ដំណើររួមគ្នារវាងក្រសួងរ៉ែនិងសង្គមស៊ីវិលនៅកោះកុងឈានដល់ការផ្អាកអាជីវកម្មបូមខ្សាច់មួយចំនួន
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្លាប់ទទូចឲ្យក្រសួងរ៉ែនិងថាមពលបង្ហាញតួលេខនៃការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរីនោះ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរួមគ្នាជាមួយរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម កាលពីថ្ងៃទី៧ធ្នូក្នុងខេត្តកោះកុង។ ដំណើរទស្សនកិច្ចរួមគ្នាជាលើកទី១នេះក្រសួងរ៉ែក៏សម្រេចផ្អាកបណ្ដោះអាសន្នអាវីកម្មបូបខ្សាច់មួយចំនួនស្ថិតនៅឃុំកោះស្រឡៅខេត្តកោះកុង។
ចុះផ្សាយនៅថ្ងៃ៖
មូលហេតុដែលឈានទៅដល់ការផ្អាកអាជីវកម្មខ្សាច់នេះបន្ទាប់ពីប្រជាសហគមន៍រស់នៅឃុំកោះស្រឡៅជិត៤០០គ្រួសារប្រតិកម្មនៅចំពោះមុខលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលថា សកម្មភាពបូមខ្សាច់ទាំងនោះបានប៉ះពាល់មុខរបរនេសាទរបស់ពួកគាត់។ និងបានបំផ្លាញដល់ធនធានធម្មជាតិ មានខ្សាច់សមុទ្រ មច្ឆាសមុទ្រ និងព្រៃកោងកាង ជាដើម។
លោក សន ជ័យ ប្រធានអង្គការ គណនេយ្យភាពសង្គមដែលបានរួមដំណើរជាមួយលោក ស៊ុយ សែម ក្នុងចំណោមមន្ត្រីអង្គការសង្គមស៊ីវិលផ្សេងទៀតឲ្យដឹងថា ក្រុមហ៊ុនដែលក្រសួងរ៉ែសម្រេចធ្វើការផ្អាកបណ្ដោះអាសន្ននោះរួមមាន៖ក្រុមហ៊ុនLYPរបស់លោកឧកញា លី យ៉ុងផាត់ និង ក្រុមហ៊ុនឧត្តមសីមាដែលក្រុមហ៊ុនទាំងពីរនេះទទួលបានអាជ្ញាប័ណ្ណបូមខ្សាច់នាពេលកន្លងមក។
ទោះជាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលចេញមុខប្រកាសផ្អាកអាជីវកម្មបូមខ្សាច់នេះយ៉ាងណាក៏ដោយតែប្រជាសហគមន៍នៅតែមានការព្រួយបារម្ភថាក្រុមហ៊ុននៅតែលួចបូមខ្សាច់នាពេលយប់ដដែល។ ឆ្លើយតបការព្រួយបារម្ភនេះលោក ស៊ុយ សែម បានផ្ដល់លេខទូរសព្ទ០៩៥ ៧២៧ ៧២៧ សម្រាប់ពលរដ្ឋរាយការណ៍បទល្មើសលួចបូមខ្សាច់ខុសច្បាប់។
លោក សន ជ័យ បានគូសបញ្ជាក់ថា ក្រៅពីឲ្យក្រុមហ៊ុនមួយចំនួនផ្អាកជីវកម្មបូមខ្សាច់ហើយ ទាំងក្រសួងក៏ដូចជាអង្គការសង្គមស៊ីវិលបានរកឃើញករណីលួចបូមខ្សាច់ដោយខុសច្បាប់នៅតំបន់ក្រៅអាជ្ញាប័ណ្ណរបស់ឈ្មួញមួយចំនួនទៀត ដែលសូម្បីតែក្រសួងក៏រកមិនទាន់ឃើញក្រុមហ៊ុនណាកំពុងធ្វើសកម្មភាពល្មើសនេះដែរ។
បើតាមលោក សន ជ័យ ដំណើរទស្សនកិច្ចរួមគ្នានេះជារបៀបវារៈមួយផ្សេងដោយមិនជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសជុំវិញតួលេខនៃការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរីនោះទេ។ តែនេះមិនមែនមានន័យថា សង្គមស៊ីវិលបំភ្លេចបញ្ហានេះនោះទេប៉ុន្តែនឹងធ្វើការរួមគ្នាជាមួយក្រសួងរ៉ែនិងថាមពលមួយដំណាក់កាលម្ដង។
សូមបញ្ជាក់ថា ភាពចម្រូងចម្រាសតួលេខនៃការនាំខ្សាច់ចេញនោះ គឺរដ្ឋាភិបាលថា ក្នុងអំឡុងឆ្នាំ២០០៧ដល់២០១៥ ខ្សាច់នាំចេញទៅសិង្ហបុរីមានចំនួនជិត៣លានតោនដែលគិតជាទឹកប្រាក់មានចំនួនជាង៥លានដុល្លារ។ តែសម្រាប់សង្គមស៊ីវិលក្នុងរយៈពេលដូចគ្នានេះរដ្ឋាភិបាលនាំខ្សាច់ចេញទៅក្រៅប្រទេសមានរហូតដល់ជាង៧០លានតោនដែលគិតជាទឹកប្រាក់មានចំនួន៧៥០លានដុល្លារ។
រហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយឲ្យបានច្បាស់ជុំវិញតួលេខនៃការនាំខ្សាច់ចេញពីក្រសួងរ៉ែនៅឡើយទេ ប៉ុន្តែបើតាមគម្រោងតំណាងរាស្ត្រគណបក្សប្រឆាំងដាក់លិខិតអញ្ជើញលោក ស៊ុយ សែម ឲ្យមកបំភ្លឺជុំវិញបញ្ហានេះនៅថ្ងៃទី១៥ធ្នូខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ