កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ស្រ្តី​បឹង​កក់​៤​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​៦​ខែ

ស្ត្រី​អ្នកភូមិ​បឹងកក់​ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​កាលពីឆ្នាំកន្លងទៅ។
ស្ត្រី​អ្នកភូមិ​បឹងកក់​ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​នៅ​សាលា​ឧទ្ធរណ៍​កាលពីឆ្នាំកន្លងទៅ។ RFI/ Siv Chana

ក្រោយ​ពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​ស្រ្តី​សកម្មជន​ដីធ្លី​បឹង​កក់​ចំនួន​ ៤​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ៗ​ រយៈ​ពេល​៦​ខែ ពី​បទ​ «ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ មាន​ស្ថាន​ទម្ងន់​ទោស» តាម​មាត្រា ៥០២ និង​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។

ផ្សាយពាណិជ្ជកម្ម

ស្រ្តី​សកម្មជន​ដីធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់​ទាំង​បួន​នាក់​នេះ រួម​មាន​អ្នក​ស្រី​ទេព វណ្នី អ្នកស្រី​ហេង មុំ បូ ឆវី និង​អ្នក​ស្រី​គង់ ចន្ថា។ អ្នក​ស្រី​បូ ឆវី បាន​បញ្ជាក់​ថា អ្នក​ស្រី​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​នេះ​ទាល់​តែ​សោះ ព្រោះ​តែ​អ្នក​ស្រី​បាន​ដឹង​ហើយ​ថា តុលាការ​មិន​មាន​ភាព​ឯករាជ្យ។ ជាមួយ​គ្នា​នេះ អ្នក​ស្រី​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​អ្នក​ស្រី និង​ស្រ្តី​តំបន់​បឹង​កក់​ផ្សេង​ទៀត ដោយសារ​តែ​អ្នក​ស្រី​មិន​បាន​ជេរ​ប្រមាថ​អ្នក​រាជការ​សាធារណៈ​អ្វី​នោះ​ទេ។ ចំណែក​មេធាវី​ការពារ​ក្តី​លោក​ហម សុនរិទ្ធវិញ ចង់​ឲ្យ​តុលាការ​ពិចារណា​ឡើង​វិញ​នូវ​សេចក្តី​សម្រេច​នេះ ព្រោះ​លោក​យល់​ថា តុលាការ​នៅ​ខ្វះ​ភស្តុតាង និង​សាក្សី​ក្នុង​ការ​ផ្តន្ទាទោស​លើ​កូន​ក្តី​របស់​លោក​ទាំង​នេះ។ យ៉ាងណា​ក៏​ដោយ ក្រុម​ស្រ្តី​តំបន់​បឹង​កក់ គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

សវនាការ​ជំនុំ​ជម្រះ​លើ​ស្រ្តី​តំបន់​បឹង​កក​នៅ​ព្រឹកមិញ​នេះ មាន​ការ​ចូលរួម​តែ​អ្នក​ស្រី​ទេព វណ្នី អ្នក​ស្រី​បូ ឆវី និង​អ្នក​ស្រី​គង់ ចន្ថា​ប៉ុណ្ណោះ ចំណែក​អ្នក​ស្រី​ហេង មុំ វិញ មិន​បាន​ចូលរួម​នោះ​ទេ។ ហើយ​សវនាការ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រោម​សម្រែក​តវ៉ា និង​ការ​លើក​បដា​ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ជា​ច្រើន​នាក់​នៅ​ពី​មុខ​តុលាការ​ក្រុង​ភ្នំពេញ។

លោក​អំ សំអាត មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ដែល​ចូលរួម​ស្តាប់​សវនាការ​នេះ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ។ សោក​ស្តាយ ក៏​ព្រោះ​លោក​មើល​ឃើញ​ថា តុលាការ​ហាក់​ដូចជា​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទៅ​លើ​ពួកគេ​ទាំង​នេះ។ ​លោក​អំ សំអាត បាន​ហៅថា​ការ​កាត់​ទោស​នេះ​ដែរ​ថា ជា​រូបភាព​គំរាម​កំហែង​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួកគេ​ហ៊ាន​ចេញ​មុខ​ប្រមូល​ផ្តុំ​តវ៉ា​តទៅ​ទៀត។

សូម​បញ្ជាក់​ថា សម្រាប់​អ្នក​ស្រី​ទេព វណ្នី នេះ គឺ​ជា​ការ​កាត់​ទោស​ថ្មី​មួយ​ទៀត​លើ​រូប​គាត់ ស្រប​ពេល​ដែល​ស្រ្តី​តំបន់​បឹង​កក់​រូប​នេះ​កំពុង​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​នៅ​ក្នុង​សំណុំ​រឿង​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។ សំណុំរឿង​នេះ នៅ​មិន​ទាន់​បាន​ជំនុំ​ជម្រះ​នៅ​ឡើយ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI