អាជ្ញាធរ ជួបពលរដ្ឋម្តងទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហានៅបុរីកីឡា
អាជ្ញាធររាជធានីភ្នំពេញ បានជួបជាមួយក្រុមប្រជាពលរដ្ឋបុរីកីឡា ជាលើកចុងក្រោយ ដើម្បីដោះស្រាយបញ្ចប់បញ្ហាជម្លោះដ៏រ៉ាំរ៉ៃនៅបុរីកីឡា។ អ្នកភូមិបុរីកីឡា ជាង ១០០ គ្រួសារ បានទាមទារកម្មសិទ្ធិរស់នៅផ្ទះល្វែង ក្នុងតំបន់បុរីកីឡា បន្ទាប់ពីអាជ្ញាធរសម្រេចឲ្យតែអ្នកភូមិ ២៥ គ្រួសារ ចុងក្រោយប៉ុណ្ណោះ មានសិទ្ធិ ទទួលបានផ្ទះល្វែង។ ក្រៅពីនោះ ៨៩ គ្រួសារ ត្រូវទៅរស់នៅក្នុងភូមិអណ្តូង និង ៣៨ គ្រួសារ ទទួលគោលនយោបាយ ជាថវិកា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កិច្ចប្រជុំ នៅសាលាខណ្ឌ ៧ មករា នាថ្ងៃទី២១មេសានេះ ចូលរួមដោយអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសង្គមស៊ីវិល ជាមួយនឹងក្រុមប្រជាពលរដ្ឋអ្នកតវ៉ានៅបុរីកីឡាជាង ១០០ គ្រួសារ។ អ្នកតវ៉ាដែលនៅសេសសល់ ទាមទារកម្មសិទ្ធិផ្ទះល្វែង ក្នុងតំបន់បុរីកីឡា បន្ទាប់ពីអាជ្ញាធរបានសម្រេច តាមរយៈប្រកាស កាលពីថ្ងៃទី២០ ខែមិនា គឺអ្នកមានសិទ្ធិទទួលបានផ្ទះល្វែងនៅបុរីកីឡា មានចំនួនត្រឹមតែ ២៥ គ្រួសារប៉ុណ្ណោះ។ ក្រៅពីនោះ អាជ្ញាធរសម្រេចថា ៨៩ គ្រួសារ ត្រូវបានផ្ទះ រស់នៅក្នុងភូមិអណ្តូង ជាយរាជធានីភ្នំពេញ និង ៣៨ គ្រួសារ ទទួលបានគោលនយោបាយ ជាថវិកា ដែលមិនទាន់កំណត់នៅឡើយ។
ប៉ុន្តែប្រជាពលរដ្ឋ ៨៩ គ្រួសារ និង ៣៨ គ្រួសារ តវ៉ា ទាមទារផ្ទះល្វែង នៅបុរីកីឡា ដោយអ្នកស្រី ឆាយ គឹមហ៊ន តំណាងអ្នកតវ៉ា សំអាងថា ពួកគាត់មានលិខិតបញ្ជាក់គ្រប់គ្រាន់។ ដូច្នេះហើយ បានជាក្នុងកិច្ចប្រជុំ នៅថ្ងៃទី២១មេសានេះ អាជ្ញាធរបានផ្តល់ឱកាសលើកចុងក្រោយឲ្យប្រជាពលរដ្ឋ អ្នកតវ៉ា បង្ហាញឯកសារជាថ្មីទៀត។
តាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ កិច្ចប្រជុំនៅថ្ងៃទី២១មេសានេះ ដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្ត ហើយបើប្រជាពលរដ្ឋណា មានឯកសារគ្រប់គ្រាន់ នោះក្រុមការងារចម្រុះ ដែលមានសង្គមស៊ីវិលចូលរួមផង នឹងពិចារណា ដើម្បីផ្តល់ផ្ទះល្វែងនៅបុរីកីឡា ដូចការតវ៉ា។
នៅពេលព្រឹក កិច្ចប្រជុំ បានធ្វើឡើងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋបុរីកីឡា ២ ក្រុម ហើយនៅពេលល្ងាច អាជ្ញាធរនឹងជួបជាមួយប្រជាពលរដ្ឋបុរីកីឡា ១ ក្រុមទៀត។ ចំពោះលទ្ធផលនៃកិច្ចប្រជុំ អាជ្ញាធរមិនទាន់ប្រកាសនៅឡើយទេ។
កាលពីឆ្នាំ២០០៣ រដ្ឋាភិបាល បានប្រគល់តំបន់បុរីកីឡា ទំហំជាង ១៤ ហិកតា ឲ្យក្រុមហ៊ុនផានអ៊ីម៉ិច ដើម្បីអភិវឌ្ឍន៍ជាបុរីផ្ទះល្វែង។ ក្នុងនោះ ក្រុមហ៊ុន ត្រូវសាងសង់អគារផ្ទះល្វែង ចំនួន ១០ ជាសំណងឲ្យប្រជាពលរដ្ឋយ៉ាងហោចណាស់ ១៧៧៦ គ្រួសារ ដែលរស់នៅទីនោះ។ ប៉ុន្តែការតវ៉ាបានកើតមានជាបន្តបន្ទាប់ ខណៈដែលក្រុមហ៊ុន សាងសង់ត្រឹមតែ ៨ ផ្ទះល្វែង។ រីឯអ្នកតវ៉ា ត្រូវបានក្រុមហ៊ុន និងអាជ្ញាធរ អះអាងថា មិនមានលក្ខណៈគ្រប់គ្រាន់នោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ