អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ប្រសិទ្ធិភាព​នៃ​អន្តរាគមន៍​របស់​បក្សនយោបាយ​ក្នុង​ពិធី​បុណ្យជាតិ

សំឡេង ០៧:២១
រូបភាពព្រះសង្ឃស្ថិតនៅក្នុងសាលាឆាន់ នៅរដូវភ្ជុំបិណ្ឌ។
រូបភាពព្រះសង្ឃស្ថិតនៅក្នុងសាលាឆាន់ នៅរដូវភ្ជុំបិណ្ឌ។ RFI/ Siv Channa

នៅ​ពេល​ដែល​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ធំ​ៗ​ខិត​ជិត​មក​ដល់​ កង្វល់​ពី​ការ​ឡើង​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជូន​តែងតែ​កើត​មាន​ឡើង​ ជា​ពិសេស​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ធនធាន​និង​ក្រុម​កម្មករ​រោងចក្រ។​ ប៉ុន្តែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​​វាត្រូវ​ការ​អន្តរាគមផ្ទាល់​ពី​រដ្ឋាភិបាល ​ពី​អាជ្ញាធរ​ជា​ពិសេស​វា​ជា​ឱកាស​សម្រាប់​គណបក្ស​នយោបាយ​សម្រាប់​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​លើ​ម្ចាស់​ឆ្នោត។​

ផ្សាយពាណិជ្ជកម្ម

​ជា​រៀងរាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ទូទៅ ​រូម​មាន​មន្ត្រី​រាជការ ​បុគ្គលិក​បម្រើ​ការ​ក្រុមហ៊ុន​ឯកជន​និង​កម្មករ​ កម្មការនី​រោងចក្រ​តែងតែ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ឈប់​សម្រាក​សម្រាប់​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​សំខាន់​ៗ​ដូចជា​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ដើម។​

ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សំគាល់​នោះ​គឺ​នៅ​ក្នុង​អំឡុង​ពេល​ឈប់​សម្រាក​ទាំង​នោះ​មធ្យោបាយ​ធ្វើ​ដំណើរ​ឈ្នួល​នានា​ដូចជា​រថយន្ត​ក្រុង​ និង​រថយន្ត​តាក់ស៊ី​ជា​ដើម​តែងតែ​តម្លើង​ថ្លៃ​សេវាកម្ម​ខ្ពស់​កប់​ពពក​ ជួន​កាល​តម្លៃ​សេវាកម្ម​ទាំង​នោះឡើ​ង​ថ្លៃ​ស្ទើរ​តែ​ទ្វេដង។ ​រដ្ឋាភិបាល ​សមាគម​ អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​អជ្ញាធរ​សុទ្ធតែ​ធ្លាប់​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ថៅកែ​មធ្យាបាយ​ដឹកជញ្ជូន​អ្នក​ដំណើរ​ឬ​ម្ចាស់​រថយន្ត​តាក់ស៊ី​ កុំ​តម្លើង​ថ្លៃ​សេវាកម្ម​ក្នុង​ឱកាស​ទាំង​នោះ។ ​ប៉ុន្តែ​ការ​អំពាវនាវ​ទាំង​ឡាយ​នោះ​មិន​ដែល​មាន​ប្រសិទ្ធិភាព​នោះ​ទេ។​ មិន​ដែល​មាន​ប្រសិទ្ធិភាព​ដោយសារ​ថា​ម្ចាស់​រថយន្ត​តាក់ស៊ី ​ឬ​ថៅកែ​រថយន្ត​ក្រុង​មិន​ដែល​អើពើ​យល់ព្រម​រក្សា​តម្លៃ​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​តម្លៃ​ថេរ​នោះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​និង​អជ្ញាធរ​មាន​សមត្ថកិច្ច​តែង​តែ​ពន្យល់​ថា​ការណ៍​ដែល​អំពាវនាវ​មិន​មាន​ប្រសិទ្ធិភាព​ដោយសារ​តែ​វា​ជា​ទីផ្សារ​សេរី ​រដ្ឋាភិបាល​និង​អជ្ញាធរ​មាន​សមត្ថកិច្ច​មិនមាន​អំណាច​បង្ខិត​បង្ខំ​លើ​ក្រុមហ៊ុន​ឯកជន​ឬ​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​ឈ្នួល​នោះ​ទេ។​ នេះ​ជា​មូល​ហេតុ​​សមរម្យ​មួយ។​ ប៉ុន្តែ​ក្រៅ​ពី​ការ​អំពាវនាវ​ខ្យល់​ គេ​សម្លឹង​ឃើញ​តួនាទី​របស់​គណបក្ស​នយោបាយ​មាន​សារសំខាន់​នៅ​ក្នុង​ការ​ជួយ​ដោះស្រាយ​ឬ​អន្តរាគម​យ៉ាង​មាន​ប្រសិទ្ធិភាព​បាន។

ហេតុអ្វី​​បានជា​មាន​ការ​អះអាង​បែប​នេះ?​

ការ​អះអាង​បែប​នេះ​​គឺ​ដោយសារ​តែ​គណបក្ស​នយោបាយ​ទាំង​ឡាយ​ហាក់​ដូចជា​ទ្វេស​ប្រហែស​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​​ពី​ឆន្ទៈ​ពិតប្រាកដ​​និង​វិធីសាស្ត្រ​ជាក់ស្តែង​ក្នុង​ការ​ដោះ​ស្រាយ​ចំណោទ​នៃ​ការ​ឡើង​ថ្លៃ​ឈ្នួល​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​នោះ។​

ជា​ការ​ពិត​ក្នុ​ង​ឱកាស​នៃ​ពិធីទំនៀម​ទំលាប់​នេះ គឺជា​ឱកាស​ដែល​ពលរដ្ឋ​គ្រប់​រូប​នឹង​ត្រូវ​ចាយ​ វាយ​ឬ​ចំណាយ​ច្រើន​បំផុត​ខុស​ពី​ថ្ងៃ​ធម្មតា។​ដោយ​ឡែក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​មធ្យម​ឬ​ជីវភាព​អន់ខ្សោយ​ ការ​តម្លើង​ប្រាក់​ឈ្នួល​លើ​សេវាកម្ម​ដឹកជញ្ជូន​ពិត​ជា​ប៉ះពាល់​យ៉ាង​សំខាន់​លើ​ប្រាក់​សន្សំ​របស់​ពួកគេ​ដែល​បាន​ត្រៀម​សម្រាប់​ដោះស្រាយ​ក្នុង​ពេល​ចូលរួម​ពិធី​បុណ្យ​នោះ។​

ការ​​ប៉ះពាល់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគច្រើន​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ឡើយ។ ​ជាពិសេស​អ្នក​ដែល​ទទួល​រង​ផល​ប៉ះពាល់​លើ​ប្រាក់​សន្សំ​ខ្លាំង​ជាង​គេ​នោះ​គឺ​កម្មករ​ កម្មការនី​រោងចក្រ​វាយនភន្ត័។ ​

ក្រុម​​កម្មករ​​រោងចក្រ​​ដែល​​តំណាង​​ឲ្យ​​កម្លាំង​​ពលកម្ម​​នៃ​​សង្វាក់​​ផលិតកម្ម​​នាំ​​ចេញ​​ឈាន​​មុខ​​​​​គេ​​នៅ​កម្ពុជា​​ ហើយ​​ក៏​​ជា​​កម្លាំង​​សម្លេង​​ឆ្នោត​​យ៉ាង​​សំខាន់​​សម្រាប់​​គណបក្ស​​នយោបាយ​​ដើម្បី​​ស្វែង​​រក​​ការ​​គាំទ្រ។​​

ម្យ៉ាង​​វិញ​​ទៀត​​ការ​​បណ្តោយ​ឲ្យ​ឈ្នួល​សេវាកម្ម​ដឹកជញ្ជូន​ឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​រាល់​ពេល​បុណ្យ​ទាន​ម្តង​ៗ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ ឬ​ក៏​អាច​និយាយ​ម្យ៉ាង​ទៀត​ថា​វា​នឹង​ក្លាយ​ជា​គំរូឬ​ប្រពៃណី​អាក្រក់​ក្នុង​ការ​រង់ចាំ​ឆ្លៀត​ឱកាស​បែបនេះ។ ​ជា​ពិសេស​ទៅទៀត​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​ឆ្លៀត​ឱកាស​បែប​នេះ ​ហាក់​ដូចជា​ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ការ​អនុវត្ត​ប្រាសចាក​នឹង​គោលការណ៍​នៃ​ភាពស្មោះត្រង់​និង​ភាព​ត្រឹមត្រូវ​ក្នុង​ជំនួញ​ដែល​អាច​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​នៃ​អំណាច​ច្បាប់​បាន។​

ដូច្នេះ​គណបក្ស​នយោបាយ​អាច​នឹង​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​ខ្លួន​ឡើង​វិញ​បាន។ ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​ ឬ​បក្សនយោបាយនានា ​ឬ​អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ឲ្យ​បញ្ចុះ​តម្លៃ​ឈ្នួល​សេវាកម្ម​ដឹកជញ្ជូន​មិន​បាន​ប្រសិទ្ធិភាព ​គណបក្ស​នយោបាយ​ឬ​រដ្ឋាភិបាល ​និង​អាជ្ញាធរ​របស់​រដ្ឋ​អាច​នឹង​បញ្ចេញ​នូវ​រថយន្ត​របស់​ខ្លួន​ដើម្បី​ជួយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ឬ​ដោយ​យក​ប្រាក់​ឈ្នួល​ទាប​បំផុត។ ​

ការ​បញ្ចេញ​នូវ​យានជំនិះ​របស់​បក្ស​នយោបាយ ​ទាំង​គណបក្ស​ក្នុង​រដ្ឋាភិបាល ​ទាំង​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ ឬ​ទាំង​មធ្យាបាយ​របស់​រដ្ឋ​នឹង​ផ្តល់​ផល​វិជ្ជមាន​ជា​ច្រើន។

​ទី១-​ វា​នឹង​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ពី​អ្នក​នយោបាយ​ឬ​រដ្ឋាភិបាល​ចំពោះ​ការ​លំបាក​ចំពោះ​មុខ​ដែល​ជា​ការ​ប្រឈម​ដដែល​ៗ​ដោះស្រាយ​មិន​ចេញ​ដោយ​គណបក្ស​នយោបាយ​ទាំង​នោះ​មិន​ចាំបាច់​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ចែក​អំណោយ ​តែ​ក្នុង​អំឡុង​ពេល​កៀក​បោះឆ្នោត​ឬ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នោះ​ឡើយ។ ​

ទី២- ជួយ​ការពារ​ប្រាក់​សន្សំ​របស់​ប្រជាពលរដ្ឋ​ខ្សត់ខ្សោយ​ជាពិសេស​កម្មករ​ កម្មការនី។​ហើយ​ពួក​គេនឹង​មាន​លទ្ធភាព​ប្រើប្រាស់​ប្រាក់​សន្សំ​នេះ​បាន​ទូលំទូលាយ​ជាង​មុន​សម្រាប់​ពិធី​បុណ្យ​ភ្ជុំ​ ឬ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ។

ទី​៣- ការ​បញ្ចេញ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​រដ្ឋ​ មធ្យោបាយ​ដឹក​ជញ្ជូន​របស់​គណបក្ស​នយោបាយ​នឹង​ចូលរួម​អន្តរាគម​ដោយ​ផ្ទាល់​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ។ដ្បិត​ជា​ទូទៅ​មធ្យោបាយ​ធ្វើ​ដំណើរ​ឯកជន​ ជា​ពិសេស​រថយន្ត​តាក់​ស៊ី ​តែងតែ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំនួន ​អង្គុយ​ប្រជ្រៀត​គ្នា​ រួម​មាន​ការ​ផ្ទុក​អ្នក​ដំណើរ​លើ​ដំបូល​ឬ​ផ្ទុក​អ្នក​ដំណើរ​ហៀរ​ដល់កន្ទុយ​រថយន្តតោង​រណេង​រណោងទៀ​តផង។ ​

ទី៤-អន្តរាគម​ទាំង​នេះនឹង​ជួយ​ផ្សារ​ភ្ជាប់​ភាព​ជិតស្និទ​រវាង​ម្ចាស់ឆ្នោត ​កម្មករ ​កម្មការនី ​អ្នក​មាន​ធនធាន​និង​លទ្ធភាព​ធ្វើ​ដំណើរ​​តិចតួច​ជា​មួយ​រដ្ឋាភិបាល​និង​ជាមួយ​បក្ស​នយោបាយ។ ​ជា​ពិសេស​កសាង​បាន​ទំនុកចិត្ត​និង​ការ​ជឿជាក់​ពី​ម្ចាស់​ឆ្នោត។​

ទី៥-ការ​បញ្ចេញយា​នយន្ត​របស់​រដ្ឋាភិបាល របស់​អាជ្ញាធរ​និង​យានយន្ត​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លទ្ធភាព​តិចតួច​នឹង​រារាំង​យ៉ាង​មាន​ប្រសិទ្ធិភាព​នូវ​គម្រោង​ការណ៍​ឡើង​ថ្លៃ​ឈ្នួល​សេវាកម្ម​ដឹក​ជញ្ជូន។ មួយ​វិញ​ទៀត​​វា​នឹង​បង្កើត​បាន​នូវ​វប្បធម៌​ចែក​រំលែក​ការ​លំបាក​របស់​ប្រជារាស្ដ្រ​យ៉ាង​ពិត​ប្រាកដ​ដោយ​មិនចាំបាច់​សម្លឹង​រង់ចាំ​ដល់​រដូវ​ឃោសនា​បោះឆ្នោត។ ​

និង​ទី៦-​ ការ​បញ្ចេញ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​រដ្ឋ​ឬ​របស់​គណបក្ស​នយោបាយ​នឹង​កសាង​នូវ​វប្បធម៌​ថ្មី​មួយ​ទៀត​ក្នុង​សង្គ​ម​ខ្មែរ​ដោយ​អ្នក​នយោបាយ​ បក្ស​នយោបាយ​ឲ្យ​តម្លៃ​ពិត​ប្រាក​ដ​ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ ដល់​ម្ចាស់​ឆ្នោត​របស់​ខ្លួន និង​គឺ​ជា​អាកប្ប​កិរិយា​ទន់​ភ្លន់​ សីល​ធម៌​គោរព​ម្ចាស់​ឆ្នោត​បើ​ទោះ​ជា​ក្រុម​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ស្ថិត​ក្នុង​ការ​ប្រឈម​រយៈ​ពេល​ខ្លី​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ