ចលនាសង្រ្គោះជាតិរបស់លោកសម រង្ស៊ីគ្រោងស្នើឲ្យកងទ័ពនិងមន្រ្តីរាជការឈប់គាំទ្របក្សកាន់អំណាច
តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ចលនាសង្រ្គោះជាតិរបស់លោកសម រង្ស៊ី ដែលរដ្ឋាភិបាលកម្ពុជាហៅថាជា "ចលនាខុសច្បាប់" នោះ បានអំពាវនាវអោយពលរដ្ឋខ្មែរឈប់ចាក់សាំងតេលា។ យុទ្ធនាការទី២នេះធ្វើឡើងក្រោយពីចលនានេះ បានអំពាវនាវកុំឲ្យពលរដ្ឋបរិភោគទឹកបរិសុទ្ធម៉ាកវីតាល់។ ក៏ប៉ុន្តែយុទ្ធនាការទាំងពីរនេះ គេនៅមិនទាន់ដឹងថាទទួលបានជោគជ័យឬយ៉ាងណានៅឡើយទេ។ ចំណែកយុទ្ធនាការបន្ទាប់ទៀត ចលនាសង្រ្គោះជាតិគ្រោងនឹងអំពាវនាវឲ្យកងទ័ព និងមន្ត្រីរាជការឈប់គាំទ្របក្សកាន់អំណាច តែអ្នកនាំពាក្យបក្សនេះតបវិញថា ជាការអំពាវនាវអត់ប្រយោជន៍។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អគ្គលេខាធិការចលនាសង្រ្គោះជាតិ គឺលោករី គា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារនេះថា ចលនាសង្រ្គោះជាតិគ្រោងនឹងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រក្សានូវភាពស្ងៀមស្ងាត់ហើយនៅជាមួយប្រជាជន និងអ្នកប្រជាធិបតេយ្យ ពោល គឺឈប់គាំទ្រគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបច្ចុប្បន្នតទៅទៀត។ តាមលោករី គា យុទ្ធនាការនេះ នឹងត្រូវអំពាវនាវជាផ្លូវការតាមរយៈវីដេអូខ្លីបនៅតាមបណ្តាសង្គមនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលលោកសម រង្ស៊ី ដែលជាប្រមុខចលនាសង្រ្គោះជាតិ បានចេញវីដេអូអំពាវនាវដល់កងទ័ពរួចទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោករី គា បានគូសបញ្ជាក់ថា ការអំពាវនាវនេះមិនមែនឲ្យកងទ័ព និងមន្រ្តីរាជការក្រោកបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាឡើយ។
លោកសុខ ឥសានដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកការអំពាវនាវនេះថា គ្មានប្រយោជន៍ និងគ្មានប្រសិទ្ធភាពនោះទេ។ លោកថា គ្មានប្រជាពលរដ្ឋកម្ពុជាណាទៅស្តាប់តាមការអំពាវនាវរបស់ចលនាសង្រ្គោះជាតិដែលមានលោកសម រង្ស៊ីជាប្រមុខនោះទេ។ នេះក៏ព្រោះថា លោកសម រង្ស៊ី ត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាជនក្បត់ជាតិ ដែលបើតាមលោកសុខ ឥសាន គឺអស់តម្លៃដើម្បីឲ្យប្រជាពលរដ្ឋស្តាប់តាមទៅហើយ។ សម្រាប់លោកសុខ ឥសាន នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅយ៉ាងសុខសាន្តក្រោមការដឹកនាំរបស់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។
គេនៅចាំបានថា ដោយសារតែការអំពាវនាវឲ្យកងទ័ពឈប់គាំទ្របក្សកាន់អំណាច និងប្រឆាំងរដ្ឋាភិបាលកម្ពុជានេះហើយ លោកសម រង្ស៊ី ធ្លាប់ត្រូវបានប្រមុខកងទ័ពខ្មែរដាក់ពាក្យប្តឹងទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញម្តងរូចហើយ។ បន្ថែមលើនេះ ប្រមុខកងទ័ព និងមន្រ្តីសំខាន់ៗផ្សេងទៀតនៅក្នុងជួរដ្ឋាភិបាលកម្ពុជា ក៏ចេញមុខថ្កោលទោសលោកសម រង្ស៊ីជាបន្តបន្ទាប់។ បន្ថែមលើនេះ នៅពេលនេះ លោកសម រង្ស៊ី ក៏កំពុងរងនូវបណ្តឹងពីបទក្បត់ជាតិនៅតុលាការខ្មែរមួយទៀតដែរ ដោយលោកត្រូវបានរដ្ឋាភិបាលកម្ពុជាចោទថា បានចុះហត្ថលេខាកាត់ខេត្តរបស់ខ្មែរចំនួន៤ឲ្យទៅក្រុមជនជាតិភាគតិចវៀតណាម ប្រសិនបើគណបក្សសង្រ្គោះជាតិបានដឹកនាំរដ្ឋាភិបាលនោះ។
យ៉ាងណាក៏ដោយ លោកសុខ ឥសាន បានព្រមានជាមុនទៅកាន់លោកសម រង្ស៊ីថា ប្រសិនបើលោកសម រង្ស៊ី នៅតែបន្តធ្វើសកម្មភាពអំពាវនាវឲ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាតទៅទៀត នោះមេដឹកអតីតបក្សប្រឆាំងរូបនេះនឹងមានពិរុទ្ធភាពកាន់តែខ្លាំងឡើងថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ