អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ផ្លាស់​ប្តូរ​​ឥរិយាបថ​​របស់​​មន្ត្រី​​ជា​​កត្តា​​ជោគជ័យ​​នៃ​​កំណែ​ទម្រង់​​រដ្ឋាភិបាល​

សំឡេង ០៥:១០
លោក​ហ៊ុន សែន ​បាន​​ដាក់​​​ចេញ​​​នូវ​​​គោល​​នយោបាយ​​​កំណែទម្រង់​​​ជា​​ច្រើន​ ​​ដើម្បី​​​ស្តា​​រ​ប្រជាប្រិយភាព​​​រដ្ឋាភិបាល​​​ឡើង​​វិញ​ក្នុង​អាណត្តិ​ទី​៥​នេះ ​។ ការ​​ផ្លាស់​​ប្តូរ​​​ឥរិយាបថ​​របស់​​មន្ត្រី ​​ជា​​កត្តា​​ជោគជ័យ​​នៃ​​កំណែ​ទម្រង់​​រដ្ឋាភិបាល​នោះ។
លោក​ហ៊ុន សែន ​បាន​​ដាក់​​​ចេញ​​​នូវ​​​គោល​​នយោបាយ​​​កំណែទម្រង់​​​ជា​​ច្រើន​ ​​ដើម្បី​​​ស្តា​​រ​ប្រជាប្រិយភាព​​​រដ្ឋាភិបាល​​​ឡើង​​វិញ​ក្នុង​អាណត្តិ​ទី​៥​នេះ ​។ ការ​​ផ្លាស់​​ប្តូរ​​​ឥរិយាបថ​​របស់​​មន្ត្រី ​​ជា​​កត្តា​​ជោគជ័យ​​នៃ​​កំណែ​ទម្រង់​​រដ្ឋាភិបាល​នោះ។ @rfi
ដោយ៖ ប៉ែន បូណា
២៨ នាទី

រដ្ឋាភិបាល​​អាណត្តិ​​ទី៥​របស់​ខ្លួន​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ដាក់​​ចេញ​​នូវ​​គោល​នយោបាយ​​កំណែទម្រង់​​ជា​ច្រើន​​ដើម្បី​​ស្តា​រ​ប្រជាប្រិយភាព​​រដ្ឋាភិបាល​​ឡើង​វិញ។​ កំណែ​ទម្រ​ង់​​ទាំង​នោះ​​សំដៅ​​កែលម្អ​​ចំណុច​​ខុសឆ្គង​​នានា​​ដែល​​កើត​មាន​​កន្លង​ទៅ​។ ​ប៉ុន្តែ ​ទន្ទឹម​នឹង​នោះ ​ការ​ផ្លាស់ប្តូរ​​ឥរិយាបថ​​របស់​​មន្ត្រី​រ​ដ្ឋា​ភិ​បាល ​និង​​មន្ត្រី​​អាជ្ញាធរ​​ក៏​ត្រូវ​​គេ​​មើល​ឃើញ​ថា ​មាន​​សារៈ​សំខាន់​​ចាំបាច់​​មិ​ន​អាច​​មើល​រំលង​​បាន​ដែរ​​ពីព្រោះ​​វា​​ជា​​កត្តា​​កំណត់​​ពី​​ជោគជ័យ​​ឬ​​បរាជ័យ​​នៃ​​កំណែ​ទម្រង់​​រដ្ឋាភិបាល​។​

ផ្សាយពាណិជ្ជកម្ម

ការគិតគូរ​ពី​កំណែទម្រង់​ស៊ីជម្រៅ​ខាង​គោលនយោបាយ​គឺជា​បញ្ហា​ចាំបាច់​ដើម្បី​ស្តា​រ​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​ពីព្រោះ​ប្រសិនបើ​គ្មាន​គោលនយោបាយ​ល្អ​ដែល​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទេ ការដឹកនាំ​ប្រទេស​ក៏​មិន​ទទួលជោគជ័យ​ដែរ។ នេះ​គឺជា​កត្តា​សត្យានុម័ត​ដែល​គ្មាន​រដ្ឋាភិបាល​ណា​មើលរំលង​បានឡើយ​ជាពិសេស​ក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ។

ប៉ុន្តែ មុននឹង​ឈានទៅ​សម្រេច​គោលនយោបាយ អាកប្បកិរិយា​របស់​ម​ន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​អាជ្ញាធរ​ក៏​ជា​ចំណែក​សំខាន់​មួយ​ដែរ​ដែល​គួរ​ពិចារណា។ មាន​បញ្ហា​ច្រើនណាស់​ដែល​កើតចេញពី​អាកប្បកិរិយា​របស់​មន្ត្រី​មានបុណ្យ​ស័ក្តិ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកចិត្ត​ដោយ​មិនទាន់​គិតដល់​សមត្ថភាព​ការងារ​ផង។ ភាពឆ្គាំឆ្គង​សំខាន់​មួយ​របស់​មន្ត្រី​ទាំងនោះ​គឺ​ការ​សម្ញែង​ទ្រព្យសម្បត្តិ​ដ៏​ស្តុកស្តម្ភ​របស់ខ្លួន។

ជាទូទៅ  មន្ត្រីធំៗថ្នាក់លើ និង​អ្នកធ្វើការ​ចំ​កន្លែង​ខ្លាញ់ ពួកគេ​បានបង្ហាញ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​យ៉ាង​លឿន​រហ័ស និង​យ៉ាង​សម្ញែង​ដោយ​គ្មាន​លាក់លៀម។ ផ្ទះ​វីឡា ដី​ជាច្រើន​កន្លែង រថយន្ត​ទំនើប​ជាច្រើន​គ្រឿង និង​ប្រាក់​ចាយវាយ​យ៉ាង​ពោរ​ពាស... ។ ប៉ុន្តែ អ្នក​ទាំងនោះ​ហាក់ដូចជា​ភ្លេច​គិតថា តើ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ដែល​ពួកគេ​មាន​នេះ​បាន​មកពីណា? នេះ​ជា​សំណួរ​ដែល​អ្នកផង​ទាំងពួង​នាំគ្នា​ចោទសួរ​និង​ខ្សឹ​ម​ខ្សៀវ​គ្រប់គ្នា។ ចម្លើយ​ដ៏​សាមញ្ញ​បំផុត​នោះ​គឺ មកពី​គេ​ធ្វើការ​ចំ​កន្លែង​ខ្លាញ់។

នៅពេលដែល​មន្ត្រី​ទាំងនោះ​ចុះ​មូលដ្ឋានម្តងៗ ពួកគេ​បានបង្ហាញ​ពី​ភាពខុសគ្នា​ស្រឡះ​ធៀប​នឹង​ជីវភាព​ប្រជាពលរដ្ឋ​និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេសជាតិ។ ភាពខុសគ្នា​បាន​ស្តែងឡើង​តាមរយៈ​រថយន្ត​ដែលមាន​តម្លៃ​ខ្ពស់កប់ពពក និង​សម្ភារៈប្រើប្រាស់ទំនើបៗជាច្រើន​ទៀត។ ទោះបីជា​ក្រុម​អ្នកភូមិ​ចោមរោម​មើល​ដោយ​ក្តី​ស្ងប់​ស្ញែង ក៏ប៉ុន្តែ ភាព​ស្ញប់ស្ញែង​ទាំងនោះ​បង្កប់​ដោយ​ការឈឺចាប់​និង​អស់សង្ឃឹម។ ពួកគេ​តែង​ដណ្តឹងសួរ​គ្នា​ថា «តើ​ជាតិ​ណា​ទើប​ពួកយើង​អាចមាន​ទ្រព្យសម្បត្តិ​ដូច​គេ?» សំណួរ​នេះ​ក៏​បង្កប់ន័យ​ខកចិត្ត​យ៉ាងខ្លាំង​ណាស់ដែរ។

ក្រៅពី​ទ្រព្យសម្បត្តិ មន្ត្រី​ភាគច្រើន​ប្រកាន់ឫក​ពារ​ក្រអឺតក្រទម​ក្នុងនាម​ជា​អ្នកមាន​និង​អ្នកទីក្រុង ដែល​ខុសស្រឡះ​ពី​អ្នកក្រ​និង​អ្នកស្រែ​ចម្ការ។ កង​អង្គរក្ស​ព្រោងព្រាត អ្នកបើក​ទ្វារ​ឡាន និង​អ្នក​ហែហម​តាម​គោរព​រណែបរណប សូម្បីតែ​ពួកគេ​ចុះទៅ​វាលស្រែ​សោះ​ក៏ដោយ។ ពួកគេ​ចង់​បង្ហាញថា ធ្វើ​ធំ​គឺ​ដូច្នេះ​ឯង។ មើលទៅ បញ្ហា​មុខមាត់​ហាក់ដូចជា​រឿង​សំខាន់​ណាស់​គឺ​សំខាន់​រហូតដល់​ភ្លេច​គិតពី​ភាពសមរម្យ​និង​ការ​សម្រប​ខ្លួន​ទៅនឹង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​ស្ថានភាព​ប្រទេសជាតិ។ មាន​មន្ត្រី​ច្រើនណាស់​ដែល​ត្រូវ​ប្រជាពលរដ្ឋ​និយាយដើម​ពីក្រោយ​ខ្នង​ក្រោយពី​ចុះទៅ​មូលដ្ឋាន ឬ​សូម្បីតែ​ទៅ​ចែក​អំណោយ។

ការប្រើ​អំណាច​ដើម្បី​ឲ្យ​គេ​ខ្លាច​ក៏​ជា​បញ្ហា​ពេញនិយម​មួយទៀត។ ជាទូទៅ​អ្នកមាន​បុណ្យស័ក្តិ​ច្រើនតែ​ប្រាថ្នា​ចង់​ឲ្យ​អ្នកផង​ទាំងពួង​គោរព កោតខ្លាច ហើយ​តាំងខ្លួន​ជា​អ្នកឈ្នះ​ជានិច្ច មិន​ថា ខុស​ឬ​ត្រូវ​ឡើយ។ និយាយ​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​វិញ ការ​កេះកៀវ​រកលុយ​កាក់​គឺជា​ជំងឺ​ដែល​ពិបាក​ព្យាបាល។ ទោះបីជា​នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ពួកគេ​បម្រើ​រាស្ត្រ ប៉ុន្តែ រហូតមកទល់​ម៉ោង​នេះ តើ​មាន​មន្ត្រី​ប៉ុន្មាន​នាក់​ដែល​ធ្វើឯកសារ សំណុំបែបបទផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ហើយ​យកទៅ​ជូន​ដល់ផ្ទះ​ដូចដែល​លោកនាយក​រដ្ឋមន្ត្រី​ចង់បាន​នោះ?

ទម្លាប់​មួយទៀត​ដែល​មន្ត្រី​ចូលចិត្ត​ធ្វើ​នោះ​គឺ​ការចូល​ចិត្ត​ឲ្យ​គេ​ផ្គាប់ផ្គន់។ ពេល​មេ​ចុះទៅ​ដល់​ណា កូនចៅ​តាម​ខ្សែបណ្តោយ​ត្រូវ​តាម​ផ្គាប់ផ្គន់ យកចិត្ត​ថ្លើម ទោះ​មេ​ចង់បាន​អ្វី​ក៏បាន​ដូច​ចិត្ត​ពីព្រោះ​គឺ​ដោយសារ​មេនេះ​ហើយ​បានជា​ពួកគេ​មាន​កាស​ធ្វើការ​នៅ​កន្លែង​ខ្លាញ់។ ដូច្នេះ មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ​ផ្គាប់ចិត្ត​មេជាង​ផ្គាប់ចិត្ត​ម្ចាស់ឆ្នោត។ ការប្រតិបត្តិ​បែបនេះ​ហាក់​បានកើត​ឡើងតៗគ្នា​តាំងពី​ថ្នាក់លើ​រហូត​ថ្នាក់ក្រោម។ នេះ​គ្រាន់តែ​ជា​ចំណុចខ្លះៗដែល​ស្តីពី​អាកប្បកិរិយា​អវិជ្ជមាន​របស់​មន្ត្រី​មួយចំនួន​តែប៉ុណ្ណោះ។ រូបភាព​អវិជ្ជមាន​ទាំងនេះ​ស្ថិតក្រោម​ក្រសែភ្នែក​តាមដាន​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា។ ទីបំផុត វា​ក៏​ផ្តល់​ផល​អវិជ្ជមាន​ដល់​រដ្ឋាភិបាល​វិញ។

ដូច្នេះ អំណឹះតទៅ ជា​ពេលវេលា​សំខាន់​ណាស់​ដែល​មន្ត្រី​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​អវិជ្ជមាន​របស់ខ្លួន​ជា​ចាំបាច់​មុននឹង​និយាយ​ដល់​កំណែទម្រង់​គោលនយោបាយផ្សេង។ ប្រសិនបើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ច្បាស់​ជា​មិនអាច​ស្តារ​ប្រជាប្រិយភាព​របស់ខ្លួន​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ