កម្ពុជា

សាលា​រាជធានី​ភ្នំពេញ បិទ​បញ្ចប់​សំណង​ដល់​អ្នក​ភូមិ​បឹង​កក់​ជា​ស្ថាពរ​ហើយ​ ចាប់​ពី​ពេល​នេះ​ត​ទៅ!

រូបភាព​ចាស់៖ ក្រុម​​ស្ត្រី​​អ្នក​​ភូមិ​បឹងកក់ តវ៉ា ទាមទារ​ដំណោះ​ស្រាយ​​សិទ្ធមនុស្ស នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ ​នា​ពេល​កន្លង​មក។
រូបភាព​ចាស់៖ ក្រុម​​ស្ត្រី​​អ្នក​​ភូមិ​បឹងកក់ តវ៉ា ទាមទារ​ដំណោះ​ស្រាយ​​សិទ្ធមនុស្ស នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ ​នា​ពេល​កន្លង​មក។ RFI/Siv Channa

សាលា​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​ការ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​ជា​សា្ថពរ​ហើយ​ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។ ជា​បញ្ហា​ជម្លោះ​ដី​ធ្លី ដែល​កើត​មាន​ឡើង​ជិត ១០​ឆ្នាំ​មក​ហើយ។ ជា​លទ្ធផល​មាន​ពលរដ្ឋ​ប្រមាណ ៤​ពាន់​គ្រួសារ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ ព្រម​ទទួល​យក​ការ​ផ្តល់​ជូន​សំណង​ពី​សាលា​រាជធានី​ភ្នំពេញ ខណៈ​មាន​តែ​ពលរដ្ឋ​ ៧​គ្រួសារ​ប៉ុណ្ណោះ​បាន​បដិសេធ។ ​ក៏​ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា គ្មាន​ឡើយ​ជំនួប​ពិភាក្សា​ជុំវិញ​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹងកក់​នេះ​ត​ទៅ​ទៀត។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ឡើយ​ជំនួប​ពិភាក្សា​ជុំវិញ​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​នេះ​ត​ទៅ​ទៀត។ នេះ​បើ​តាម លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។ លោក​ថា ជា​ការ​ពិត​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់​នេះ បាន​អូស​បន្លាយ​រាប់​ឆ្នាំ​មក​ហើយ, ហើយ​គ្រាន់​តែ​ជំនួប​ពិភាក្សា​នា​ពេល​កន្លង​មក​នោះ គឺ​មិន​តិច​ជាង ២០​ដង​នោះ​ទេ។ ចំពោះ​ពលរដ្ឋ ៧​គ្រួសារ​ដែល​មិន​ទទួល​យក​សំណង​នោះ សាលា​រាជធានី​ក៏​គ្មាន​មធ្យោបាយ​ដែរ។ ប៉ុន្តែ​យ៉ាង​ណា រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ដី​ទុក​បម្រុង​ជូន​គាត់ គ្រប់​គ្នា​ហើយ ហើយ​រង់​ចាំ​ពួក​គាត់​ទៅ​ទទួល​យក​ដី​បម្រុង​ទុក​នោះ គ្រប់​ពេល​ជានិច្ច។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក ឃួង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ទំនាស់​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់ នៅ​សល់​តែ​ប្រជាពលរដ្ឋ​ចំនួន ៧​គ្រួសារ​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ដោះ​ស្រាយ​បញ្ចប់ ក្នុង​ឆ្នាំ ២០១៧​នេះ ចំណែក ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត ដែល​តែង​តែ​ដើរ​ស្រែក​ទាមទារ​តាម​ទី​សាធារណៈ​នោះ គឺ​មាន​មួយ​ចំនួន​ធំ​ទទួល បាន​ការ​ដោះ​ស្រាយ ទទួល​បាន​បណ្ណ​កម្មសិទ្ធិ​ដី​ធ្លី និង​ដី​សំណង រួច​រាល់​អស់​ហើយ។ ប៉ុន្តែ​យ៉ាង​ណា​លោក បញ្ជាក់​ថា និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​ការ​តវ៉ា​ដាក់​ញត្តិ​របស់​ពួក​គាត់​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ឬ ប៉ះ​ពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ។

ទន្ទឹម​នឹង​នេះ​ កញ្ញា បូ សោភា តំណាង​អ្នក​ភូមិ​បឹង​កក់​វិញ បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​បិទ​បញ្ចប់​បញ្ហា​ដីធ្លី​នេះ ជា​រឿង​អយុត្តិធម៌​ណាស់ ហើយ​វា​ជា​ការ​បិទ​បញ្ចប់​របស់​សាលា​ក្រុង​តែ​ម្ខាង​ប៉ុណ្ណោះ ។ អ្នក​ទាំង​៧ គ្រួសារ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​តវ៉ា​ត​ទៅ​ទៀត ពីព្រោះ​ដី​ដែល​សាលា​ក្រុង​ផ្តល់​ឱ្យ​ពួក​គាត់​គឺ​ត្រឹម​តែ​ពាក់​កណ្តាល​នៃ​ដី​របស់​ពួក​គាត់​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ។ ដូច្នេះ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ លោក ម៉េត មាសភក្តី​បញ្ជាក់​ថា សាលា​ក្រុង​បាន​បិទ​បញ្ចប់​សំណង​ត្រឹម​តែ​ប៉ុណ្ណេះ​ហើយ។ កិច្ចការ​បន្ទាប់​ទៀត សាលា​ក្រុង​នឹង​ផ្តល់​ជូន​ទៅ​កាន់​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​បាន​សិទ្ធ​ក្នុង​ការ​អភិវឌ្ឍន៍ ដើម្បី​ធ្វើ​ការងារ​បន្ត។​

គួរ​ជម្រាប​ថា​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ​ដែល​អ្នក​ភូមិ​បឹង​កក់​តែង​តែ​ធ្វើ​ការ​តវ៉ា​ជុំវិញ បញ្ហា​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ ចំពោះ​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់។ ពោល​គឺ​ក្រោយ​ពេល​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា បាន​ចាប់​ផ្ដើម​អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​មក​ម្លេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI