កម្ពុជាបរិច្ចាគថវិកាមនុស្សធម៌ចំនួន ២៥០ ០០០ ដុល្លារ ដល់ឥណ្ឌូណេស៊ី បន្ទាប់ពីរញ្ជួយដី
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារនេះ បានបរិច្ចាគថវិកាចំនួន ២០០ ០០០ ដុល្លារ សម្រាប់ជួយដល់ប្រទេសឥណ្ឌូណេស៊ី ដែលរងនូវគ្រោះរញ្ជួយដីដ៏អាក្រក់ ដែលបណ្តាលឲ្យមនុស្សស្លាប់និងរបួសរាប់ពាន់នាក់។ ការផ្តល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងខណៈកាកបាទក្រហមកម្ពុជា ក៏បានចូលរួមបរិច្ចាគថវិកាមនុស្សធម៌ចំនួន ៥ម៉ឺនដុល្លារផងដែរ ដល់ប្រទេសឥណ្ឌូណេស៊ី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមលិខិតចុះថ្ងៃទី១ខែតុលា ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានសម្រេចចិត្តចូលរួមចំណែកនូវទឹកប្រាក់ចំនួន ២សែនដុល្លារ ជាជំនួយមនុស្សធម៌ សម្រាប់រំលែកទុក្ខដល់ជនរងគ្រោះដោយសារមហន្តរាយពីគ្រោះធម្មជាតិដ៏សោកនាដកម្មនេះ។
គឺជាការរួមចំណែកនូវទឹកប្រាក់ដ៏ច្រើនគួរសម ខណៈកម្ពុជាស្ថិតនៅជាប្រទេសមានឋានៈកំពុងអភិវឌ្ឍន៍។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា វាជាកាយវិការបង្ហាញនូវសាមគ្គីភាពជាមួយ រដ្ឋាភិបាល និងប្រជាជនឥណ្ឌូណេស៊ី នៅក្នុងគ្រាលំបាក។
ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី ក៏បានចូលរួមវិភាគទាន នូវទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារដែរ ទៅកាន់សមាគមជាតិកាកបាទក្រហមឥណ្ឌូណេស៊ី។
លើសពីនេះ ទាំងលោក ហ៊ុន សែន ទាំងភរិយារបស់លោក តាងនាមឲ្យស្ថាប័នផ្សេងគ្នា សុទ្ធតែបានសម្តែងតាមរយៈលិខិតដោយឡែកនូវក្តីរន្ធត់ចំពោះការបាត់បង់ជីវិត ការរងរបួស និងការបាត់ខ្លួន ប្រជាជនឥណ្ឌូណេស៊ី ដែលបណ្តាលមកពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ព្រមទាំងចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលនិងពលរដ្ឋឥណ្ឌូណេស៊ីផងដែរ។
ជុំវិញហេតុការណ៍នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងហ្សាការតា ក៏បានជូនដំណឹងដែរ កាលពីម្សិលមិញ ថាសូមឲ្យពលរដ្ឋខ្មែរផ្អាកការធ្វើដំណើរទៅកាន់តំបន់ដែលមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ ប្រសិនបើគ្មានភារកិច្ចចាំបាច់។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន គ្រោះរញ្ជួយដីមួយកំរិត ៧,៧ រិចទ័រ បានវាយប្រហារភាគកណ្តាលនៃខេត្តស៊ូឡាវេស៊ី ប្រទេសឥណ្ឌូណេស៊ី បង្កើតឲ្យមានរលកយក្សស៊ូណាមិ
ហើយពលរដ្ឋឥណ្ឌូណេស៊ី ជាងមួយពាន់នាក់ត្រូវបានរកឃើញថាស្លាប់ ព្រមទាំងរងរបួស និងបាត់ខ្លួនរាប់ពាន់នាក់ទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ