កម្ពុជា

ក្រសួង​មហា​ផ្ទៃ​ថ្កោល​ទោស​សកម្មភាព​បំផ្ទុះ​គ្រាប់​បែក​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី ៧កញ្ញានេះ បានថ្កោលទោសចំពោះសកម្មភាពបំផ្ទុះគ្រាប់បែកមួយគ្រាប់ កាលពីយប់មិញ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ និងបានចាត់ទុកសកម្មភាពនេះថា ជាចេតនាធ្វើឲ្យសាធារណមតិជាតិ-អន្តរជាតិ មានការយល់ច្រឡំចំពោះសភាពការណ៍សន្តិសុខនៅក្នុងប្រទេ
ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី ៧កញ្ញានេះ បានថ្កោលទោសចំពោះសកម្មភាពបំផ្ទុះគ្រាប់បែកមួយគ្រាប់ កាលពីយប់មិញ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ និងបានចាត់ទុកសកម្មភាពនេះថា ជាចេតនាធ្វើឲ្យសាធារណមតិជាតិ-អន្តរជាតិ មានការយល់ច្រឡំចំពោះសភាពការណ៍សន្តិសុខនៅក្នុងប្រទេ

ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៧​កញ្ញានេះ​ បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​បំផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់ កាល​ពី​យប់​មិញ នៅ​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន ក្រុង​ភ្នំពេញ និង​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ចេតនា​ធ្វើ​ឲ្យ​សាធារណ​មតិ​ជាតិ-អន្តរជាតិ មាន​ការ​យល់​ច្រឡំ​ចំពោះ​សភាពការណ៍​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យ៉ាងណា​ក៏​ដោយ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​ទី​ ៧កញ្ញា​នេះ អាជ្ញាធរ​កម្ពុជា​នៅ​មិន​ទាន់​ចេញ​មក​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ ដែល​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស និង​ខូច​ខាត​រថយន្ត​ចំនួន​៤​គ្រឿង​នេះ​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ព័ត៌មាន​ថ្កោលទោស​របស់​ក្រសួង​មហាផ្ទៃ បាន​ធ្លាក់​មក នៅ​ព្រឹក​ថ្ងៃ​ទី​ ៧​កញ្ញា​នេះ បន្ទាប់​ពី​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់ បាន​កើត​ឡើង នៅ​សង្កាត់​បឹង​កេង​កង​ ៣ ខណ្ឌ​ចំការ​មន ក្រុង​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​ ៧និង៣០នាទី​យប់ ថ្ងៃ​ទី​ ៦​កញ្ញាឆ្នាំ​២០១៦​នេះ។ សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា គឺ​ជា​ចេតនា​ធ្វើ​ឲ្យ​សាធារណ​មតិ​ជាតិ-អន្តរជាតិ មាន​ការ​យល់​ច្រឡំ​ចំពោះ​សភាពការណ៍​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គួរ​រម្លឹក​ជូន​ថា គ្រាប់​បែក​ដៃ​មួយ​គ្រាប់​បាន​ផ្ទុះ​ឡើង​នៅ​ប្រមាណ​ជា​ម៉ោង​ ៧និង​៣០នាទី​យប់​ថ្ងៃ​ទី៦កញ្ញា នៅ​លើ​ដង​វិថី​លេខ​១៦៣ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ក្បែរ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង។ ហេតុការណ៍​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រង​របួស​ធ្ងន់-ស្រាល​ចំនួន​៤​នាក់ ពីរ​នាក់​ជា​ជនជាតិ​ខ្មែរ ម្នាក់​ជា​ជនជាតិ​ឥណ្ឌា និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​វៀត​ណាម និង​បង្ក​ការ​ខូចខាត​ដល់​រថយន្ត​ចំនួន​ ៤គ្រឿង ព្រម​ទាំង​សម្ភារៈ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ទៀត។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​ ៧​កញ្ញា​នេះ អាជ្ញាធរ​កម្ពុជា នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ឬ​ក្រុម​ណាមួយ​ ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​កម្រ​នេះ​នៅ​ឡើយ​ទេ។ ហើយ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ សមត្ថកិច្ច​ចម្រុះ​កម្ពុជា​ដឹកនាំ​ដោយ​ព្រះរាជ​អាជ្ញា​រង​តុលាការ​ទីក្រុង​ភ្នំពេញ លោក សៀង សុខ ក៏​បាន​បន្ត​ចុះ​ស៊ើប​អង្កេត​ទៅ​ដល់​ទី​កន្លែង​កើត​ហេតុ​ជា​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ផ្អែក​តាម​វីដេអូ​ឃ្លីប​ ដែល​បែក​ធ្លាយ​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម Facebook តាំង​ពី​យប់​ថ្ងៃ​ទី​ ៦​កញ្ញា​នេះ បាន​បង្ហាញ​ពី​សកម្មភាព​របស់​ជន​សង្ស័យ​ម្នាក់ ដែល​បាន​ជិះ​ម៉ូតូ នៅ​លើ​ដង​ផ្លូវ​នេះ នឹង​បាន​ទម្លាក់​គ្រាប់​បែក​នៅ​ក្បែរ​រថយន្ត​មួយ​គ្រឿង ហើយ​ក៏​ផ្ទុះ​ឡើង ស្រប​ពេល​ដែល​រថយន្ត​លុចហ្ស៊ីស​ម៉ាក់ RX400h មួយ​គ្រឿង បាន​មក​ដល់។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា ក៏​មិន​ទាន់​ហ៊ាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ណាមួយ​នៅ​ឡើយ​ទេ ជុំវិញ​សកម្មភាព​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​នេះ។ អ្នក​ស្រាវជ្រាវ​រូប​នេះ ក៏​បាន​ទាត់​ចោល​ទឡ្ហីករណ៍​ចំនួន​ពីរ​ ដែល​អះអាង​ថា ការ​វាយ​ប្រហារ​នេះ​ ទំនង​ជា​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​ ដើម្បី​សង​សឹក​ទៅ​លើ​បុគ្គល​ណា​ម្នាក់ និង​ការ​វាយ​ប្រហារ​ភេរវកម្ម​អន្តរជាតិ ព្រោះ​បើ​ផ្អែក​តាម​ការ​អង្កេត​នៅ​ក្នុង​វីដេអូ​ឃ្លីប​នេះ ជន​សង្ស័យ​ទំនង​ជា​គ្មាន​បំណង​វាយ​ប្រហារ​គោលដៅ​ណាមួយ​ច្បាស់​លាស់​នោះ​ទេ។

ទោះជាយ៉ាង​នេះ​ក្តី លោក អ៊ូ វីរៈ បាន​ចាត់​ទុក​សកម្មភាព​វាយ​ប្រហារ​នេះ​ថា បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និង​អ្នក​វិនិយោគ​ទុន​នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI