កម្ពុជា

អាជ្ញាធរ​ដោះលែង​សកម្មជន​ដីធ្លី​វិញ ក្រោយ​ឃុំ​ខ្លួន​ជាង​១​យប់​១​ថ្ងៃ

រូបភាពចាស់៖ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ ​និង​បុរីកីឡា​ចូល​រួម​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​១៧ ​សីហា ​ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ស្រី ​ទេព វណ្ណី ​និង​អ្នកនាង​ ប៊ូវ សោភា។​
រូបភាពចាស់៖ ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បឹងកក់ ​និង​បុរីកីឡា​ចូល​រួម​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​១៧ ​សីហា ​ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ស្រី ​ទេព វណ្ណី ​និង​អ្នកនាង​ ប៊ូវ សោភា។​ @Faceboook

នៅ​រសៀល​ម៉ោង​ជាង​ ៤ ម្សិលមិញ​នេះ សកម្មជន​ដីធ្លី​ចំនួន​ ៦នាក់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ។ រីឯ​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​តែមួយ​ក៏​ត្រូវ​បាន​ដោះលែង​រួច​ហើយ​ដែរ។ ពួកគេ​ទាំង​នេះ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ខណៈ​ ដែល​កំពុង​ជួប​ជុំ​គ្នា​បង្ហោះ​ប៉ោងៗ​លើក​ចិត្ត​ដល់​អ្នក​ជាប់​ឃុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃស។

ផ្សាយពាណិជ្ជកម្ម

សកម្មជន​ដីធ្លី​ ដែល​ត្រូវ​បាន​ដោះលែង​វិញ​កាល​ពី​ម្សិលមិញ​នេះ គឺ​៥​នាក់​ជា​សកម្មជន​ដីធ្លី​មក​ពី​តំបន់​ថ្ម​គោល និង​ម្នាក់​ទៀត​នៅ​ក្នុង​តំបន់​បឹងកក់ គឺ​លោក​យាយ ង៉ែត ឃុន ឫ​គេ​ស្គាល់ និង​ហៅ​ជា​ទូទៅ​ថា​លោក​យាយ​ម៉ាមី។ លោក​យាយ​ម៉ាមី​នេះ បើទោះបី​ជា​គាត់​ត្រូវ​បាន​ដោះលែង​វិញ​ហើយ​ក្តី ប៉ុន្តែ​គាត់​នៅ​មាន​សភាព​ឈឺ​ចុក​ចាប់​ចង្កេះ ​ព្រោះ​ត្រូវ​អាជ្ញាធរ​ចាប់​បោះ​ដាក់​ទៅ​លើ​ឡាន​នៅ​ពេល​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃស។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​កញ្ញា​សុង ស្រីលាភ ដែល​ជា​សកម្មជន​ដីធ្លី​បឹងកក់​ម្នាក់​ទៀត​ ដែល​ស្និត​នឹង​លោក​យាយ​ម៉ាមី។

សកម្មជន​ដីធ្លី​ទាំង​ ៦​នាក់​នេះ ត្រូវ​បាន​ដោះលែង​វិញ​ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដង្កោ។ បើ​តាម​កញ្ញា​សុង ស្រីលាភ កិច្ច​សន្យា​នោះ គឺ​អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគេ​ឈប់​ប្រមូល​ផ្តុំ​គ្នា ឈប់​តវ៉ា​ដែល​ខុស​ទៅ​នឹង​ច្បាប់ ហើយ​អាជ្ញាធរ​ក៏​បាន​តម្រូវ​ឲ្យ​ពួកគេ​ផ្តិត​ម្រាម​ដៃ​ទាំង ១០​លើ​កិច្ច​សន្យា​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ កញ្ញាសុង ស្រីលាភ បាន​បញ្ជាក់​ថា ពួកគេ​នឹង​នៅ​តែ​បន្ត​ការ​ប្រមូល​ផ្តុំ និង​តវ៉ា​ទៀត បើទោះបី​បាន​ចុះ​កិច្ច​សន្យា​ក៏​ដោយ។

សូម​បញ្ជាក់​ជូន​ថា អ្នក​ទាំង​ ៦​នាក់​នេះ និង​អ្នក​លក់​ប៉ោងៗ​ម្នាក់​ព្រម​ទាំង​កូន​ក្មេង ៣ទៀត សរុប​ទាំង​អស់​ចំនួន ​១០នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​ ក្នុង​ពេល​ដែលពួក​គេ​ជួប​ជុំ​គ្នា​បង្ហោះ​ប៉ោងៗ​នៅ​ទីនោះ។ គោល​បំណង​ធំ​នៃ​ការ​បង្ហោះ​ប៉ោងៗ​នេះ​ គឺ​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រីទេព​ វណ្ណី ដែល​សកម្មជន​ដីធ្លី​នៅ​ក្នុង​តំបន់​បឹង​កក់​ ​និង​ទាមទារឲ្យ​ដោះ​លែង​មន្ត្រី​សង្គម​ស៊ីវិល​ផ្សេងទៀត។ ​បើ​តាម​អ្នក​តវ៉ា​ ការ​បង្ហោះ​ប៉ោងៗទាំងនេះ​ គឺ​ជា​សារ​ប្រាប់​ដល់​អ្នក​ជាប់​ឃុំទាំង​អស់​នោះ​​ថា ពួក​គេ​មិន​ឯកា​​ឡើយ និង​កុំ​បាក់​ទឹ​កចិត្ត​។

អ្នក​ស្រី​ទេព វណ្ណី តំណាង​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​​ជាថ្មី​កាល​ពី​ថ្ងៃ​ទី ១៧​សីហា បន្ទាប់​ពី​អ្នក​ស្រី និង​អ្នក​ស្រី​បូវ សោភា ដែល​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ម្នាក់​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​រួម​គ្នា​កាល​ពី​ ១៥​សីហា ក្នុង​ពេល​ដែល​ពួកគេ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។ មែន​ទែន​ទៅ សំណុំរឿង​នេះ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ទី​ ២២សីហា ដោយ​អ្នក​ស្រី​បូវ សោភា ត្រូវ​បាន​ដោះលែង​ឡើង​វិញ។ ក៏​ប៉ុន្តែ​អ្នក​ស្រី​ទេព វណ្ណី ត្រូវ​ឃុំ​ខ្លួន​បន្ត​ទៀត ព្រោះ​អ្នក​ស្រី​បាន​រង​បទ​ចោទ​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ គឺ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោសតាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​នេះ​បាន​ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI