កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រឡងបវរកញ្ញាពិភពលោក Miss Global ឆ្នាំ២០១៧
ចុះផ្សាយនៅថ្ងៃ៖
បវរកញ្ញា៦៥ប្រទេស កំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមប្រឡង បវរកញ្ញាពិភពលោក Miss Global International ឆ្នាំ២០១៧ ដែលកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ កញ្ញា យន់ ផូលីណា កូនខ្មែរកើតនៅសហរដ្ឋអាមេរិក គឺជាអ្នកតំណាងឲ្យប្រទេសកម្ពុជា សម្រាប់ការប្រកួតបវរកញ្ញាពិភពលោក ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាននៃប្រទេសកម្ពុជានេះ។
គឺជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលរៀបចំការប្រកួតបវរកញ្ញាពិភពលោកឬ Miss Global International នារដូវកាលទី៥ឆ្នាំ២០១៧នេះ។ Miss Global បង្កើតឡើងដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០១៣ ហើយកម្ពុជាគឺជាប្រទេសទី៣ ដែលទទួលរៀបចំការប្រកួតនេះ បន្ទាប់ពីលើកទី១និងលើកទី២រៀបចំ នៅលើទឹកដីសហរដ្ឋអាមេរិក និងលើកទី៣និងទី៤ រៀបចំធ្វើឡើង នៅឯប្រទេសហ្វីលីពីន។
ជាការកត់សម្គាល់ មុនការប្រកួតចាប់ផ្ដើម ក្រសួងបរិស្ថានដែលអ្នកចូលរួមរៀបចំការប្រកួតប្រលងបវរកញ្ញានេះ បានរៀបចំដំណើរទស្សនកិច្ចមួយរបស់បវរកញ្ញាពិភពលោកទាំង៦៥ប្រទេស ឲ្យទៅទស្សនកិច្ចនៅខេត្តត្បូងឃ្មុំ។ នៅទីនោះ បវរកញ្ញាទាំង៦៥ប្រទេស បានចូលរួមពិធីដាំដើមឈើប្រមាណជា១ម៉ឺនដើម ដើម្បីទុកជាការចងចាំ និង ដើម្បីបង្ហាញថា កម្ពុជាគឺជាប្រទេសដែលមានឈ្មោះល្អ ក្នុងវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយមានជីវចម្រុះសម្បូរបែប។
កញ្ញា យន់ ផូលីណា ដែលមានអាយុ២៥ឆ្នាំ គឺជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងជាមួយបវរកញ្ញាមកពី៦៤ប្រទេសផ្សេងទៀត។ ផូលីណា គឺជាកូនខ្មែរកើតនិងរស់នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក។ នាងត្រូវបាន គេកត់សម្គាល់ថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងចំណេះដឹងភាសាបរទេស បូករួមទាំងរូបសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួតប្រជែងបវរកញ្ញា Miss Global International ឆ្នាំ២០១៧នេះ។
គួរជំរាបជូនថា ថ្មីៗនេះកម្ពុជាបានបញ្ជូនបេក្ខភាពទៅចូលរួមកម្មវិធីធំៗចំនួន៤រួមមានៈបវរកញ្ញាចក្រវាឡ បវរកញ្ញាអន្តរជាតិ បវរកញ្ញាផែនដី និងបវរកញ្ញាពិភពលោកនេះតែម្ដង។
សូមបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅរាត្រី ថ្ងៃទី១៧វិច្ឆិកា នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកផងដែរ។ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា តាមរយៈកម្មវិធីនេះ កម្ពុជារំពឹងថា នឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីវប្បធម៌និងអរិយធម៌របស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ