កម្ពុជា-ច្បាប់

គណៈ​មេធាវី​កម្ពុជា ប្រកាស​បង្កើត​ការិយាល័យ​មេធាវី​នៅ​គ្រប់​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស ​ដើម្បី​ផ្តល់​សេវាផ្លូវ​ច្បាប់​ដល់​ជន​ក្រី​ក្រ​

លោក សួន វិសាល គណៈមេធាវី​កម្ពុជា
លោក សួន វិសាល គណៈមេធាវី​កម្ពុជា @សហការី

គណៈ​មេធាវី​កម្ពុជា នៅ​ថ្ងៃ​ម្សិល​មិញ បាន​ប្រកាស​ថា នឹង​រៀប​ចំ​ដាក់​ការិយាល័យ​មេធាវី​នៅ​តាម​ខេត្តក្រុង ទូ​ទាំង​ប្រទេស​ ដើម្បី​ផ្តល់​សេវា​ផ្លូវ​ច្បាប់ និង​ជួយ​ការ​ពារ​ក្តី​ដល់​ជន​ក្រី​ក្រ ដែល​មិន​មាន​លទ្ធភាព​ស្វែង​រក​មេធាវី​ក្នុង​ការ​តតាំង​រឿង​ក្តី​នៅ​ក្នុង​តុលាការ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​គណៈមេធាវី​កម្ពុជា ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២២ របស់​គណៈ​មេធាវី​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

លោក សួន វិសាល ប្រធាន​គណៈ​មេធាវី​កម្ពុជា អះ​អាង​ថា យន្ត​ការ​ថ្មី​របស់​គណៈ​មេធាវី ក្នុង​ការ​បង្កើតការិយាល័យ​មេធាវី​ទូ​ទាំង​ប្រទេស​នេះ នឹង​ផ្តើម​អនុវត្ត​ពី​ពេល​នេះ​ត​ទៅ​។ លោក ថា គិត​ត្រឹម​ពេល​នេះ មាន​មេធាវី​ចំនួន​ ២០០ នាក់​ហើយ ដែល​បាន​ចុះ​បញ្ជី​ក្នុង​ការ​ជួយ​ការ​ពារ​ក្តី​ជន​ក្រី​ក្រ​ទូ​ទាំង​ប្រទេស​។ ប្រធាន​គណៈ​មេធាវី​រូប​នេះ បន្ត​ថា កន្លង​មក​ការ​ជួយ​ការពារ​ជន​ក្រី​ក្រ គឺ​បាន​ធ្វើ​ខ្លះ​រួច​មក​ហើយ ក៏​ប៉ុន្តែមិន​មាន​សកម្មភាព​នៅ​គ្រប់​ខេត្ត​ក្រុង ទូ​ទាំង​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ក្រៅ​ពី​នេះ គណៈ​មេធាវី​កម្ពុជា ក៏​បាន​ធ្វើ​ផែន​ការ​ផ្តល់​មេធាវី​នៅ​តាម​បណ្តា​ខេត្ត​ដាច់​ស្រយាល ដែល​មិន​មាន​មេធាវី​ចុះ​ទៅ​ដល់​ និងបង្កើត​ឲ្យ​មាន​មេធាវី​នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង ទាំង​អស់​នៅ​ទូ​ទាំង​ប្រទេស ដែល​យ៉ាង​ហោច​ណាស់​ក៏មាន​មេធាវី​៥ នាក់ ក្នុង​ខេត្ត​នីមួយៗ​ផង​ដែរ​។

ថ្លែង​ក្នុង​មហា​សន្និបាត​លើក​ទី​២២​របស់​គណៈ​មេធាវី​កម្ពុជា លោក សួន វិសាល រៀប​រាប់​ថា ការ​ការ​ពារក្តី​ជន​ក្រីក្រ នឹង​ផ្តោត​ទៅ​លើ​ពាក្យ​បណ្តឹង ឬ​សំណុំ​រឿង ​ព្រហ្មទណ្ឌ​ដែល​មេធាវី​បាន​ជួយ​ការ​ក្តី​ពល​រដ្ឋ​ក្រីក្រ ហើយ​គណៈ​មេធាវី ក៏​កំពុង​តែ​ពិចារណា​បន្ថែម​ទៀត​ក្នុង​ពង្រីក​ជួយ​ការពារ​ក្តី​ដល់​រឿង​រដ្ឋប្បវេណី ដែល​មាន​ករណី​មួយ​ចំនួន​ប្រជាពល​រដ្ឋ​ជួប​រឿង​អយុត្តិធម៌​ ឬ​ការ​លំបាក ហើយ​គ្មាន​លទ្ធភាព ។

បើ​តាម​របាយការណ៍​របស់​គណៈមេធាវី​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ២០១៧នេះ មាន​សំណុំរឿង​ជន​ក្រី​ក្រ ប្រមាណ​ជាង ២០០០ ករណី ត្រូវ​បាន​គណៈ​មេធាវី​កម្ពុជា​ដោះ​ស្រាយ និង​ការពារ​ក្តី​តាមយន្ត​ការ​ការពារ​ជន​ក្រី​ក្រ​។ ហើយ​ដើម្បី​ទ្រទ្រង់​សកម្មភាព​នេះ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ផ្តល់​ទឹកប្រាក់​បន្ថែម​រហូត​ដល់​ ៩០០ លានរៀល ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ សម្រាប់​ការពារ​ក្តី​ជន​ក្រី​ក្រ ដែល​ថវិកានេះ​ មាន​ការ​កើន​ឡើង​ដល់ ៣០០ លានរៀល បើ​ធៀប​ថវិកា នៅ​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI