ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ចុះផ្សាយនៅថ្ងៃ៖
ដូចការគ្រោងទុកនៅថ្ងៃទី០៧ ខែតុលានេះ ពលរដ្ឋខ្មែរនៅជប៉ុនដែលជាអ្នកគាំទ្រអតីតបក្សប្រឆាំងបានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈលោកនាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ជាដំណើរទស្សនកិច្ចទៅជប៉ុនលើកទី១ បន្ទាប់ពីគណបក្សរបស់លោកឈ្នះអាសនៈទាំងអស់ក្នុងសភា ក្នុងការបោះឆ្នោត កាលពីខែកក្កដា កន្លងទៅ។
តាមរយៈវីដេអូផ្សាយផ្ទាល់ក្នុងបណ្តាញសង្គមមានពលរដ្ឋខ្មែរប្រមាណ៦០០ទៅ៧០០នាក់ ដែលខ្លះមានពាក់អាវ មួក និងប្រើប្រាស់ទង់អតីតគណបក្សប្រឆាំងផង បានលើកបដា និងរូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រឆាំងទៅនឹងវត្តមានរបស់លោក ខណៈលោក ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងប្រទេសជប៉ុន។
លោក ហៃ វណ្ណា សកម្មជនសហគមន៍ខ្មែរនៅប្រទេសជប៉ុន បានប្រាប់វិទ្យុបារាំងអន្តរជាតិថា អ្នកចូលរួមក្នុងបាតុកម្មនេះមានប្រមាណជិត១ពាន់នាក់។ លោកបន្តថាបាតុកម្មនាពេលនេះ មានគោលដៅទាមទារឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា, ប្រកាសមិនទទួលស្គាល់លោកនាយករដ្ឋមន្ត្រីជានាយករដ្ឋមន្ត្រីខ្មែរ, និងមិនទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ ដែលកើតចេញពីការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ជាការបោះឆ្នោត ដែលមិនមានវត្តមានអតីតគណបក្សសង្គ្រោះជាតិ ហើយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ឈ្នះអាសនៈទាំងអស់ក្នុងសភា។
នៅមុនពេលចេញដំណើរទៅជប៉ុន លោក ហ៊ុន សែន បានថ្លែងចំអកដោយជំរុញឲ្យអ្នកគាំទ្របក្សប្រឆាំងបន្តធ្វើបាតុកម្មប្រឆាំងនឹងលោកជាថ្មីទៀត ដោយលោកអះអាងថា ជាទម្លាប់ចំនួនអ្នកចូលរួមធ្វើបាតុកម្មគឺមានតែ១០ភាគរយប៉ុណ្ណោះ នៃចំនួនអ្នកមកគាំទ្រលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីជាន់ខ្ពស់របស់លោក ចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល មេគង្គ-ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្វើឡើងពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨នេះ។ ជាកិច្ចប្រជុំ ដែលពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ការលើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។
តាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសជប៉ុននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅកម្ពុជា ដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនទាន់បង្ហាញជំហរទទួលស្គាល់នោះ ប៉ុន្តែលោក ហ៊ុន សែន បានចេញទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក។ នៅទីនោះ គឺមានពលរដ្ឋខ្មែរមួយក្រុមបានធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក តែមួយក្រុមទៀតបានទទួលស្វាគមន៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ