រដ្ឋាភិបាលត្រៀមកន្លែងទទួលអ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅកម្ពុជា
ខណៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកដំបូង រយៈពេល ៦ខែ នៅដើមឆ្នាំ២០១៧ បានចាប់ផ្តើម នៅទូទាំងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់វិទ្យុបារាំង នៅថ្ងៃអាទិត្យនេះថា គ្រប់ករណីបង្ក្រាបអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់ ត្រូវតែបញ្ជូនទៅតុលាការ ដើម្បីពិនិត្យអង្គហេតុ សកម្មភាព និងបែងចែកតាមប្រភេទបទល្មើសជួញដូរ ឬអ្នកប្រើប្រាស់គ្រឿងញៀន ស្របតាមនីតិវិធីនៃច្បាប់។ លោកបន្ថែមថា រដ្ឋាភិបាល កំពុងជួសជុល និងកសាងមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន ដើម្បីត្រៀមទប់ទល់នឹង ជំនន់នៃ អ្នកប្រើប្រាស់គ្រឿងញៀន ដែលនឹងអាចត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
ចុះផ្សាយនៅថ្ងៃ៖
បើតាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោយការចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងអស់ តុលាការជាអ្នកសម្រេច បែងចែក អ្នកជួញដូរ រក្សាទុក កែច្នៃ គ្រឿងញៀន បញ្ជូនទៅ ដាក់ពន្ធនាគារ រង់ចាំការកាត់ទោស ឬ អ្នកប្រើប្រាស់គ្រឿងញៀន ត្រូវ បញ្ជូនទៅ ទទួលសេវាព្យាបាល នៅតាមសហគមន៍ (បើមានអាណាព្យាបាលមកទទួលខុសត្រូវ) ឬសេវាព្យាបាលនៅមណ្ឌលស្តារនីតិសម្បទាររបស់រដ្ឋជាបណ្តោះអាសន្ន។
លោក មាស វីរិទ្ធិ បញ្ជាក់ថា តាមតួលេខនៃសិក្សាថ្នាក់ជាតិ កម្ពុជា មានអ្នកប្រើប្រាស់គ្រឿងទូទាំងប្រទេស សរុប ចន្លោះពី ១.២០០០នាក់ ទៅ២៨០០០នាក់។ រដ្ឋាភិបាលកម្ពុជា ក៏បានគិតគូ ឆ្លើយតបនឹងជំនន់នៃ អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយការជួសជុល មជ្ឈមណ្ឌលស្តារនីតិសម្បទារអ្នកញៀនគ្រឿងញៀន ថ្នាក់ជាតិ នៅក្រាំងធ្នុង រាជធានីភ្នំពេញ ដើម្បីត្រៀមទទួលអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន ៥០០នាក់ ព្រមទាំងគ្រោងសាងសង់ មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន លើផ្ទៃដី ២០ហិកតា ក្នុងខេត្តព្រះសីហនុ នៅដើមខែកុម្ភៈខាងមុខ បន្ថែមទៅលើ មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀន របស់រដ្ឋចំនួន ១០ កន្លែង និងឯកជន ៣កន្លែង ព្រមទាំង ៧៧ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលមានផ្តល់ សេវាព្យាបាល អ្នកញៀនគ្រឿងញៀនផងដែរ។
តាមរបាយការណ៍របស់ អង្គការលីកាដូ ក្នុងឆ្នាំ២០១៥ កម្ពុជា មានមណ្ឌលអប់រំកែប្រែ ចំនួន ៤ ពន្ធនាគារខេត្តក្រុង ចំនួន ២៣ និងពន្ធនាគារយោធា ចំនួន។ ក្នុងនោះ មណ្ឌលអប់រំ កែប្រែទី១ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ មានជនជាប់ឃុំ ជាង ៣០០០នាក់ ខណៈ ពន្ធនាគារខេត្តមណ្ឌលគិរី មានជនជាប់ឃុំតិចជាង ១០០នាក់។ មណ្ឌលទាំងនេះ នឹងត្រៀមសម្រាប់ទទួល អ្នកជួញដូរ រក្សាទុក កែច្នៃ គ្រឿងញៀន ដែលរង់ចាំការកាត់ទោស។
គួរជម្រាបថា ក្នុងឆ្នាំ២០១៦ អាជ្ញាធរកម្ពុជា បង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៤.១៩១ ករណីចាប់ជនសង្ស័យបាន ៩.៨០២នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១៧៥គីឡូក្រាម។ បើតាមលទ្ធផលនៃ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកដំបូង រយៈពេល ៦ខែ នៅដើមឆ្នាំ២០១៧ ត្រឹមរយៈពេល ១០ថ្ងៃអាជ្ញាធរ បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជិត ៤០០ករណី និងឃាត់ខ្លួនមនុស្សចំនួន ៩២៧នាក់ ក្នុងនោះមានស្រីចំនួន ៥៥នាក់។ យុទ្ធនាការ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នឹងបើកប្រតិបត្តិការជាប្រចាំ សំដៅ សម្រេចបាន សុបិន្តរួមគ្នា កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជា គ្រួសារស្អាតស្អំគ្មានគ្រឿងញៀន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ