លោកហ៊ុន សែន ចុះហត្ថលេខាបង្កើតគណៈកម្មការជាតិបង្រ្កាបបទល្មើសព្រៃឈើជាផ្លូវការ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទើបតែបានចុះហត្ថលេខាកាលពីយប់ថ្ងៃទី១៥មករា លើសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជាតិបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា។ លោក សៅ សុខា ដែលប្រធានគណៈកម្មការជាតិនេះ បានបោះមួយជំហានទៅមុខ នៅក្នុងបេសកម្មបង្រ្កាបបទល្មើសព្រៃឈើនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងកងរាជអាវុធហត្ថទៅកាន់ខេត្តគោលដៅសំខាន់ៗ បន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រ។ បើតាមអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ លោកនឹងដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃចន្ទដើមសប្តាហ៏ក្រោយនេះ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងនៅថ្ងៃសៅរិ៍នេះថា លោកបានបញ្ជូនកងកម្លាំងកងរាជអាវុធហត្ថរបស់លោក ទៅកាន់ច្រកព្រំដែនអស់ហើយ តាំងពីយប់ថ្ងៃទី១៥មករាមក ពោលគឺបន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់មាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ។
នេះគឺជាការឈានមួយជំហានទៅមុខ របស់គណៈកម្មការពិសេស ដែលទើបត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៦ ពោលគឺ មុនពេលដែលគណៈកម្មការពិសេសនេះ បើកកិច្ចប្រជុំផ្លូវការ ជាលើកដំបូង នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់ លោក សៅ សុខា ក្នុងនាមជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលទើបត្រូវបានបង្កើតឡើងតាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៥មករាឆ្នាំ២០១៦។
យោងតាមសេចក្តីសម្រេចនេះ គណៈកម្មការពិសេសនេះ ដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដោយអនុប្រធាន១រូប គឺលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។ គណៈកម្មការនេះ ដោយមានសមាជិក៨រូបទៀត រួមមាន លោក ឆេង គឹមស៊ុន តំណាងមកពីក្រសួងកសិកម្ម និងជាប្រធានរដ្ឋបាលព្រៃឈើ, លោក ផៃ ប៊ុនឈឿន តំណាងមកពីក្រសួងបរិស្ថាន និងអភិបាលខេត្តចំនួន៦ រួមមាន អភិបាលខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តមណ្ឌលគីរី ខេត្តរតនគីរី និងខេត្តស្ទឹងត្រែង។
យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ប្រការ២. បានចែងអំពីតួនាទីរបស់គណៈកម្មការពិសេសនេះ គឺមានភារកិច្ចទប់ស្កាត់ និងបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបណ្តាលមកពីការកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ដែលស្ថិតនៅភាគឥសាននៃប្រទេស និងរៀបចំស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់ និងនាំចេញឈើខុសច្បាប់ ហើយកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ។ បន្ថែមលើនេះ គណៈកម្មការពិសេសនេះ ក៏មានសិទ្ធិប្រើប្រាស់ត្រារបស់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រើប្រាស់កញ្ចប់ថវិការពិសេសរាជរដ្ឋាភិបាល រួមទាំង មានសិទ្ធិ បង្កើតក្រុមប្រតិបត្តិការមួយតាមការចាំបាច់ ដែលមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គណៈកម្មការពិសេសនេះ អាចប្រើប្រាស់ឧត្ថម្ភាគចក្រចំនួនពីរគ្រឿង របស់កងទ័ពអាកាស ដើម្បីបំពេញបេសកម្មការងាររបស់ខ្លួនផងដែរ។
លោក ឈុំ សាវុធ ប្រធានបណ្តាញស្រាវជ្រាវព្រៃឈើកម្ពុជា បន្ទាប់ពីលោក ឈុត វុទ្ធី បានស្វាគមន៏ចំពោះការបង្កើតគណៈកម្មការថ្មីនេះ ប៉ុន្តែវាចង់ហួសពេលទៅហើយ។
សូមបញ្ជាក់ថា ព្រៃឈើកម្ពុជាត្រូវបានគេដឹងថា រងនូវការកាប់បំផ្លាញ់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យ៉ាងអនាធិបតេយ្យ។ ព្រៃឈើកម្ពុជាត្រូវបានគេដឹងថា បាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេបំផុត និងបន្ទាប់មកទៀត គឺប្រទេសវៀតណាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ