កម្ពុជាចុះកិច្ចព្រមព្រៀងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
កម្ពុជាចុះកិច្ចព្រមព្រៀងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក្នុងឋានៈជាសមាជិកស្ថាបនិក។ ពិធីចុះកិច្ចព្រមព្រៀង ធ្វើឡើងនៅថ្ងៃទី២៩មិថុនាម្សិលមិញ នៅវិមានប្រជាជនចិន ក្រុងប៉េកាំង ប្រទេសចិន។ ក្នុងឋានៈជាសមាជិកស្ថាបនិក កម្ពុជាចាត់ទុកធនាគារនេះថាជាប្រភពហិរញ្ញប្បទានដ៏មានសារសំខាន់ថ្មីមួយទៀត សម្រាប់ប្រើឲ្យសេចក្ដីត្រូវការកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី២៩មិថុនា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ចូលរួមជាមួយតំណាងប្រទេសចំនួន៥៧ផ្សេងទៀត ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB។ នៅក្នុងចំណោមប្រទេសទាំង៥៧នោះ មានប្រទេសក្នុងតំបន់អាស៊ីចំនួន៣៧ និងក្រៅតំបន់ប្រទេសអាស៊ីចំនួន២០ផ្សេងទៀត។ ប្រទេសទាំង៥៧ ដែលរួមទាំងកម្ពុជាផង នឹងក្លាយជាសមាជិកស្ថាបនិកនៃធនាគារ AIIB ដ៏ថ្មីស្រឡាងនេះ។
លោក វង្សី វិស្សុត ជាតំណាងប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ធនាគារ AIIB នឹងក្លាយជាប្រភពហិរញ្ញប្បទានដ៏មានសារសំខាន់ថ្មីមួយទៀត បន្ថែមលើប្រភពដៃគូអភិវឌ្ឍដែលមានស្រាប់ ដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់កម្ពុជា។ សេចក្ដីត្រូវការរបស់កម្ពុជា ក្នុងការវិនិយោគលើវិស័យអាទិភាព សំដៅទ្រទ្រង់កំណើន និងលើកកម្ពស់ផលិតភាពនៃសេដ្ឋកិច្ច ព្រមទាំងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
គួរជម្រាបជូនថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB គឺជាស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិពហុភាគី ដូចធនាគារពិភពលោក World Bank និងធនាគារអភិវឌ្ឍអាស៊ី ADB ដែរ។ ធនាគារនេះមានដើមទុនសរុបចំនួន១០០ពាន់លានដុល្លារ និងមានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្ដរភាព កៀរគរធនធាន លើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ី និងជំរុញកិច្ចសហប្រតិបត្តិការព្រមទាំងភាពជាដៃគូក្នុងតំបន់។
នៅក្នុងការវិនិយោគធនាគារ AIIB ប្រទេសចិនបណ្ដាក់ទុនច្រើនជាងគេ គឺប្រមាណ៣០ភាគរយ តាមពីក្រោយដោយប្រទេសឥណ្ឌា ៨,៤ភាគរយ។ ប្រទេសរុស្ស៊ី ៦,៥ភាគរយ។ អាឡឺម៉ង់ ៤,៥ភាគរយ និងបារាំង ៣,៤ភាគរយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ