លោក ផៃ ស៊ីផាន៖ កម្ពុជាមិនចាប់អារម្មណ៍នឹងលិខិតចំហរបស់អង្គការអន្តរជាតិ៥៥ស្ថាប័ននោះទេ
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលោក ផៃ ស៊ីផានអះអាងនៅថ្ងៃនេះ ថាកម្ពុជាមិនចាប់អារម្មណ៍នឹងលិខិតចំហរបស់អង្គការអន្តរជាតិ៥៥ស្ថាប័ន ដែលស្នើឲ្យសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីសកោះប្រជុំឡើងវិញនោះទេ។ តាមរយៈលិខិតចំហកាលពីថ្ងៃម្សិលមិញ អង្គការអន្តរជាតិបានអំពាវនាវឲ្យមានការកោះប្រជុំឡើងវិញ ដោយយោងទៅតាមស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។
កាលពីថ្ងៃទី២៣ខែតុលា ក្នុងឱកាសខួប២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស អង្គការអន្តរជាតិ៥៥ស្ថាបប័ន បានចេញលិខិតចំហមួយជម្រាបទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គឺប្រទេសឥណ្ឌូនេស៊ី និងប្រទេសបារាំង។
តាមរយៈលិខិតចំហនោះ អង្គការអន្តរជាតិបានអំពាវនាវឲ្យសហប្រធានមានការកោះប្រជុំឡើងវិញ នូវសន្ធិសញ្ញាក្រុងប៉ារីសស្តីពីកម្ពុជា ដោយយោងទៅតាមការលប់បំបាត់លទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលកម្ពុជា។
អង្គការអន្តរជាតិទាំង៥៥ស្ថាប័នបានអះអាងថា២៦ឆ្នាំក្រោយពីកិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវបានបង្កើតឡើង តម្រូវការជាបន្ទាន់មួយពីសហគមន៍អន្តរជាតិត្រូវតែធ្វើឡើង ដើម្បីធ្វើឲ្យប្រាកដថាប្រទេសកម្ពុជាដើរតាមលទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។
ការស្នើឲ្យមានកិច្ចប្រជុំឡើងវិញនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះធ្វើឡើង ដំណាលគ្នានឹងការអំពាវនាវរបស់លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅ ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនប្រទេសវៀតណាម។
កាលពីថ្ងៃទី២៣ ខែតុលា លោក កឹម សុខា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជួយជាបន្ទាន់ដល់ប្រទេសកម្ពុជា ដោយមិនត្រឹមតែចេញសេចក្តីថ្លែងការណ៍ តែសុំឲ្យមានវិធានការជាក់ស្តែង និងស្នើសុំឲ្យសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសកោះប្រជុំ ដើម្បីជួយស្រោចស្រង់ស្ថានការណ៍ក្នុងប្រទេសកម្ពុជាឡើងវិញ។
លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានថ្លែងនៅថ្ងៃទី២៤ ខែតុលាថា កម្ពុជាមិនចាប់អារម្មណ៍ និងមិនឲ្យតម្លៃទេ ដោយសារតែខុសនឹងនីតិវិធី។ លោកបញ្ជាក់ថាតួនាទីគឺមានតែក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិទេ ដែលអាចកោះហៅ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី២៣ ខែតុលា បានបញ្ជាក់ថា ការអំពាវនាវឲ្យបណ្តាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ប្រជុំឡើងវិញ វាជារឿងហួសសម័យ ហើយធ្វើមិនកើតទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ថែមថារដ្ឋាភិបាលរបស់លោកកំពុងគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ព្រោះកិច្ចព្រមព្រៀងនេះ បានរលាយធាតុចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជារូចទៅហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ