កម្ពុជា

កម្ពុជា-វៀតណាម​ជំរុញ​ខេត្ត​ជាប់​ព្រំដែន​ឲ្យ​ការពារ​បង្គោល​តម្រុយ និង​បង្គោល​ព្រំដែន​កុំ​ឲ្យ​មាន​ការ​បំផ្លាញ

កិច្ចប្រជុំចង្អៀតស្តីពីព្រំដែនកម្ពុជាវៀតណាមនាពេលកន្លងមក។
កិច្ចប្រជុំចង្អៀតស្តីពីព្រំដែនកម្ពុជាវៀតណាមនាពេលកន្លងមក។

ល្ងាច​នេះ ភាគី​កម្ពុជា និង​វៀតណាម បាន​បិទ​បញ្ចប់​កិច្ច​ប្រជុំ​លើក​ទី ៩ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​ដែល​បាន​ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​ទី ១៣ ដល់​ថ្ងៃ​ទី ១៥ មីនា​នេះ។ ក្រោយ​កិច្ច​ប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​ឯកភាព​ជំរុញ​ខេត្ត​ជាប់​ព្រំដែន​ឲ្យ​ការពារ​បង្គោល​តម្រុយ និង​បង្គោល​ព្រំដែន​កុំ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ។

ផ្សាយពាណិជ្ជកម្ម

នេះ គឺ​ជា​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​លទ្ធផល​ចំនួន ១៦​ចំណុច​ដែល​កើត​ចេញ​ពី​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​រវាង​មន្រ្តី​ជាន់​ខ្ពស់​វៀតណាម និង​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​រវាង​ភាគី​កម្ពុជា និង​វៀតណាម​បាន​សរសេរ​ថា ភាគី​ទាំង​បាន​ជំរុញ​ឲ្យ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​សហការ​គ្នា​ថែរក្សា​ និង ការពារ​បង្គោល​ព្រំដែន និង​បង្គោល​តម្រុយ​ព្រំដែន​ដែល​បាន​បោះ​រួច​មិន​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ និង​ត្រូវ​ខិត​ខំ​បន្ត​រក្សា​ការ​គ្រប់​គ្រង​ព្រំដែន​ត្រឹម​ត្រូវ​តាម​សន្ធិសញ្ញា និង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា។

សូម​ជំរាប​ជូន​ថា គិត​មក​ដល់​ពេល​នេះ កម្ពុជា និង​វៀតណាម​បាន​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន​ប្រមាណ​ជា​ ៨៤​ភាគរយ​ហើយ។ កម្ពុជា និង​វៀតណាម​បាន​ប្តេជ្ញា​មិន​ឲ្យ​មាន​បញ្ហា​នៅ​តាម​បណ្តា​ព្រំដែន​ទេ ដោយ​ក្នុង​ករណី​មាន​ហេតុការណ៍​ឬ​បាតុភាព​អ្វី​មួយ​កើត​ឡើង​នៅ​តំបន់​ព្រំដែន គឺ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា និង​សហការ​គ្នា​ដោះ​ស្រាយ​ភ្លាម មិន​ទុក​ឲ្យ​បញ្ហា​កើត​មាន​ឡើង​រីក​រាល​ដល់​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជា​ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​រាំង​ស្ទះ​ដល់​ការងារ​ខណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន​ឡើយ។ ជាមួយ​គ្នា​នេះ ប្រទេស​កម្ពុជា និង​វៀតណាម ក៏​បាន​ឯកភាព​គ្នា​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​អានុភាព​អមិត្ត​ណា​មួយ​ប្រើ​ប្រាស់​ទឹក​ដី​របស់​ខ្លួន ដើម្បី​បំពាន​បំផ្លាញ​សន្តិសុខ​ស្ថិរភាព​របស់​ប្រទេស​ម្ខាង​ទៀត បន្ថែម​លើ​នេះ រដ្ឋាភិបាល​ទាំង​ពីរ នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការ​ឆ្លង​ដែន​ព្រំដែន ស្វែង​រក និង​ទប់​ស្កាត់​សកម្មភាព​ប្រឆាំង​បំផ្លាញ​របស់​បណ្តា​អមិត្ត​សំដៅ​បង្ក​អសន្តិសុខ​សណ្តាប់​ធ្នាប់​របស់​ប្រទេស​នីមួយៗ។ និង​បង្ក​ការ​បំបែក​បំបាក់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

 
នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈពេល​បី​ថ្ងៃ​នេះ រៀត​ណាម​ក៏​បាន​អរគុណ​កម្ពុជា​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ដល់​អាណិក​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​កន្លង​មក។ កម្ពុជា​ក៏​បាន​ឆ្លើយ​តប​ថា នឹង​បន្ត​ចាត់​វិធានការ​សម​ស្រប​នានា​ក្នុង​ការ​ធានា​សិទ្ធិ​ស្រប​ច្បាប់​របស់​អាណិកជន​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ស្រប​ច្បាប់​និង​លិខិត​បទ​ដ្ឋាន​របស់​កម្ពុជា​ដែល​ជា​រួម​ចំណែក​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

សូម​បញ្ជាក់​ថា កិច្ច​ប្រជុំ​បី​ថ្ងៃ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ភាគី​វៀតណាម​តំណាង​ដោយ​លោក ផាម ប៊ិញ មិញ រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​វៀតណាម ហើយ​ចំណែក​ភាគី​កម្ពុជា​វិញ គឺ​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​សន្តិសុខ និង កិច្ចការ​ព្រំដែន​មួយ​ចំនួន​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI