កម្ពុជា

យុទ្ធនាការ​អាវ​ខ្មៅ នៅ​តែ​បន្ត ប៉ុន្តែ​ស្ងប់​ស្ងាត់ ក្រោយ​ចាប់​ខ្លួន

នៅថ្ងៃចន្ទនេះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីស្នើឱ្យមានការដោះលែងមន្ត្រីអង្គការអាដហុក និងមន្ត្រីគ.ជ.បនៅតែបន្ត។
នៅថ្ងៃចន្ទនេះយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីស្នើឱ្យមានការដោះលែងមន្ត្រីអង្គការអាដហុក និងមន្ត្រីគ.ជ.បនៅតែបន្ត។ Faceboook
ដោយ៖ ស៊ុន មេសា
១៦ នាទី

នៅ​ថ្ងៃ​ចន្ទ​នេះ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដើម្បី​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​អង្គការ​អាដ​ហុក​ និង​មន្ត្រី​គ.ជ.ប​នៅ​តែ​បន្ត។ ប៉ុន្តែ​យុទ្ធនាការ​នេះ​មាន​សភាព​ស្ងប់​ស្ងាត់​ដោយ​អ្នក​ចូលរួម​យុទ្ធនាការ​ទាំង​នេះ​ធ្វើ​នៅ​ទីតាំង​រៀង​ខ្លួន ដោយ​មិន​បាន​ប្រមូល​ផ្តុំ​ដូច​កាល​ពី​យុទ្ធនាការ​លើក​ទី​១ និង​ទី២ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ខ្លួន​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី​មួយ​ចំនួន​នៅ​តែ​បន្ត​ស្លៀក​ពាក់​ខ្មៅ​ជា​បន្ត​ទៀត​ក្នុង​យុទ្ធនាការ​ ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធ​មនុស្ស និង​មន្ត្រី​គ.ជ.ប​សរុប​ចំនួន​៥​នាក់។ ប៉ុន្តែ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​៣​នេះ ស្ងប់​ស្ងាត់​មិន​ប្រមូល​ផ្តុំ​ដូច​កាល​ពី​លើក​មុន​ៗ​ទេ​ក្រោយ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ចំនួន​២​លើក។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​នៅ​តែ​បន្ត​ពង្រាយ​កង​កម្លាំង​នៅ​តាម​តំបន់​ដៅ​ទុក​មួយ​ចំនួន​ជា​ពិសេស​ក្នុង​ក្រុង​ភ្នំពេញ។

លោក មឿង តុលា នាយក​ប្រតិបត្ត​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ត​យុទ្ធនាការ​នេះ​បែប​ស្ងប់​ស្ងាត់​ ដោយ​យក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ស្លៀក​ពាក់​ខ្មៅ។ ដូចគ្នា​នេះ​ដែរ​ អង្គការ​លីកាដូ​នៅ​តែ​បន្ត​យុទ្ធនាការ​នេះ​ជា​បន្ត​ទៀត​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធ​មនុស្ស​អាដ​ហុក​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គ.ជ.ប​ផង​ដែរ។ សម្រាប់​លីកាដូ​អង្គការ​មិន​បាន​តម្រូវ​បង្ខំ​ឱ្យ​បុគ្គលិក​ស្លៀក​ខ្មៅ​ទាំង​អស់​គ្នា​នោះ​ទេ អ្នក​ខ្លះ​ស្លៀក​ក៏​បាន និង​អ្នក​មិន​ស្លៀក​ខ្មៅ​ក៏​បាន។ ក្រៅ​ពី​នេះ ស្ថាបនិក​Politic Café លោក​អ៊ូ រិទ្ធី ក៏​បាន​ស្លៀក​ពាក់​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ដែរ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ផ្នែក​ស្មារតី​ទៅ​ដល់​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​៥​រូប។

សង្គម​ស៊ីវិល​ ដែល​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​តែ​បង្ហាញ​សុទ្ធិដ្ឋិនិយម​ចំពោះ​ការ​ដោះលែង​របស់​តុលាការ បើ​ទោះបី​ជា​យុទ្ធនាការ​នេះ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល ឬ​សញ្ញាណ​វិជ្ជមាន​ណា​មួយ​ពី​រដ្ឋាភិបាល​ក៏​ដោយ។ សម្រាប់​សង្គម​ស៊ីវិល​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ ស្ថាប័ន​រដ្ឋ​ទាំង​ឡាយ​ត្រូវ​តែ​ដោះស្រាយ​ ព្រោះ​ថា​នេះ​ជា​ករណី​កិច្ច​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ទន្ទឹម​នឹង​នេះ​រដ្ឋ​អំណាច​ក៏​នៅ​តែ​បន្ត​ពង្រាយ​កង​កម្លាំង​នៅ​តាម​តំបន់​គោល​ដៅ​មួយ​ចំនួន​ដូច​ដូច​ជា​តំបន់​បឹង​កក់​បូរី​កីឡា និង​សហគមន៍​ដី​ធ្លី​SOS​ជា​ដើម។

រហូត​មក​ដល់​ពេល​នេះ គឺ​ជា​សប្តាហ៍​ទី​៣​ នៃ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ហើយ។ ពីរ​សប្តាហ៍​កន្លង​ទៅ​រដ្ឋ​អំណាច​បាន​ប្រើ​កម្លាំង​បង្ក្រាប​ចាប់​អ្នក​ប្រមូល​ផ្តុំ​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ប្រមូល​​ផ្តុំ​រួច​ហើយ​ដោះលែង​ទៅ​វិញ។ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​បើ​ទោះបី​ជា​មិន​បាន​ប្រមូល​ផ្តុំ​នៅ​តាម​ទីសាធារណៈ​ណា​មួយ ប៉ុន្តែ​បើ​អ្នក​ធ្វើ​យុទ្ធនាការ​ទាំង​អស់​បែរ​ជា​ប្រកូក​ប្រកាស​ប្រមូល​ផ្តុំ​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​នោះ រដ្ឋ​អំណាច​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI