កម្ពុជា-បោះឆ្នោត

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ ចិន​ជឿ​ថា​នឹង​មាន​យុត្តិធម៌​និង​ជ្រើស​បាន​មេ​ដឹក​នាំ​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ

រូបភាព​តំណាង៖ ពលរដ្ឋចូល​រួម​បោះឆ្នោតឃុំ​សង្កាត់
រូបភាព​តំណាង៖ ពលរដ្ឋចូល​រួម​បោះឆ្នោតឃុំ​សង្កាត់

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​របស់​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស Reuters។ ការ​បង្ហាញ​នូវ​ទំនុក​ចិត្ត​របស់​ចិន​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ផ្តាច់​ជំនួយ​សម្រាប់​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ហើយ​វា​ក៏​ធ្វើ​ឡើង​នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន​នៅ​កម្ពុជា​នា​ពេល​សប្តាហ៍​ក្រោយ​នេះ​ផង​ដែរ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសិទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Kong Xuanyou អនុរដ្ឋមន្រ្តី​ការ​បទេស​ចិន បាន​អះអាង​ដូច្នេះ​ថា ចិន​គោរព និង​គាំទ្រ​ចំពោះ​ដំណើរ​អភិវឌ្ឍ​ដែល​បាន​ជ្រើស​រើស​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ជឿ​ជាក់​ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​គ្រប់​ភាគី​អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន និង​ជ្រើស​រើស​បាន​នូវ​គណបក្ស​និង​អ្នក​ដឹក​នាំ​ដែល​បំពេញ​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។

ការ​ប្រកាស​ពី​ការ​ជឿ​ជាក់​ដោយ​ចំហរ​របស់​ចិន​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហគមន៍​អន្តរជាតិ​ជា​ពិសេស​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​បង្ហាញ​នូវ​ការ​មិន​ជឿ​ជាក់​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​នេះ។ នេះ​ក៏​ព្រោះ​តែ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​សម្រេច​រំលាយ​ចោល​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត។ ទន្ទឹម​​គ្នា​​នេះ អាមេរិក និង​សហភាព​អឺរ៉ុប​ក៏​បាន​សម្រេច​ផ្តាច់​ជំនួយ​របស់​ខ្លួន​មក​កាន់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា​តែ​ម្តង។

ក៏​ប៉ុន្តែ​ភ្លាមៗ ប្រទេស​ចិន​ដែល​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ចាត់​ទុក​ថា​ខ្នង​បង្អែក​របស់​កម្ពុជា​នោះ បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា​(គ.ជ.ប)​ជំនួស​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ ជាក់​ស្តែង កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ រដ្ឋាភិបាល​ចិន​បាន​បញ្ចូន​ជំនួយ​ជា​សម្ភារៈ បរិក្ខារ ចំនួន​៣០​មុខ​មក​ឲ្យ​គ.ជ.ប សម្រាប់​​ការ​​បោះ​​ឆ្នោត​​ជាតិ​​ឆ្នាំ​​២០១៨។ បន្ថែម​លើ​នេះ ចិន​ក៏​បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​គ.ជ.ប ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ចិន​​ធ្លាប់​បាន​ផ្ដល់​ជំនួយ​១២​លាន​ដុល្លារ​ដល់​គជប ម្តង​រួច​មក​ហើយ ដើម្បី​រៀប​ចំ​ការ​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់​កាល​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០១៧។

ក្រៅ​ពី​ចិន ជប៉ុន​ក៏​បាន​ប្រកាស​ជួយគ.ជ.ប ក្នុង​ការ​ធានា​ដំណើរការ​បោះ​ឆ្នោត​ជាតិ​នៅក្នុង​ឆ្នាំ​២០១៨នេះ​ផង​ដែរ​។ បើ​តាម​គម្រោង ជប៉ុន​នឹង​ផ្ដល់​ជំនួយ​៧,២​លាន​ដុល្លារ​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ។ ដោយ​ឡែក ​រដ្ឋាភិបាល​កម្ពុជា​វិញ ក៏​បាន​ប្រកាស​​ត្រៀម​ថវិកា​ជាតិ​ជាង​៥២​លាន​ដុល្លារ​ដែរ សម្រាប់​ដំណើរ​ការ​ការ​បោះ​ឆ្នោត​ជាតិ​នេះ។ ការណ៍​នេះ ​គឺ​ដើម្បី​ធានា​ឲ្យ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន បើ​ទោះ​បី​ប្រទេស​ខ្លះ​ផ្តាច់​ជំនួយ​ព្រោះ​តែ​រឿង​រំលាយ​គណបក្ស​សង្រ្កោះ​ជាតិ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI