កម្ពុជា-ព្រំដែន

​ព្រំដែន​កម្ពុជា​-​ឡាវ​៖​ភាគី​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ខាង​បច្ចេកទេស​ស្នើ​ទៅ​បារាំង

លោក ​វ៉ា ​គឹមហុង​ ប្រធាន​គណកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា
លោក ​វ៉ា ​គឹមហុង​ ប្រធាន​គណកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា RFI/Siv Channa
១៥ នាទី

ភាគី​កម្ពុជា​កំពុង​តែ​ធ្វើ​បែប​បទ​បច្ចេកទេស​ដាក់​ទៅ​ជជែក​គ្នា​ជាមួយ​ភាគី​ឡាវ​សិន​ មុន​នឹង​ដាក់​ទៅ​អ្នក​ជំនាញការ​ផែនទី​បារាំង ដើម្បី​ជួយ​បម្លែង​ផែនទី​ព្រំដែន ​ពី​ខ្នាត​១​លើ​១​រយពាន់​ទៅ​ជា១លើ​៥០​ពាន់​វិញ​។​នេះជា​ការ​បញ្ជាក់​របស់​ប្រធាន​គណកម្មការ​ព្រំដែន​កម្ពុជា​នៅ​ថ្ងៃ​ចន្ទនេះ​។ គួរ​រំលឹក​ថា នាយក​រដ្ឋមន្ដ្រី​កម្ពុជា​និង​ឡាវ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ដើម្បី​សុំ​ផែន​ទី​ពី​បារាំង យក​មក​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-ឡាវ ដែល​នៅ​សេស​សល់​។

ផ្សាយពាណិជ្ជកម្ម

អត្ថបទ​ដោយ៖ អ៊ឹង ប៊ុនថន

លោក វ៉ា គឹមហុង ប្រធាន​គណកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​នៅ​ថ្ងៃទី​២៥ខែ​ធ្នូនេះ​ថា មុន​នឹង​អ្នក​ជំនាញការ​ផែនទី​បារាំង​មក​ជួយ គឺ​ទាល់​តែ​កម្ពុជា និង​ឡាវ ឯកភាព​គ្នាសិន​ថា ឲ្យ​បារាំង​មក​ជួយ​ត្រង់​ចំណុច​ណា ខណៈ​ព្រំដែន​ប្រទេស​ទាំង​ពីរ​នេះ​បាន​បោះ​បង្គោល​​ជាង​៨០%​ទៅ​ហើយ​នោះ​។ ​លោក​ថា​បញ្ហា​សេស​សល់​គឺទាល់​តែ​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​សិន នោះ​ទើប​អ្នក​ជំនាញ​ការ​ផែនទី​បារាំង​អាច​មក​ជួយ​ទៅតាម​សំណើ​របស់​កម្ពុជា​និង​ឡាវ​។ ​ជា​សំណើ​សុំ​ឲ្យ​អ្នក​ជំនាញ​ផែនទី​បារាំង ឲ្យ​ជួយ​ផ្ទេរ​ផែន​ទី ពី​ខ្នាត​១​លើ​១០០​ពាន់ ទៅ​ជា​ខ្នាត ១​លើ​៥០​ពាន់​វិញ ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន ដែល​នៅ​សេស​សល់។

ទាក់​ទង​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ថ្លែង​ថ្ងៃទី​២៧ ខែ​តុលា​ថា​បារាំង​បាន​យល់​ព្រម​ថា​នឹង​បញ្ជួន​អ្នក​ជំនាញ​ការ​ផែនទី​របស់​ខ្លួន​មក​កម្ពុជា​។ ប៉ុន្តែ​បើ​តាម​ លោក វ៉ា គឹមហុង បញ្ហា​ដែល​សែល​សល់​គឺ​កម្ពុជា​និង​ឡាវ​មិនទាន់​ឯកភាព​គ្នា​នៅ​ឡើយ ដែល​បញ្ហា​នេះ​ហើយ​ទើប​បារាំង​មិន​ទាន់​បញ្ជូន​អ្នក​ជំនាញ​ការ​ផែនទី​មក​នោះ។

គួរ​រំលឹក​ថា នាយក​រដ្ឋមន្ដ្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ដ្រី​ឡាវ លោក ថង លូនស៊ីស៊ូលីត បាន​ជួប​ប្រជុំ​គ្នា រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​កញ្ញា​គឺ​ជា​ការ​ពិភាក្សា​លើក​ទី​២ បន្ទាប់​ពី​មេ​ដឹក​នាំ​ទាំង​ពីរ បាន​ជួប​គ្នា​នៅទី​ក្រុង​វៀងច័ន្ទ កាល​ពី​ថ្ងៃទី​១២​សីហា​ឆ្នាំ​២០១៧ ខណៈ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅតំបន់​ជាប់​ព្រំដែន​។

ក្នុង​ជំនួប​នោះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ឯកភាព​គ្នាស្នើ​សុំ​ផែនទី​ព្រំដែន​ពី​រដ្ឋាភិបាល​បារាំង​និង​សុំ​ឲ្យ​អ្នក​ជំនាញការ​ប្រទេស​នៃ​អតីត​អាណានិគម​នៅតំបន់​ឥណ្ឌូចិន​នេះ​ជួយ​ផ្ទេរ​ផែន​ទី ពី​ខ្នាត​១​លើ​១០០​ពាន់ ទៅ​ជា​ខ្នាត ១លើ​៥០​ពាន់​វិញ ។

បើ​តាម​មន្ដ្រី​ព្រំដែន គឺ​កម្ពុជា និងឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០​គីឡូម៉ែត្រ ដោយ​ត្រូវ​បោះ​បង្គោល​ព្រំដែន​ប្រមាណ ១៤៥​បង្គោល។ ប៉ុន្តែ​មក​ទល់​ពេល​នេះ ភាគី​ទាំង​ពីរ​បាន​បោះ​រួច​ចំនួន​១២១​បង្គោល ស្មើ​នឹង ៨៣​ភាគ​រយ នៅ​សល់​ប្រមាណ ២៤​បង្គោល​ទៀត​ ខណៈ​ចំណុច​នៅ​សេស​សល់​នោះ គឺ​ស្ថិត​នៅ​ខេត្ត​ព្រះ​វិហារ និង​ខេត្ត​ស្ទឹង​ត្រែង៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI