កម្ពុជា-សេដ្ឋកិច្ច

កម្ពុជា​ស្នើចិន​ឲ្យ​បង្កើន​ការនាំចូល​ផលិតផល​ខ្មែរ​ដោយ​មិនយកពន្ធ​និង​មិនកំណត់​កូតា

លោក នាយករដ្ឋមន្រ្តីហ៊ុន សែន និង លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន ជួបពិភាក្សាការងារស្តីពីទំនាក់ទំនងកម្ពុជា ចិន កាលពីថ្ងៃទី ១០ ខែ​ កញ្ញា ឆ្នាំ ២០១៦
លោក នាយករដ្ឋមន្រ្តីហ៊ុន សែន និង លោក ចាង កាវលី ឧបនាយករដ្ឋមន្រ្តីចិន ជួបពិភាក្សាការងារស្តីពីទំនាក់ទំនងកម្ពុជា ចិន កាលពីថ្ងៃទី ១០ ខែ​ កញ្ញា ឆ្នាំ ២០១៦ @hunsenprimeministerfb

លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១០ កញ្ញា បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ចិន ឲ្យ​ពិចារណា នាំ​ចូល​ផលិតផល​ពី​ប្រទេស​កម្ពុជា ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដោយ​មិន​មាន​កូតាកំណត់​ចំនួន និង មិន​គិត​ពន្ធ។ សូម​បញ្ជាក់​ថា ចិន​គឺ​ជា​ទីផ្សារ​ពាណិជ្ជ​នាំ​ចូល​ផលិត​ផលកសិកម្ម​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា និង​មាន​ទំហំ​ទឹក​ប្រាក់​ពាណិជ្ជកម្ម ប្រមាណ ៤.៣ ប៊ីលាន ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ពង្រីក​ទីផ្សារ​នាំ​ចូល​ទៅ​កាន់​ប្រទេស​មហាចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុងជំនួប​ជាមួយ ឧប​នាយករដ្ឋមន្រ្តី​ចិន លោក ចាង កាវលី នៅ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន បាន​ស្នើសុំ​ចិន​ឲ្យ​បន្ថែម​ការ​នាំ​ចូល​ផលិត​ផល ដោយ​លើក​លែង​របាំង​ពន្ធ​នាំ​ចូល និង មិន​កំណត់​កូតា។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន ធ្វើ​ការ​ពិភាក្សា​ជាមួយ​គ្នា ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​លើ​បញ្ហា​នេះ។

ក្រៅ​ពី​នេះ កាល​ពី​ពេល​សប្តាហ៍​មុន នៅ​អំឡុង​កិច្ច ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ​ផ្សេងៗ នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ  ភាគីចិន ក៏​បាន​យល់​ព្រមបង្កើន​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​បន្ថែម​ទៀត ពី ១០ ម៉ឺនតោន ដល់ ២០ម៉ឺន តោន​នៅ​ក្នុង​មួយ​ឆ្នាំ ចាប់​ពី​ឆ្នាំ ២០១៧ តទៅ ។ ការ​យល់​ព្រម​នាំ​ចូល​អង្ករ​ពី​កម្ពុជាបន្ថែម​នេះ ចំពេល​ដែល​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា កំពុង​ដាំ​ក្បាល​ចុះ។

បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន ច្រក​ចេញ​ចូល​តែមួយ សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ នៅ​ក្នុង​រយៈពេល ៨ខែ ឆ្នាំ​២០១៦​នេះ កម្ពុជា​បាន​ចេញ​អង្ករ​បាន​៣២ម៉ឺន​តោន ធ្លាក់ចុះ​៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ២០១៥​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចិន បាន​ដាក់​ទិស​ដៅ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេសកម្ពុជា​និង​ចិន ដែល​មាន​ទំហំ​ទឹក​ប្រាក់ ជាង ៥ ប៊ីលាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ ។ ដើម្បី​សម្រេច​ទិស​ដៅ​នេះ នៅ​ក្នុង​ផែន​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រយៈ​ពេល ៥ឆ្នាំ រវាង​កម្ពុជាចិន (២០១៣-២០១៧) ក្រោម​ផែនការ​សហប្រតិបត្តិការ​ដៃ​គូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយកម្ពុជា-ចិន កម្ពុជា​បាន​ព្យាករណ៍​ពី​ទំហំពាណិជ្ជកម្ម​ទ្វេ​ភាគី​មាន​ចំនួន​ទឹក​ប្រាក់ ៤.២១០ លានដុល្លារ (កំណើន១០%) នៅ​ឆ្នាំ​២០១៥ និង​ចំនួន ៤,៣១៤ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ (កំណើន៨%) និង​ចំនួន ៥,០១៤ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ (កំណើន៦%)។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ ចិន​បាន​បណ្តាក់​ទុន ចំនួន ៧.៥៨០ លាន​ដុល្លារ​នៅ​កម្ពុជា ដែល​មាន​ក្រុមហ៊ុន​១០២ និង​មានគម្រោង​ចំនួន ៣៣៥ ។ លើស​ពី​នេះ ប្រទេស​ចិនក៏​បាន​សន្យា​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៦០០​លាន​ដុល្លារ​ សម្រាប់គាំទ្រ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ក្នុងរយៈ​ពេល​៣​ឆ្នាំ ចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ ២០១៨ ។

ក្រៅ​តែ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង ការ​វិនិយោគ រដ្ឋាភិបាល​ចិន ក៏បាន​យល់ព្រម​ផងដែរ ក្នុង​ការជួយ​ស្ថាបនា និង​ជួសជុល​កំណាត់​ផ្លូវ​លេខ​៥១ ស្តារ​ប្រព័ន្ធធារាសាស្ត្រ​នៅ​ទន្លេ​វ៉ៃ​កូ ក្នុង​ខេត្ត​ស្វាយរៀង ក៍​ដូច​ជា​ការជួយ​ជួសជុល​ប្រាសាទអង្គរវត្ត ហើយ​អាច​ឈាន​ទៅ ជួសជុល​ប្រាសាទ​ព្រះវិហារ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI