កម្ពុជា

សង្គម​ស៊ីវិល​ខ្លះ​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ខណៈ​មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ខ្មែរ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

សង្គម​ស៊ីវិល​ខ្លះ​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ខណៈ​មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ខ្មែរ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ
សង្គម​ស៊ីវិល​ខ្លះ​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ខណៈ​មេ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ខ្មែរ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

សកម្មជន​សិទ្ធិ​មនុស្ស​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី​៣ មេសា​នេះ ​បាន​បន្ត “យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ” ក្នុង​រូបភាព​ស្ងៀម​ស្ងាត់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មន្រ្តី គជប និង​សកម្មជន​ដីធ្លី​ជា​ដើម។ ទន្ទឹម​គ្នា​នេះ​ ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា កាល​ពី​ម្សិល​មិញ ក៏​បាន​ចេញ​មក​អំពាវនាវ​ឲ្យ​មាន​ការ​អត់​ឱន​ឲ្យ​គ្នា ក្នុង​ឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ត្រៀម​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​សប្តាហ៍​ក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃ​ទី ៣​មេសា​នេះ សកម្មជន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន ៤​រូប រួម​នឹង​មន្រ្តី គជប មួយ​រូប​ផង បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ៣៤០​ថ្ងៃ​ហើយ គិត​ចាប់​តាំង​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដោយ​តុលាការ​កម្ពុជា ពី​បទ​សូក​ប៉ាន់​សាក្សី និង​បទ​ផ្សំ​គំនិត កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦​មក។ ជា​សំណុំ​រឿង ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ចាត់​ទុក​ថា គឺ​ជា​រឿង​នយោបាយ ហើយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាម​ទារ​ឲ្យ​តុលាការ​កម្ពុជា ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ទឹម ម៉ាឡៃ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា “យុត្តិធម៌​នឹង​កើត​មាន នៅ​ពេល​ដែល​អ្នក​ទាមទារ”។ ចំណែក​សកម្មជន​សិទ្ធិ​មនុស្ស​ខ្លះ​ទៀត​បាន​សរសេរ​ដែរ​ថា “ថ្ងៃ​ចន្ទ​ពណ៍​ខ្មៅ ជា​យុទ្ធនាការ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​មិន​អាច​បំភ្លេច​បាន និង​ជា​ថ្ងៃ​ដែល​បង​ប្អូន​ខ្មែរ​ត្រូវ​បន្ត​ការ​ទាមទារ”។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ មេសា​នេះ “យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ” ត្រូវ​បាន​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មួយ​ចំនួន បាន​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រូបភាព​ស្ងៀម​ស្ងាត់ ដោយ​បង្ហាញ​ពី​រូបភាព​ពាក់​អាវ​ពណ៌​ខ្មៅ ដោយ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក (Facbook) ក្នុង​គោល​បំណង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​អាដហុក ៤​នាក់ រួម​មាន លោក នី សុខា, លោក ណៃ វ៉ង់ដា, លោក យី សុខសាន, លោកស្រី លឹម មុនី, មន្រ្តី គជប លោក នី ចរិយា ដែល​គិត​មក​ដល់​ពេល​នេះ ពួក​គេ​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ៣៤០​ថ្ងៃ​ហើយ។ ចំណែក​អ្នក​ស្រី ទេព វន្នី សកម្មជន​ដីធ្លី​ដ៏​លេច​ធ្លោ​នៅ​តំបន់​បឹងកក់ ក៏​បាន​ជាប់​ពន្ធនាគារ​ជា​លើក​ទី ៣ ក្នុង​បទ​ញុះញង់​នោះ ចំនួន ២៣១​ថ្ងៃ​ផង​ដែរ។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ពី​ម្សិលមិញ ក៏​បាន​អំពាវនាវ​នៅ​លើ​គណនេយ្យ​ហ្វេសបុក​ផ្ទាល់​ខ្លួន​របស់​លោក​ដោយ​មិន​ចំពោះ​នណា​ម្នាក់​ថា ក្នុង​រដូវ “បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ” ជិត​ចូល​មក​ដល់​នេះ ឱកាស​ដែល​អ្នក​ទទួល​បាន​នូវ​សេចក្តី​សុខ​សប្បាយ​ជួប​ជុំ​ក្រុម​គ្រួសារ ប្រពន្ធ កូន ចៅ គ្មាន​អ្នក​ណា​រំលោភ​បំពាន​នោះ “អ្នក​ដទៃ​ក៏​ប្រាថ្នា​ចង់​បាន​ដូច​គ្នា​នេះ​ដែរ”។ ដូច្នេះ ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ បាន​បន្ត​អំពាវនាវ​សុំ​ឲ្យ​ខ្មែរ​គ្រប់​រូប អត់​ឱន អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​អ្នក​ដឹកនាំ​ជា​អ្នក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI