កម្ពុជា-នយោបាយ

​អ្នក​វិភាគ​៖ ​កម្ពុជា​ទិញ​អាវុធ​ពី​ឆេក ដើម្បី​ពង្រឹង​វិស័យ​ការពារ​ជាតិ ​និង​ដោយ​សារ​តម្លៃ​ធូរ​ថ្លៃ​

យន្តហោះស៊ើបការណ៍ L-39 (រូបភាពទូទៅ)
យន្តហោះស៊ើបការណ៍ L-39 (រូបភាពទូទៅ) @Internet

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ពី​ថ្ងៃទី១៣​ដល់​ថ្ងៃទី១៧​ខែ​តុលា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​អឺរ៉ុប​ខាង​កើត​ចំនួន​៣គឺ ឆេក ហុងគ្រី និង​ប៊ុលហ្គារី ប្រទេស​កម្ពុជា​បាន​ចាប់​អារម្មណ៍ និង​គ្រោង​ទិញ​អាវុធ និង​យន្ត​ហោះ​បន្ថែម​ពី​ប្រទេស​ឆេក​។ ជុំវិញ​បញ្ហា​នេះ ត្រូវ​អ្នក​តាម​ដាន​សង្គម និង​នយោ​បាយ​មួយ​ចំនួន​មើល​ឃើញ​ថា​ជា​ឱកាស​សម្រាប់​កម្ពុជា​ដើម្បី​ពង្រឹង​ឃឿន​ការពារ​ជាតិ និង​មួយ​ចំនួន​ទៀត​លើក​ជា​ចំងល់​ថា​ហេតុអ្វី​ក៏​កម្ពុជា​ត្រូវ​ទិញ​អាវុធ​នៅ​ក្នុង​កាលៈ​ទេសៈ​នេះ។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីក្រុង​ប្រាក កាល​ពី​ថ្ងៃចន្ទ​កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ដើម្បី​ពង្រឹង​វិស័យ​យោធា​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត កម្ពុជា​គ្រោង​នឹង​ទិញ​យន្ត​ហោះ​ស៊ើប​ការណ៍​ប្រភេទ L39 ចំនួន៣-៤​គ្រឿង​បន្ថែម​ទៀត និង​សពា្វ​វុធ​មួយ​ចំនួន​ពី​ប្រទេស​ឆែក ខណៈ​កាល​ពី​មុន​កម្ពុជា បាន​ទិញ​យន្ត​ហោះ​ស៊ើប​ការណ៍​ប្រភេទL39 ចំនួន​៦គ្រឿង​ពី​ប្រទេស​ឆេក​រួច​ហើយ​។

ជុំវិញ​ការ​គ្រោង​ទិញ​អាវុធ​និង​យន្ត​ហោះ​ពី​ប្រទេស​ឆែក​បន្ថែម​នេះ លោក​បណ្ឌិត មាស នី អ្នក ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា វា​មិន​ត្រូវ​នឹង​កាលៈ​ទេសៈ ដែល​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ជាតិ ប្រយោជន៍​ដើម្បី​បង្ក្រាប​ខ្មែរ​គ្នា​ឯង ខណៈ​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា កំពុង​តែ​បង្ហាញ​រូប​ភាព​ប្រឈម​មុខ​គ្នា រវាង​គណ​បក្ស​ដែល​ដឹក​នាំ​រដ្ឋា​ភិបាល និង​គណ​បក្ស​ប្រឆាំង​។

ផ្ទុយ​ទៅ​វិញ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា ពន្យល់​ថា រដ្ឋា​ភិបាល​មាន​កាតព្វ​កិច្ច​ផ្តាច់​មុខ ក្នុង​កិច្ច​ការ​ថែ​រក្សា​ការពារ​សន្តិ​សុខ​ជាតិ​។ មួយ​វិញ​ទៀត កម្ពុជា​ត្រូវ​រៀប​ចំ​ទំនើប​កម្ម​សព្វា​វុធ ឲ្យ​បាន​សម​ស្រប​ប្រហាក់​ប្រហែល​នឹង​ភាព​ជឿន​លឿន​ខាង​សព្វាវុធ​ជាមួយ​ប្រទេស​ជិត​ខាង​។ នេះ​បើ​តាម​លោក ផៃ ស៊ីផាន ដោយ​លោក​បញ្ជាក់​ថា​ការ​ទិញ​យន្ត​ហោះ​ស៊ើប​ការណ៍​ពី​ឆេក គឺ​សម​ស្រប​សម្រាប់​កម្ពុជា​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​កម្ពុជា មើល​ឃើញ​ដែរ​ថា ជា​ការ​ធម្មតា​ទេ កង​ទ័ព​ត្រូវ​ការ​អាវុធ​ទំនើបៗ ដើម្បី​ការពារ​ជាតិ និង​ទប់​ទល់​កម្លាំង​ណា​មួយ ខណៈ​ដែល​កង​ទ័ព​បាន​ប្តេជ្ញា​ចិត្ត ប្រកាស​ទប់​ទល់​នឹង​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃទី០៩​ខែវិច្ឆិកា​ខាង​មុខ​។

ទោះ​យ៉ាង​ណា លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា កត់​សម្គាល់​ថា ការ​គ្រោង​ទិញ​អាវុធ​និង​យន្ត​ហោះ​ពី​ឆេក គឺ​ជា​ពេល​វេលា​សម​ស្រប​មួយ ដែល​កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន ខណៈ​អាវុធ​ឆេក​ធូរ​ថ្លៃ​ជាង ប្រទេស​អឺរ៉ុប​ខាង​លិច និង​សហ​រដ្ឋ​អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI