​ធា​នអតីត​គណបក្សសង្រ្គោះ​ជាតិ គឺជារឿ​ងនយោបា​យ។ ដូច្នេះហើយ លោក​យល់ថា បញ្ហាជម្លោះន​យោបាយនេះ គឺគួរតែ​ដោះស្រាយគ្នា​តាមផ្លូវនយោបាយទើប​ជាការប្រសើរដល់ប្រ​ទេសជាតិ។ បើតាមលោ​កមេធាវីចាន់​ ចេន បញ្ហាជ​ម្លោះរវាងអ្នកនយោបា​យ មិនមែន​ជារឿងដែល​មិនអាចដោះស្រា​យបាននោះទេ ព្រោះថាកន្លងមក អ្នកនយោ​បាយខ្មែរក៏ធ្លាប់បាន​ដោះស្រាយគ្នាតាម​ការចរចា ដើម្បីប​ញ្ចប់ជម្លោះ និង​ នាំមកនូវសន្តិភាពជូនដ​ល់ប្រទេសកម្ពុជា​រួចមកហើយ​។

ការលើក​ឡើងរប​ស់មេធាវីលោកកឹ​ម សុខា នាពេលនេះ ធ្វើឡើងខ​ណៈដែលលោ​កកឹម សុខា និង ក្រុមមេធាវីកំ​ពុងរង់ចាំសវនាការ​កាត់ក្តីលើលោកកឹ​ម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ លោក​កឹម សុខា ត្រូ​វបានតុលាការកម្ពុជា​ចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរ​ទេសចង់ផ្តួលរំ​លំរដ្ឋាភិបាល​កម្ពុជាស្របច្បាប់។ កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញបានប្រកា​ស​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់លោក​ ហើយការប្រកាស​បិទ​ការស៊ើបអង្កេត​នេះ ធ្វើឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​ទេ​ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​ពង្រីក​សេរីភាព​ឱ្យ​ដើរហើរ​បាន​តាមចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា។

សម្រា​ប់សវនាការ​នៅខែក្រោយ​នេះ លោកមេធាវីចាន់ ​ចេន បានគូស​បញ្ជាក់ថា ក្រុមមេធា​វីបានត្រៀមខ្លួ​នរួចរាល់អស់ហើយ ដើម្បីត​ស៊ូលើសម​រភូមិច្បាប់។ លោកបញ្ជាក់​ដែរថា លោកកឹម សុខា នឹងចូលរួ​មសវនាការដោយផ្ទាល់ បើសិនខា​ងតុលាការតម្រូវ ព្រោះលោកកឹម សុខា ជាមនុស្សដែ​លគោរពទៅ​តាមនីតិវិធីច្បាប់​។

យ៉ាងណាក៏​ដោយ មេធាវី​រូបនេះ ហាក់មា​នការអល់អែ​កបន្តិចក្នុង​ការឆ្លើយ​នឹងសំណួរថា តើសង្ឃឹមថា តុលាការកម្ពុ​ជានឹងផ្តល់យុត្តិ​ធម៌ដល់លោ​កកឹម សុខា ដែរឫយ៉ាងណា? បើទោះ​ជាបែប​នេះក្តី លោកហាក់មានគំនិតវិជ្ជ​មានខ្លះៗដែរ​ចំពោះបញ្ហា​នេះ តែបានគូស​បញ្ជាក់ថា នឹងក្រុមមេ​ធាវីនឹងខិតខំ​ប្រឹងប្រែងឱ្យពី​អស់លទ្ធភាពក្នុងកា​រទាមទារយុ​ត្តិធម៌ដល់លោក​កឹម សុខា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI