កម្ពុជារំពឹងថា Brexit នឹងមិនប៉ះពាល់ដល់ពាណិជ្ជកម្ម រវាងអង់គ្លេសនិងកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងពាណិជ្ជកម្មបានអះអាងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអង់គ្លេសមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ វឌ្ឍនភាពនេះកើនឡើងតាមរយៈទំហំទឹកប្រាក់ពី៥០០លានដុល្លារក្នុងឆ្នាំ២០១២ដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ កម្ពុជារំពឹងថា ទោះជាអង់គ្លេសដើរចេញពីសហភាពអឺរ៉ុបក្នុងថ្ងៃអនាគត ក៏ការចាកចេញមួយនេះមិនប៉ះទង្គិចដល់ទំហំពាណិជ្ជកម្មប្រទេសទាំងពីរដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបមិនត្រឹមតែមិនប៉ះពាល់ដល់ពាណិជ្ជកម្មកម្ពុជានិងអង់គ្លេស តែនឹងធ្វើឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងបន្តទៀត។ ការកើនឡើងដែលអាចលើសទឹកប្រាក់ជាង១ពាន់លានដុល្លារសម្រាប់ឆ្នាំខាងមុខ។ នេះបើផ្អែកតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្រ្តីស្តីទីនៃក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូផ្នែកការពារជាតិរបស់អង់គ្លេសកាលពីពេលថ្មីនេះ។
បន្ថែមលើនេះភាគីក្រសួងពាណិជ្ជកម្ម បានស្នើសុំពាណិជ្ជករនិងប្រជាជនអង់គ្លេសឲ្យបន្តគាំទ្រទិញទំនិញពីកម្ពុជាថែមទៀតទៅថ្ងៃអនាគត ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ គណៈប្រតិភូអង់គ្លេស ក៏បានសន្យានាំសំណើនេះទៅប្រាប់រដ្ឋាភិបាលនិងប្រជាជនអង់គ្លេស ឲ្យបន្តកិច្ចសហការ និងជួយគាំទ្រទិញទំនិញរបស់កម្ពុជា។
អង់គ្លេសគឺជាទីផ្សារដ៏ធំលំដាប់ទី៣ សម្រាប់ការនាំចេញរបស់កម្ពុជាបន្ទាប់ពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ក្នុងនោះមុខទំនិញកម្ពុជាដែលនាំចេញទៅអង់គ្លេសគឺវាយនភណ្ឌនិងកង់តំណាងឲ្យផលិតផលក្នុងស្រុកជាច្រើន ខណៈអង់គ្លេសនាំចូលមកកម្ពុជា គឺរួមមានរថយន្ត គ្រឿងបន្លាស និងឱសថមួយចំនួន។
ដោយឡែក នៅក្នុងឆ្នាំ២០១៨ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបគិតជាទំហំទឹកប្រាក់មានចំនួន៦ពាន់លានដុល្លារ ខណៈការនាំចេញទៅអាមេរិកមានទំហំទឹកប្រាក់ជិត៥ពាន់លានដុល្លារ។ ការនាំចេញទំនិញ ៣ មុខសំខាន់របស់កម្ពុជាទីផ្សារអឺរ៉ុបកាលពីឆ្នាំមុន ដោយរួមមានសម្លៀកបំពាក់ ស្បែកជើង និងអង្ករ។ ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) អាចនឹងខាតបង់ជាទឹកប្រាក់ចន្លោះពី ៥១៣ លាន ទៅ ៦៥៤ លានដុល្លារក្នុង ១ ឆ្នាំ ប្រសិនបើ EU សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ក្នុងករណីដែលកម្ពុជាបាត់បង់ការអនុគ្រោះពន្ធពីអឺរ៉ុបកម្ពុជាមិនអាចធ្វើពាណិជ្ជកម្មទ្វេភាគីដោយផ្ទាល់ជាមួយប្រទេសសមាជិកអឺរ៉ុបផ្សេងទៀតបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ