កម្ពុជា

សហគមន៍​រង​គ្រោះ​ដី​ធ្លី​ចំនួន​២០ ដាក់​ញត្តិ​ស្វែង​រក​ការ​អន្តរាគមន៍​បន្ទាន់ ពី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក

ប្រជាសហគមន៍​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី ​និង​ការ​បណ្តេញ​ចេញ​ពី​លំនៅស្ថាន​ដោយ​បង្ខំ​ បាន​យកញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មករា ឆ្នាំ​២០១៦។​
ប្រជាសហគមន៍​ដែល​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី ​និង​ការ​បណ្តេញ​ចេញ​ពី​លំនៅស្ថាន​ដោយ​បង្ខំ​ បាន​យកញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ មករា ឆ្នាំ​២០១៦។​

ប្រជាសហគមន៍​ដែល​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី និង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ស្ថាន​ដោយ​បង្ខំ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២​មករាឆ្នាំ​២០១៦​នេះ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក ចន ឃេរី (John Kerry) ។ រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក ចន ឃេរី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នា​ដើម​សប្តាហ៍​ក្រោយ​នេះ។ ប្រជា​សហគមន៍​ដែល​រង​គ្រោះ​ទាំង​នេះ​យល់​ថា នេះ​គឺ​ជា​ឱកាស​ល្អ ដែល​មិន​គួរ​ឲ្យ​រំលង​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

ប្រជា​សហគមន៍​ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី លំ​នៅ​ស្ថាន និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ មក​ពី​២០​សហគមន៍ រួម​មាន​សហគមន៍​បឹង​កក់ និង​បូរី​កីឡា​ផង នេះ​ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី​២២​មករា​នេះ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក ចន ឃេរី (John Kerry) ។ លោក ចន ឃេរី ដែល​គ្រោង​នឹង​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៦​មករា​ខាង​មុខ​នេះ។​

បើ​យោង​តាម​ខ្លឹមសារ នៅ​ក្នុង​ញត្តិ​ដែល​មាន​ស្នាម​មេដាយ​របស់​សហគមន៍​រង​គ្រោះ​ទាំង​២០​នេះ បាន​សរសេរ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា​ថា ពុំ​មាន​ឆន្ទៈ​ផ្តល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី និង​ការ​ពារ​ធនធាន​ធម្មជាតិ ​និង​បរិស្ថាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ថែម​ទាំង​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ជា​ឧបករណ៍ និង​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​មក​គំរាម​កំហែង ចាប់​ចង និង​វាយ​បង្រ្កាប​មក​លើ​ប្រជាពលរដ្ឋ​អ្នក​រងគ្រោះ​ដីធ្លី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ថែម​ទៀត។

ញត្តិ​របស់​ប្រជា​សហគមន៍​ទាំង​២០​នេះ ក៏​បាន​កត់​សំគាល់​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​មក​កម្ពុជា​នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​ប្រទេស​នេះ កំពុង​មាន​កំដៅ​នយោបាយ​ឡើង​ខ្ពស់ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កើត​ឡើង​ស្ទើ​គ្រប់​វិស័យ។ ពិសេស​ការ​ចាប់​ខ្លួន សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ រួម​ទាំង​ព្រះ​សង្ឃ​ផង សរុប​ចំនួន ២៤​នាក់ កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ញត្តិ​របស់​ប្រជាសហគមន៍ ត្រូវ​បាន​ទទួល​យក​ដោយ​មន្រ្តី​តំណាង​ស្ថាន​ទូត​អាមេរិក​ម្នាក់ និង​ដែល​បាន​សន្យា​ថា នឹង​ប្រគល់​ញត្តិ​នេះ ជូន​ដល់​ដៃ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​លោក ចន ឃេរី។

លោក ចន ឃេរី (John Kerry) នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់ ២៦ ខែមករា ខាងមុខ​នេះ ដើម្បី​ជំរុញ​និង​ពង្រឹង នូ​វទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នៅ​កម្ពុជា លោក ចន ឃេរី នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា។ ក្រៅ​ពី​នេះ លោក ចន ឃេរី ក៏​មាន​គម្រោង​ជួប​ជាមួយ​នឹង​មន្រ្តី​គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

លោក យ៉ែម បុញ្ញឬទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ថា លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ នឹង​លើក​យក​បញ្ហា​សំខាន់​ៗ ទាក់​ទង​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បញ្ហា​សិទ្ធិ​មនុស្ស ការ​បោះឆ្នោត និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក នៅ​ថ្ងៃ​ទី ២៦ មករា​ខាង​មុខ។ ក្រៅ​ពី​នេះ បញ្ហា​ការ​ជាប់​ឃុំ​របស់​សកម្មជន​គណបក្ស និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ក៏​នឹង​ត្រូវ​លើក​ឡើង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI