ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​មិនគួរ​ខ្លាច​បដិវត្តពណ៌ទេ

សំឡេង ០៤:៤៤
រដ្ឋ​អាជ្ញា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ ​
រដ្ឋ​អាជ្ញា​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៨​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ។ ​ Facebook
២៤ នាទី

កាលពី​ថ្ងៃ​ចន្ទ័​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​សកម្មជន​និង​អ្នក​អង្កេត​ការណ៍​បរទេស​ចំនួន​ប្រាំបី​នាក់​ក្នុង​យុទ្ធនាការ​អាវខ្មៅ​ដើម្បីទាមទារ​ឲ្យដោះ​លែង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រីគជប និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិពី​ពន្ធនាគារ​។​មន្ត្រី​ទាំងនេះ​ត្រូវ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​ដោយ​សង្ស័យ​ពាក់​ពន្ធ័​នឹង​សំណុំ​រឿង​ស្នេហា​របស់​លោកកឹម សុខា។ ការចាប់​ខ្លួន​ក្រុម​អ្នកតវ៉ា​និង​មន្ត្រី​អង្កេតការណ៍​បរទេស​ដោយ​សង្ស័យថា​ពួកគេ​​អាចអុជអាល​ឲ្យ​មាន​បដិវត្តពណ៌។ ប៉ុន្តែ​បើ​ទស្សនៈមួយ​ចំនួន​លើកឡើងថា​រដ្ឋា​ភិបាល​មិនគួរ​ភ័យខ្លាច​ចំពោះ​បដិវត្តពណ៌​ពេក​ទេ។​បទវិភាគ​របស់​គង់ សុឋានរិទ្ធ៖

ផ្សាយពាណិជ្ជកម្ម

បើ​ទោះជា​​សកម្ម​ជនអ្នក​តវ៉ា​ក្នុង​យុទ្ធនាការ​ឈុត​ខ្មៅ​​ដែល​ត្រូវ​ចាប់​ឃាត់​ខ្លួនចំ​នួន​ប្រាំបី​នាក់​ត្រូវ​បាន​ដោះ​លែង​មក​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ័​គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ឃាត់​ខ្លួន។​ប៉ុន្តែ​ការ​ចាប់​ឃាត់​ខ្លួន​នេះ​ហាក់​ដូចជា​បង្ហាញ​ថា​រដ្ឋា​ភិបាល​​ដាក់​ការ​ប្រុង​ប្រយត្ន័​ខ្ពស់​ចំពោះ​ហានិភ័យ​​ដែល​ត្រូវ​សង្ស័យ​ថា​ជា​រងើក​ភ្លើង​នៃ​បដិវត្តពណ៌។

​បដិវត្តពណ៌​គឺជា​ចលនា​មហាជនមួយ​ហើយដែល​ជា​ទូទៅ​តែងតែ​ដឹកនាំ​ដោយ​ក្រុម​យុវជន​ដែល​មាន​និន្នាការ​ថ្មី​និង​ចង់​ផ្លាស់​ប្តូរ​​របប​ដោយ​សារមាន​ការ​កៀប​សង្កត់ ការដឹក​នាំផ្តាច់​ការ​ឬ​អំពើ​ពុករលូយ​និង​អយុត្តិធម៌​សង្គម​ជា​ដើម។ ការ​ធ្វើ​បដិវត្ត​នេះ​ធ្លាប់​កើត​មាន​ក្នុង​​បណ្តា​ប្រទេស​មួយ​ចំនួន​ដូចជា​អេហ្ស៊ីប ប្រទេស​ស៊ែប៊ី ប្រទេស​អ៊ុយក្រែន នៅ​លីប៊ី ទុយនីស៊ីនិង​ប្រទេសស៊ីរី ជា​ដើម។

ហើយ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥​និស្សិត​ម្នាក់​ឈ្មោះគង់ រ៉ៃយ៉ា ហៅកូកូ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​facebook​ថា​នឹង​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​រដ្ឋា​ភិបាល​បច្ចុប្បន្ន​តាម​រយៈ​ការ​ធ្វើ​បដិវត្ត​ពណ៌​និង​បាន​ស្វែង​រក​អ្នក​ចូល​រួម​ជាមួយ​លោក។ ក្រោយ​មក​និស្សិត​រូប​នេះ​ត្រូវ​ចាប់​ខ្លួន​និង​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ។

ពិតមែន​ហើយ​ការប្រុង​ប្រយត្ន័​ចំពោះ​ស្ថាន​ការណ៍​បែប​នេះ​មិន​មែនជា​រឿង​អាក្រក់​នោះ​ទេ។​ប៉ុន្តែ​វា​គឺ​ជា​ការ​បង្ការ​​​យ៉ាង​​មាន​ប្រសិទ្ធិភាព​ចំពោះ​ផល​វិបាក​ដែល​កើត​ឡើង​។​ប្រសិន​បើ​ចល​នា​នោះ​គឺជា​ផ្កា​ភ្លើង​នៃ​បដិវត្តពណ៌​មែននោះ។​​បើ​សិនជា​បដិវត្តពណ៌អាច​​លេច​ជា​រូបរាងមែននោះ ក្នុង​អំឡុង​នៃ​ចលាចល​ ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ សណ្តាប់​ធ្នាប់​និង​សេដ្ឋកិច្ច​ពិតជា​ចៀស​មិន​រួច។
​ការ​រក្សា​បាន​នូវ​​សន្តិសុខ សណ្តាប់​ធ្នាប់​​គឺជា​បច្ច័យ​ល្អ​សម្រាប់​ព្រលឹង​សេដ្ឋ​កិច្ច។ក៏​ប៉ុន្តែ​រដ្ឋា​ភិបាល​ពុំ​គួរ​ព្រឺឆ្អឹង​ខ្នង​ហួស​ហេតុ​​ដោយ​មិន​មើល​ពី​រលក​កំដៅ​នៃ​​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សង្គម​នោះ​ទេ។ ​ការទប់​ស្កាត់​លើ​ព្រឹត្តិការណ៍​ក្រោម​រូប​ភាព​នៃ​ការ​សំដែង​មតិ​និង​ការ​សំដែង​ឆន្ទៈ​មិន​មែន​ជា​វិធី​បង្ការ​​ដែល​មាន​ប្រសិទ្ធិភាព​ពិត​ប្រាកដ​នោះ​ទេ។​វា​មិនមែនជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃឬ​ជំងឺ​ស៊ីរូង​យ៉ា​ង​ជ្រៅ​នោះទេ។​ផ្ទុយទៅវិញ​វិធានការ​ភ្លាមៗ​នេះ​គ្រាន់​តែជា​ការព្យាបាល​ជំងឺ​សើ​ស្បែក​តែ​ប៉ុណ្ណោះ។ហេតុអ្វី​បានជា​អះអាងដូច្នេះ?

ពីព្រោះថា​បើ​រដ្ឋា​ភិបាល​ភ័យ​ខ្លាច ព្រួយបារម្ភ​ពី​ការ​ផ្តួល​រំលំ​ការ​ដឹក​នាំ​ដោយ​ប្រើ​ប្រាស់​បដិវត្តពណ៌ រដ្ឋា​ភិបាល​តោង​​ស្វែង​រក​ចម្លើយ​ពិត​ប្រាកដ​និង​ជាក់ច្បាស់​មួយ​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​ចង់​ប្រើ​បដិ​វត្ត​ពណ៌? តើឬសគល់​របស់​ចលនា​នេះ​ស៊ីសង្វាក់​នឹង​បរិបថ​ក្នុង​ប្រទេស​ឬទេ?​តើ​មាន​អ្វី​ខ្លះ​ដែល​គួរ​តម្រូវ​ឲ្យ​មាន​ការព្យាបាល​ពី​ខាង​ក្នុង​ ប្រសើរជាង​ការព្យាបាល​តែ​សំបក​ក្រៅ។ ការព្យាបាលនិង​បង្ការ​ផ្នែក​ខាង​ក្រៅ​មិន​ស្ថិត​ស្ថេរនោះទេ។ ថ្ងៃណាមួយ​ជំងឺ​ដែលត្រាំត្រែង​នៅ​ផ្នែក​ខាង​ក្នុង​នៃ​សារពាង្គកាយ​អាច​នឹងរើឬលាប់​ឡើងវិញ​ដោយ​មិន​ទៀងទាត់។ ប៉ុន្តែ​បើ​សិនជា​រដ្ឋា​ភិបាល​ព្យាបាល​ស្នូល​នៃ​បញ្ហា នោះ​ភាពសះ​ស្បើយ​មាន​លក្ខណៈសត្យានុម័ត​ជាង​និង​មាន​ស្ថេរភាពជាង។ ដូច្នេះ​​ការស្ទុះស្ទារ​​បោស​សំអាតឬបង្ក្រាប​ភ្លាមៗពេក​ដោយ​គ្រាន់​តែអនុវត្តន៍​តាម​និយម​ន័យ​មួយមុខ​នោះ មិនគ្រប់​គ្រាន់ទេ។

ការប្រើប្រាស់​កណ្តាប់ដៃ​កាន់តែធ្ងន់ ការជះឥទ្ធិពល​ត្រឡប់មកវិញ​ក៏​មាន​ទំហំ​តាម​នោះដែរ។​ហើយ​ការ​ខាត​បង់មាន​កម្រិតវិសាលភាព​ទូលំទូលាយ។​ដូចពាក្យខ្មែរពោល​ថា សំដីអាក្រក់​នាំ​សម្អប់ សំដី​ប្រសព្វ​នាំភាពក្អាកក្អាយ។

ហេតុដូច្នេះ​រដ្ឋាភិបាល​គួរគប្បីពិចារណាយកវិធីទន់ ប្រសើរជាជាង​ភាព​មិនបត់​បែន​តាម​លំហូរ​លំនាំ​ប្រជាជាតិ។​ហើយ​ការយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ជំងឺរ៉ាំរ៉ៃសង្គម​ឲ្យ​បាន​ជោគជ័យ​គឺជា​ការ​បន្សាប​ការ​តស៊ូដោយមានៈ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI