រដ្ឋមន្រ្តីការបរទេសកម្ពុជា និងវៀតណាម បើកកិច្ចប្រជុំពង្រីកបន្ថែមនូវវិសាលភាពទំនាក់ទំនងប្រទេសទាំងពីរ
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្រ្តីការបរទេសវៀតណាម លោកផាម ប៊ិញមិញ នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧រួមគ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រីកបន្ថែមនូវវិសាលភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧រវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង វៀតណាមនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅក្នុងវិស័យនានា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងការបរទេសកម្ពុជា។ បើតាមក្រសួងការបរទេសកម្ពុជាដដែល កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់បន្ថែមទៀតថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧នេះ ក៏នឹងជួយលើកកម្ពស់ថែមទៀតដែរនូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។
សូមបញ្ជាក់ថា លោកផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ហើយលោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីរសៀលម្សិលមិញនេះ មុនចូលរួមបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧នៅថ្ងៃនេះ។ ក្នុងជំនួបកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោកផាម ប៊ិញមិញ ក៏បានពិភាក្សាគ្នា ដើម្បីជំរុញបន្ថែមលើទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
ដោយឡែក នៅក្នុងខែកញ្ញា ខាងមុខនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជានឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមវិញម្តង។ ប៉ុន្តែមុននឹងទៅ លោកនាយករដ្ឋមន្រ្តីកម្ពុជាបានស្នើដល់រដ្ឋមន្រ្តីការបរទេសវៀតណាមរៀបចំឱ្យមានវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលលោកទៅទស្សនកិច្ចនៅទីនោះ ដើម្បីជាឱកាសកៀងគរអ្នកវិនិយោគវៀតណាមមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ