ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​នយោបាយ​ខ្មែរ​គួរ​ដោះស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្លួន​ឯង ជាជាង​ពឹង​បរទេស

សំឡេង ០៤:៣៧
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដា ឆ្នាំ២០១៤ @RFI

​វត្ត​មាន​របស់​លោក​ ចន ឃែរី ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា ​កាល​ពី​២​ថ្ងៃ​មុន​ ហាក់​បាន​បង្ហាញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ខ្លះ ​ដល់​ប្រជាពល​រដ្ឋខ្មែរ​ សង្គម​ស៊ីវិល ​អ្នក​នយោបាយ​ខ្មែរ​ ពិសេស​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង​។ ពួក​គេ​មាន​សង្ឃឹម​ព្រោះ ​បញ្ហា​ដែល​កើតមា​ន​ឡើង​ក្នុង​ប្រទេស​កន្លង​មក ​អាច​នឹង​ត្រូវ​លោក ​ចន ឃែរី ​ជួយ​ធ្វើ​អ​ន្តរាគមន៍​ អោយ​បាន​ធូរស្រាល​។ ប៉ុន្តែ​តាម​ប្រវត្តិ​សាស្ត្រ​ និង ​បទ​ពិសោធន៍​កន្លង​មក​ ជន​បរទេស​មិន​អាច​ដោះស្រាយ​បញ្ហា​ខ្មែរ​អោយ​ជ្រះ​ស្រឡះ​បានទេ ​ប្រសិន​បើ​ខ្មែរ​មិន​ព្រម​ត្រូវ​រ៉ូវគ្នានោះ​។ មិន​តែ​ប៉ុណ្ណោះ ​ពួក​បរទេស​ថែម​ទាំង​បាន​កេង​ចំណេញ ​ទៅ​លើជ​ម្លោះ​ផ្ទៃ​ក្នុង​របស់​ខ្មែរ​ទៀតផង​។

ផ្សាយពាណិជ្ជកម្ម

តាម​ប្រវត្តិ​សាស្ត្រ​កម្ពុជា ​ជាច្រើន​រយឆ្នាំ​កន្លង​មក ​មេដឹក​នាំខ្មែរ ​ឬ ​អ្នក​នយោបាយ​ខ្មែរ​ តែង​តែ​ស្វែង​រកការ ​ទំនុក​បម្រុង ​ឬពឹ​ង​ពាក់​ជន​បរទេស​ជានិច្ច​ ដើម្បី​ដោះស្រាយ​បញ្ហាផ្ទៃ​ក្នុង​របស់​នគរ​ខ្លួន​ ឬ​ដើម្បី​ប្រឆាំង​នឹង​ភាគី​បដិ​បក្ខម្ខាង​ទៀត​។ កាល​ណោះ ​ពួក​បរទេស​ដែល​អ្នក​ដឹកនាំ​ខ្មែរ​និយម​ពឹងពាក់ ​គឺ​ប្រទេស​យួន ​និង​ប្រទេស​សៀម​។ ជា​លទ្ធផល ​បញ្ហា​ផ្ទៃ​ក្នុង​ខ្លះ​ ត្រូវ​បាន​ដោះ​ស្រាយ​ទៅ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​ប្រទេសយួន​និង​ប្រទេស​សៀម​តែង​ទទួល​បាន​ការ​តប​ស្នង​ទៅវិញ​ជានិច្ច​។ ការ​តបស្នង​ ដែល​ជា​និច្ច​ជា​កាល​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្វើ​អោយ​ខូច​ ឬ បា​ត់​បង់​ប្រយោជន៍​ខ្មែរ​ទៅ​វិញ​។ ​

បច្ចុប្បន្ន ​ប្រវត្តិសាស្ត្រ​ដដែល​ក៏​បាន​វិល​មក​សារ​ជាថ្មី​។ ដើម្បី​ដាក់​គំនាប​ទៅ​លើ​គូ​បដិបក្ខ​របស់​ខ្លួន​ ឬ ដើម្បី ​ដោះ​ស្រាយ​បញ្ហា​អ្វី​មួយ ​អ្នក​នយោបាយ​ខ្មែរ​តែង​តែ​ស្វែង​រក​អន្តរាគមន៍​ពី​បរទេស​ជានិច្ច​។ ជាក់​ស្តែង ​ជម្លោះ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ ​កន្លង​មក​។ មេដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ តែង​ស្នើ​សុំអោ​យ​មាន​ការ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​ដែល​ដឹក​ នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ប្រើ​មធ្យោ​បាយ​ផ្សេង​ៗ​ដែល​ប្រទេស​ជា​មិត្ត​អាច​ធ្វើ​ទៅ​បាន​។

តើ​បរទស​ពិត​ជា​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​បាន​ទេ​? ​
តាម​ពិត​ទៅ ​យើង​មិន​អាច​បន្ទោស​បក្សប្រឆាំង​តែ​ម្នាក់​ឯង​បាន​ទេ ​ចំពោះ​ការងាក​ទៅ​ពឹង​ពាក់​បទេស​នេះ​។ ការ​ពឹង​ពាក់​នេះ​កើត​មាន​ឡើង​ ក៏​ព្រោះ​តែ​ខ្មែរ​ទាំង​ពីរ​បក្ស​និយាយ​ស្តាប់​គ្នា​មិន​បាន​។ មិន​បាន ​ព្រោះ​ម្ខាង​ៗយល់​​ថា​​ម្ខាង​ទៀ​ត​​មិន​​ស្មោះត្រង់​នឹង​ខ្លួន ​ឬ​អាច​និយាយ​បាន​ថា ​ចាប់​ដៃជាន់​ជើង​ ឬ​ក៏កេង​ចំណេញ​លើ​គ្នា​ទៅ​វិញ​ទៅ​មក ​ជាដើម​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា ​តាំង​ពី​ឆ្នាំ ​២០១៣​ មក​ គេ​សង្កេត​ឃើញ​ថា គំនាប​របស់​បរទេស​ ឬ​ការ​ស្រែក​ពី​ចំងាយ​របស់​ពួក​បស្ចិម​ប្រទេស​ បាន​មិន​ធ្វើ​អោយ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ខ្លួន​ ចំពោះ​បក្ស​ប្រឆាំង​នោះ​ទេ​។ ការ​ដែល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​អើ​ពើ​នឹង​ការ​ស្រែក​ពី​ចំងាយ​របស់​ពួក​បច្ចឹម​ប្រទេស​ មាន​អាមេរិក​ជា​ដើម​ ក៏​ព្រោះ​តែ​រដ្ឋាភិបាល​មាន​ទីអាង​ពី​សហគមន៍​អន្តរ​ជាតិ​ជា​ច្រើន​ទៀត។​ បើ​គ្មាន ​អឺរ៉ុប ​ឬអា​មេរិក​ ក៏​នៅ​មាន​ចិន​ ជា​មហាមិត្ត​ដែល​នៅ​គាំ​ទ្រ​ខ្លួន​ដដែល​។

ម្យ៉ាង​វិញ​ទៀត ​គេ​ក៏​ត្រូវ​យល់​ដែរ​ថា ​បើទោះ​​ជា​កម្ពុជា​ ជា​ប្រទេស​កាន់​របប​ប្រជា​ធិប​តេយ្យ​ ក៏​ដោយ​ក៏​កម្ពុជា​ មិ​នមែ​នជា​ប្រទេស​ដែ​លគួរ​អោយ​ចាប់​អារម្មណ៍ ​ជាងគេ​នៅ​ក្នុង​តំបន់​នោះ​ទេ​ ជា​ពិសេស​ពី​សំណាក់​អាមេរិក​ ។ សម្រាប់​អាមេរិក​ កម្ពុជា​ជា​ប្រទេស​ដែល​បាន​ប្រយោជន៍​តិចតួច​ ហើយ​ឈរ​នៅ​ខាង​ចិន​រួច​ជា​ស្រេច​ទៅ​ហើយ​។ ដូច្នេះ​ហើយ ​ពេល​ខ្លះ ​ជម្លោះនៅ​ក្នុង​ប្រទេស​នេះ ​មិន​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការយក​ចិត្ត​ទុក​ដាក់​នោះ​ទេ​។ ​

ម្យ៉ាង​វិញ​ទៀត​ ការណ៍​ដែល​អ្នក​នយោបាយ​ខ្មែរ​ មិន​អាច​ដោះ​ស្រាយ​បញ្ហា​ខ្មែរ​ដោយ​ខ្លួន​ឯង​បាន​នេះ ​វា​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ការ​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​ក្នុង​សង្គម​ខ្មែរ​ និង​ការ​មិន​អោយ​តម្លៃ​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ​។ ជាមួយគ្នា​នេះ​ដែរ​ វា​ក៏​បាន​បង្ហាញ​ អោយ​គេ​ឃើញ​ថា ​អ្នក​នយោបាយ​ម្នាក់​ៗ​ គិត​ពី​បក្ស​របស់​ខ្លួន​ជា​ជាង​ប្រយោជន៍​រួម​របស់​ជាតិ​។

ប៉ុន្តែ​កាលណា​អ្នក​នយោបាយខ្មែរ​គ្រប់​ភាគី​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​នោះ​បញ្ហា​ខ្មែរ​នឹង​ត្រូវ​ដោះ​ស្រាយ​បាន​ភ្លាម​ ទោះ​បី​ជា​មាន​ ឬ គ្មាន​ការ​ធ្វើ​អន្តរាគមន៍​ពី​បរទេស​ក៏​ដោយ​។ ​ជា​ឧទាហរណ៍​ជាក់​ស្តែង​ វប្បធម៌​សន្ទនា​ គឺ​ជា​លទ្ធផល​បាន​មក​ពី​ជំនួប​រវាង​គណបក្ស​ទាំង​២​ និង​ រហូត​ឈាន​ដល់​កិច្ច​ព្រម​ព្រាង​ថ្ងៃ​ទី ​២២ ​កក្កដា ​ឆ្នាំ​២០១៤​។ បើ​ទោះ​បី​ជា​ កិច្ច​ព្រម​ព្រាង​នៃ​វប្បធម៌​សន្ទនា​នេះ​ ពេល​ខ្លះ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ក៏​ដោយ​ ក៏​វា​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ ដែល​បង្ហាញ​ថា ​អ្នក​នយោបាយ​ខ្មែរ​ចេះ​ធ្វើ​កា​រ​ជា​មួយគ្នា​ដើម្បី​ខ្មែរ​ដែរ​។

ដូច្នេះ ​អ្នក​នយោបាយខ្មែរ​គប្បី​ចាប់​ផ្តើម​ដោះ​ស្រាយ​បញ្ហាខ្មែរ​ដោយ​ខ្មែរ​ខ្លួន​ឯង​។ នេះ​គឺ​ជា​ពេលវេលា​មួយ​ដែល​អ្នក​នយោបាយ​ខ្មែរ​គប្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ នឹង​លើក​យក​បញ្ហា​មក​ដាក់​លើ​តុ​ជជែក​គ្នា ​នឹង​ដោះ​ស្រាយ​បញ្ហា​រួមគ្នា​។ ការ​ពឹង​ផ្អែក​តែ​ទៅ​លើ​អន្តរាគមន៍​របស់​បរទេស​ពេក ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​និង​ខ្មែរ​បាន​នោះ​ទេ​ ប្រសិន​បើ​ខ្មែរ​មិន​ត្រូវ​រ៉ូ​វ​គ្នា​នោះ​ទេ​។ ម្យ៉ាងវិញ​ទៀត ​អ្នក​នយោបាយ​ខ្មែរ​ ត្រូវ​រៀន​បើក​ចិត្ត​ទទួល​យក​ទស្សនៈ​ផ្ទុយ​ពី​ទស្សនៈ​របស់​ខ្លួន​ផងដែរ​។ ចូរ​ចាំ​ថា ​អ្នក​នយោបាយ​ទោះ​ជា​មក​ពីគណបក្ស​ដែល​មាន​នយោបាយ​ផ្ទុយគ្នា​ក៏ដោយ​ ក៏​ត្រូវ​រៀន​ធ្វើ​ការ​ជាមួយគ្នា​ដែរ​ ពីព្រោះ​អ្វីៗ​ទាំង​អស់​គឺ​ដើម្បី​សេចក្តី​សុខ​របស់​ប្រជា​ពលរដ្ឋ​ និង ​ផល​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI