កម្ពុជា

ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ ២៩ ក្រុម​ហ៊ុន យល់​ព្រម​មិន​ដំឡើង​ថ្លៃ​សំបុត្រ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

ប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត កាល​ពី​ពេល​កន្លង​ទៅ
ប្រជាពលរដ្ឋសម្រុកធ្វើដំណើរទៅស្រុកកំណើត កាល​ពី​ពេល​កន្លង​ទៅ RFI/Siv Channa

ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​នៅ​ព្រឹក​នេះ បាន​កោះ​ប្រជុំ​តំណាង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ ជុំវិញ​តម្លៃ​សំបុត្រ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ បន្ទាប់​ពី​កិច្ច​ប្រជុំ តំណាង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ ​ចំនួន ២៩ ក្រុមហ៊ុន បាន​សន្យា​ថា នឹង​មិន​ដំឡើង​ថ្លៃ​សំបុត្រ​រថយន្ត នា​អំឡុង និង ក្រោយ​បញ្ចប់​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរ​ ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ អាច​ទៅ​លេង​ស្រុក​កំណើត​បាន​។ ក្រសួងសាធារណការ ក៏​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន​ឲ្យ​គោរព​តាម​គោលការណ៍ ៤ ចំណុច​សំខាន់​ៗ​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​សាធារណ​ការ នៅ​ព្រឹក​ថ្ងៃ​ទី​ ១០ មេសា នេះ បាន​ស្នើ​ឲ្យ​តំណាង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ពិចារ​ណា​ក្នុងការ​មិន​ដំឡើង​ថ្លៃ​សំបុត្រ​ពី​ទីក្រុង​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ថ្ងៃ ទី ១៦ ខែ មេសា ខាង​មុខ​នេះ។ ជា​លទ្ធផល ក្រោយ​ជំនួប តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ ចំនួន ២៩ បាន​សន្យា​ថា​ នឹង​មិន​ដំឡើង​ថ្លៃ​សំបុត្រ​នៅ​អំឡុង និងក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​អ្នក​ធ្វើ​ដំណើរ​។

ក្រៅ​តែ​ពី​ការ​អំពាវនាវ​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ដំ​ឡើង​ថ្លៃ​សំបុត្រ ក្រសួង​សាធារណការ និង ដឹកជញ្ជូន ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៤ ចំណុច សំដៅ​កាត់​បន្ថយ​បន្ទុក​ចំណាយ​ពលរដ្ឋ និងបញ្ចៀស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ជា​អតិបរមា​។

គោល​ការណ៍​ទាំង​ ៤ ចំណុច ដែល​ក្រសួង​សាធារណការ និង ដឹកជញ្ជូន បាន​ដាក់​ចេញ​នោះ រួម​មាន៖ រក្សា​តម្លៃ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឲ្យ​នៅ​ដដែល ទី២ មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ​និង​ខុស​លក្ខណៈបច្ចេក​ទេស ទី៣ គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​មិន​ត្រូវ​បើក​បរ​លើស​ល្បឿនកំណត់ និង ទី៤ បើក​បរ​ដោយ​ភាព​យោគយល់និង អធ្យាស្រ័យ​គ្នា។

សូម​បញ្ជាក់​ថា លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ កាល​ពី​សប្តាហ៍​មុន ក៏​បាន​អំពាវនាវ​ឲ្យ ម្ចាស់​ក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន​ទាំង​អស់ កុំ​ឲ្យ​ដំ​ឡើង​ថ្លៃ ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ អាច​ទៅ​ជួប​ជុំ​គ្រួសារ​នៅស្រុក​កំណើត​បាន​។ លោក​នាយករដ្ឋមន្រ្តី ចាត់​ទុក​ថា ការ​មិន​ដំឡើង​ថ្លៃ​ហួស​ហេតុ​ពេក គឺ​ជា​គុណ​ធម៌មួយ​របស់​អ្នក​រក​ស៊ី។ បន្ថែម​លើ​នេះ សាលា​រាជធានី ក៏​អះអាង​ថា នឹ​ងចេញលិខិត​ជូន​ដំណឹង​ទៅ​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្សព្វ​ផ្សាយ​បន្ត​ពី​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ក៏ប៉ុន្តែ អា​ជ្ញា​ធរ​នឹង​មិនចាត់វិធាន​ការ ដើម្បី​កំណត់​តម្លៃ​ក្នុង​កម្រិត​ណា​មួយ​នោះ​ទេ​។

សូម​ជម្រាប​ជូន​ផង​ដែរ កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុន​ឯក​ជន​មួយ បាន​ប្រកាស​ថា​ធានា​ចេញ​ថ្លែ​សំបុត្រ​រថយន្ត​ក្រុង នា​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ចំនួន ៥០០០ សន្លឹក ដែល​នឹង​ដោយ​ឥត​គិតថ្លៃ ដល់​អ្នក​ដែល​ធ្វើដំណើរ​ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ស្រុក​កំណើត​ចំនួន ១៤ ខេត្ត។ អ្នក​ចង់​បាន​សំបុត្រ​ទៅ​ខេត្ត​ក្រុង​ទាំង ១៤ នេះ អាច​ទៅ​យក​ពី​ស្តង់ នៅ​កោះ​ពេជ្រ​ ចាប់​ពី​ថ្ងៃ​ទី​៨ មេសា ម៉ោង ៨ ព្រឹក រហូត​ដល់​ចែក​អស់​សំបុត្រ។ ឡាន​ក្រុង​ទាំង ១០០ គ្រឿង​នឹង​ដឹក​អ្នក​ដំណើរ​ចេញ ​ ព្រមៗ​គ្នា​នៅ​ម៉ោង ៩ ព្រឹក ថ្ងៃ​ទី​១២ មេសា ដោយ​ចេញ​ពី​កោះ​ពេជ្រ រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI