កម្ពុជា

ស្រ្តី​បឹង​កក់​ទទួច​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​យក​ដី​ធ្លី

ក្រុម​ស្ត្រីអ្នក​ភូមិបឹងកក់ តវ៉ានៅមុខសាលាក្រុងភ្នំពេញ ទាមទារដំណោះស្រាយ​សិទ្ធមនុស្ស នាពេលកន្លងមក។
ក្រុម​ស្ត្រីអ្នក​ភូមិបឹងកក់ តវ៉ានៅមុខសាលាក្រុងភ្នំពេញ ទាមទារដំណោះស្រាយ​សិទ្ធមនុស្ស នាពេលកន្លងមក។ RFI/Siv Channa

ស្រ្តី​បឹង​កក់​១៣​នាក់ បាន​ទាមទារ​ឲ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គេ ​នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។ ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​តុលាការ​កំពូល បាន​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២​មិនា​នេះ លើ​បណ្តឹង​ជំទាស់​របស់​ក្រុម​ស្រ្តី​បឹង​កក់។ យ៉ាង​ណា​ក៏​ដោយ​ តុលាការ​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​១៦ មិនា ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ភូមិ​បឹង​កក់ បាន​ទាមទារ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​របស់​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​ស្រ្តី​បឹង​កក់​១៣​នាក់ ពី​បទ​ចូល​កាន់​កាប់​អចលន​វត្ថុ​នីតិ​បុគ្គល​សាធារណៈ​ និង​ការ​ប្រឆាំង​នឹង​រាជការ​សាធារណៈ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។ ការ​ទាមទារ​របស់​ពួក​គេ បាន​ធ្វើ​ឡើង ខណៈ​ដែល​ស្រ្តី​បឹង​កក់​១៣​នាក់ ត្រូវ​បាន​តុលាការ​កំពូល​កោះ​ហៅ​ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ នៅ​ព្រឹក​ថ្ងៃ​ទី​២ មិនា ឆ្នាំ​២០១៦​នេះ។

សូម​បញ្ជាក់​ថា ស្រ្តី​បឹង​កក់​១៥​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​២​ឆ្នាំ​កន្លះ ពី​បទ​ថា បាន​ចូល​កាន់​កាប់​ដោយ​ខុស​ច្បាប់​នូវ​អចលនវត្ថុ​របស់​និតិ​បុគ្គល​សាធារណៈ និង​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​មាន​យុទ្ធនាការ​ជា​បន្ត​បន្ទាប់​មក ស្រ្តី​បឹង​កក់​ទាំង​១៣​នាក់ ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ និង​បាន​កាត់​តម្រឹម​ទោស​ពួក​គេ​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹម​តែ​១​ខែ​៣​ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ព្យួរ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សំណុំ​រឿង​មិន​ចប់​នៅ​ត្រឹម​នេះ​ទេ។

បន្ទាប់​ពី​ចូលរួម​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ ស្រ្តី​បឹង​កក់​ចំនួន​១០​រូប​ដែល​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​នេះ បាន​បន្ត​យុទ្ធនាការ​របស់​ពួក​គេ​ដោយ​ជិះ​កង់​ ដោយ​មាន​ពាក់​អាវ​ព៌ណ​ខ្មៅ និង​សរសេរ​អក្សរ​ព័ណ​ស​ជា​ភាសា​អង់គ្លេស​ថា “HUNGRY FOR JUSTIC” ដែល​មាន​ន័យ​ថា “ស្រេក​ឃ្លាន​យុត្តិធម៌” ។

សូម​បញ្ជាក់​ថា លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI