កម្ពុជា-សង្គម

​ច្បាប់​ស្តី​ពី​សន្ធិ​សញ្ញា​ព្រំ​ដែន​បន្ថែម​រវាង​កម្ពុជា​និង​វៀត​ណាម ត្រូវ​បាន​ព្រះ​មហាក្សត្រ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​

ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង)
ផែនទីបង្ហាញពីព្រំដែនកម្ពុជាជាមួយនឹងវៀតណាម (រូបតំណាង) @Internet

ច្បាប់ស្តីពី សន្ធិសញ្ញាបំពេ ញបន្ថែម​លើ​សន្ធិសញ្ញាកំណត់ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និ​ងសន្ធិសញ្ញាបំពេញ​បន្ថែមឆ្នាំ ២០០៥ រវាងកម្ពុជា និង​វៀតណាម ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។ ព្រះរាជក្រម​ចុះថ្ងៃទី៥​ខែធ្នូ ឆ្នាំ ២០១៩ តែទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ គឺត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ក្រោយ​ពីរដ្ឋសភា​បាន​អនុម័ត​ កាលពីថ្ងៃទី៤ខែវិច្ឆិកា ហើយ​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​ទាំងស្រុង កាលពីថ្ងៃទី ១៨​ខែវិច្ឆិកា។ 

ផ្សាយពាណិជ្ជកម្ម

មិន​ខុសពីការ​រំពឹង​ទុក ច្បាប់ស្តីពីសន្ធិ​សញ្ញាបំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញាបំពេញ​បន្ថែមឆ្នាំ ២០០៥ រវាងប្រទេសកម្ពុជា និង​វៀតណាម ត្រូវបាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ដោយព្រះមហាក្សត្រ ចាប់ពីថ្ងៃទី ៥ខែធ្នូ ឆ្នាំ ២០១៩តទៅ! យ៉ាងណាមិញ សន្ធិសញ្ញានេះ មិន​ទទួលបានការ​ពេញ​ចិត្ត​ពីអតីតគណបក្ស​ប្រឆាំង និង​អ្នកឃ្លាំមើលមួយចំនួននៅកម្ពុជា​នោះឡើយ។

សកម្មជន​មួយ​ចំនួន​នៃអតីតបក្ស​ប្រឆាំង លើកឡើងថា សន្ធិសញ្ញាបំពេញ​បន្ថែម​នេះ គឺ​គ្រាន់តែជាការ​សម្បទាន​ភាពចំណេញ​ដល់​ប្រទេសវៀតណាម និង​ចិន តែប៉ុណ្ណោះ។ តាម​ក្រុម​ប្រឆាំង សន្ធិសញ្ញានេះ មិន​គួរត្រូវបានអនុម័ត​ឲ្យ​ប្រើ​នោះទេ ដោយសារស្ថានភាពនយោបាយ ដែល​មិនទាន់មានឯកភាពជាតិ​នៅឡើយ និងជាពិសេស គឺស្របពេល​ដែល​សភា មាន​សមាជិក​តែមួយគណបក្ស​។

ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ជាញឹក​ញយ បាន​ការពារខ្លួនថា សន្ធិសញ្ញាព្រំដែន​បន្ថែម​នេះ មិន​មាន​ភាគីណាមួយបាត់បង់​ទឹកដីនោះឡើយ។ មន្ត្រី​ជំនាញ​បញ្ហា​ព្រំដែនកម្ពុជា ក៏ធ្លាប់​លើកឡើង​ថា សន្ធិសញ្ញានេះ មានគោលបំណង ដើម្បីរក្សាការគ្រប់គ្រងដដែលលើដីធ្លី ស្រែចម្ការរបស់ប្រជាជន ដែលបាននិងកំពុងរស់នៅ ដាំដុះ បង្កបង្កើនផលតាម​ព្រំដែន​នៃប្រទេសទាំង ២។

សូម​រម្លឹកជូនថា រដ្ឋា​ភិបាល​កម្ពុជា ​និង​វៀត​ណាម បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា បំពេញ​បន្ថែម​ប្រទេស​ទាំង​២ ទៅ​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម កាល​ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥​។ ឈរ​លើ​មូល​ដ្ឋាន​នៃ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ ​ប្រទេស​ទាំង​ពីរ កម្ពុជា និង​វៀត​ណាម ​បាន​ដំណើរ​ការ​ចុះ​បោះ​បង្គោល និង​ខណ្ឌ​សីមា​ព្រំ​ដែន​គោក នៅ​លើ​ដី​ជាក់​ស្តែង​ពី​ខេត្ត​រតន​គិរី ដល់​ខេត្ត​កំពត ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០០៦ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩ សម្រេច​បាន​លទ្ធ​ផល ​៨៤ភាគរយ​ លើ​ដី​ជាក់​ស្តែង​តាម​បណ្តោយ​ខ្សែ​ព្រំដែន​រួម​ រវាង​ប្រទេស​ទាំង​ពីរ ប្រវែង​ប្រមាណ​ជាង ​១២៧០ គីឡូ​ម៉ែត្រ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI