លោកហ៊ុន ម៉ាណែតថាកងទ័ពគ្មានភារកិច្ចការពារបក្សណាមួយទេ
លោកហ៊ុន ម៉ាណែតកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឲ្យដឹងនៅព្រឹកនេះថាកងយោធពលខេមរភូមិន្ទមិនមានភារកិច្ច ត្រូវការពារបក្សណាទេ គឺការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពាររដ្ឋធម្មនុញ្ញ។ នេះមិនមែនជាលើកទីមួយទេ ដែលកងទ័ពតែងតែការពារខ្លួនចំពោះការចោទប្រកាន់នានា ដែលថាពួកគេមានភាពលំអៀងទៅរកគណបក្សកាន់អំណាច។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី២៥ ខែធ្នូ នេះ លោកហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមបើកវិញ្ញាសារប្រលងជ្រើសរើសនាយទាហានសម្រាប់ឆ្នាំ២០១៧ ឆ្លើយនឹងសំនួររបស់អ្នកកាសែតជុំវិញអព្យាក្រិតភាពរបស់កងទ័ពថា សុខសន្តិភាពរបស់កម្ពុជារហូតមកដល់ពេលនេះ គឺដោយសារកងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ការពារជាតិ និងប្រជាជន ដោយមិនរើសអើងបក្សណាមួយទេ។
លោកហ៊ុន ម៉ាណែតឆ្លើយបន្តថា កងកម្លាំងប្រដាប់អាវុធ គឺមានតួនាទីការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងបំរើប្រជាពលរដ្ឋ។ ចំពោះការជឿលើគណបក្សនយោបាយណាមួយនោះ គឺជាសិទ្ធិរបស់បុគ្គល។ លោកសង្កត់ធ្ងន់ថា ការបំពេញតួនាទីភារកិច្ចគឺដាច់ស្រឡះពីគ្នា ពោលគឺគ្មានភារកិច្ចរបស់កងយោធពលខេមរភូមិន្ទទៅការពារបក្សណាមួយទេ គឺការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពាររដ្ឋធម្មនុញ្ញ។
ការលើកឡើងរបស់ហ៊ុន ម៉ាណែតធ្វើឡើងក្នុងពេលដែលលោកបានចូលរួមអង្កេត និងបើកវិញ្ញាសារ នៅវិទ្យាល័យបាក់ទូក សម្រាប់ការប្រលងជ្រើសរើសនាយទាហានសកម្មជំនាន់ទី២១ នាយទាហានទ័ពជើងគោកជំនាន់ទី៩ និងនាយទាហានវគ្គបន្តវេនជំនាន់ទី១០ ដែលមានបេក្ខជនទាំង ៤០១១នាក់ បានដាក់ពាក្យប្រលងឆ្នាំ ២០១៧ ទាំង ៦មណ្ឌលទូទាំងប្រទេស។
កន្លងមកក្រុមអ្នកវិភាគសង្គម និងនយោបាយ តែងតែបង្ហាញក្តីបារម្ភរបស់ខ្លួនចំពោះអព្យាក្រិតភាពរបស់កងទ័ពកម្ពុជា ក្រោយពីមាននាយឧត្តមសេនីយ៍យោធាម្នាក់កាលពីខែកញ្ញា អំពាវនាវឲ្យកងទ័ពត្រៀមខ្លួនអនុវត្តបទបញ្ជាការពារការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជាបានចាត់ទុកការអំពាវនាវនេះថា គឺជាការខ្លាចស្រមោលខ្លួនឯង ហើយថា គេមិនឃើញមានសញ្ញានៃការប្តួលរំលំរដ្ឋាភិបាលនោះទេ។
លោកបណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយធ្លាប់បានប្រាប់ RFI កាលពីខែកញ្ញាថា លោកមិនទាន់ឃើញភស្តុតាងអ្វីជាដុំកំភួនរបស់យោធា ក្នុងការការពារប្រជាជនទេ។ ប៉ុន្តែអ្វីដែលលោកមើលឃើញក្នុងរយៈពេល២ឆ្នាំចុងក្រោយ គឺកងទ័ព ឬកងកម្លាំងប្រដាប់អាវុធត្រូវបានគេប្រើ ដើម្បីគំរាមពលរដ្ឋខ្លួនឯង ជាជាងការការពារ។
លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងថាលោកមិនចង់ធ្វើអធិប្បាយណាមួយចំពោះអព្យាក្រិតភាពរបស់កងទ័ពទេ ហើយលោកឲ្យយកសំនួរនេះទៅសួរអ្នកវិភាគវិញ។ ប៉ុន្តែលោកថាកន្លងមកកម្ពុជាមានច្បាប់ទាក់ទងនឹងលក្ខន្តិករបស់កងទ័ព ប៉ុន្តែការអនុវត្តវិញមិនទាន់បានត្រឹមត្រូវ ពេញលេញទេ។ លោកបញ្ជាក់ថា មានលក្ខណបក្សច្រើនជាងជាតិ ដែលនេះគឺជាចំណុចខ្វះខាត និងត្រូវធ្វើការកែតម្រូវ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ