កម្ពុជា

កម្ពុជា​នឹង​កាត់​បន្ថយ​កុមារ​កំព្រា​ពី​មណ្ឌល​​ឲ្យ​បាន​៣០%​ពី​ឆ្នាំ​២០១៦​ដល់​ដំណាច់​ឆ្នាំ​២០១៨

កុមារនៅក្នុងមណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ប្រទេស​កម្ពុជា។
កុមារនៅក្នុងមណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ប្រទេស​កម្ពុជា។ @Facebook

ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា បាន​បង្ហាញ​ពី​ការ​កាត់​បន្ថយ​កុមារ​ពី​មណ្ឌល​កុមារ​កំព្រា​ប្រមាណ​ជា​៣០​ភាគ​រយ ឲ្យ​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ និង​សហគមន៍​របស់​ពួក​គេ​វិញ។ គម្រោង​កាត់​បន្ថយ​នេះ​ត្រូវ​បាន​ទំលាយ​ចេញ ខណៈ​ដែល​មាន​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រី ក្រសួង​សង្គម​កិច្ច និង​នាយក​ប្រតិបត្តិ​អង្គការ​យូនីសេហ្វ ប្រចាំ​តំបន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​លោក​វង សូត នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ស្រី Karin Hulshof នាយក​ប្រតិបត្តិ​អង្គការ​យូនីសេហ្វ ប្រចាំ​តំបន់ បាន​ថ្លែង​ថា ការ​កាត់​បន្ថយ​កុមារ​នៅ​ក្នុង​មណ្ឌល​មិន​មែន​មាន​ន័យ​ថា ជា​ការ​លុប​បំបាត់​មណ្ឌល​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​គោលការណ៍​ជា​ច្បាប់​របស់​កម្ពុជា កុមារ​ដែល​ទៅ​រស់​​នៅ​ក្នុង​មណ្ឌល​គឺ​ជា​ជំរើស​ចុង​ក្រោយ​បំផុត​នៅ​ក្នុង​ករណី​ដែល​ក្មេង​នោះ​កំព្រា​ពិត​ប្រាកដ។

តាម​ពិត​គម្រោង​កាត់​បន្ថយ​កុមារ​ពី​មណ្ឌល​គ្រប់​គ្រង​សង្គម​កិច្ច​នានា ត្រូវ​បាន​ក្រសួង​សង្គម​កិច្ច​បាន​ដំណើរ​ការ​បណ្តើរៗ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ដោយ​ការងារ​នេះ​បាន​ជះ​ផល​វិជ្ជមាន​និង​អវិជ្ជមាន​ដំណាល​គ្នា​ផង​ដែរ។ ទោះ​យ៉ាង​ណា ផែនការ​កាត់​បន្ថយ​កុមារ​៣០​ភាគ​រយ​ពី​មណ្ឌល​កុមារ​កំព្រា​នេះ ត្រូវ​បាន​គាំទ្រ​ពី​សំណាក់​អង្គការ​យូនីសេហ្វ​ផង​ដែរ។

លោក​តូច ចាន់នី អ្នក​នាំ​ពាក្យ​ក្រសួង​សង្គម​កិច្ច​បាន​ប្រាប់​វិទ្យុ​បារាំង RFI ​ថា​ការ​កាត់​បន្ថយ​កុមារ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ចំនួន​៣០​ភាគ​រយ​តាម​គោល​ដៅ​២០១៦-២០១៨ ចេញ​ពី​មណ្ឌល
គឺ​ត្រូវ​ផ្អែក​លើ​ស្ថានភាព​ជីវភាព​ក្រុម​គ្រួសារ​របស់​ក្មេង​ដែរ ដូច​ជា​លទ្ធភាព​សាច់​ញាតិ លទ្ធភាព​ឳពុក ឬ​ម្តាយ ដែល​អាច​រ៉ាប​រង​កុមារ​បាន។ កុមារ​អាច​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម ទៅ​ក្នុង​គ្រួសារ ​ឬ​ក៏​ទៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ដែល​មាន​លទ្ធភាព។

ជា​ការ​កត់​សម្គាល់​ចំនួន​កុមារ​កំព្រា​មាន​ការ​ថយ​ចុះ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​ទសវត្ស​ចុង​ក្រោយ​នេះ ថយ​ចុះ​ដោយ​សារ ប្រទេស​កម្ពុជា​មិន​មាន​សង្គ្រាម ដែល​ជា​ហេតុផល​ដ៏​ចំបង​បណ្តាល​ឲ្យ​មាន​ការ​ព្រាត់​ប្រាស់​និង​នាំ​ឲ្យ​កុមារ​ក្លាយ​ជា​កំព្រា។ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក តូច ចាន់នី។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន ប្រទេស​កម្ពុជា​មាន​មណ្ឌល​កុមារ​កំព្រា រួម​ទាំង​ផ្ទះ​ស្នាក់​នៅ​បណ្តោះ​អាសន្ន មាន​ប្រមាណ​ជា​ជាង ៤០០​មណ្ឌល និង​មាន​កុមារ​កំព្រា​ចំនួន​ជិត​២​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI