អានតួអត្ថបទ
កម្ពុជា

CCHR​៖ ជាង​៧​ខែ មនុស្ស​៧​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត

A Cambodian suspect is escorted by police officials at Phnom Penh municipal court on January 8, 2016. A Cambodian man has been charged with issuing death threats to strongman Prime Minister Hun Sen in a Facebook post, a rights activist and local media repo
A Cambodian suspect is escorted by police officials at Phnom Penh municipal court on January 8, 2016. A Cambodian man has been charged with issuing death threats to strongman Prime Minister Hun Sen in a Facebook post, a rights activist and local media repo AFP PHOTO
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

តាម​រយៈ​កំណត់​ត្រា​សង្ខេប​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០១៦​ របស់​ខ្លួន​ក្រោម​ចំណង​ជើង​ថា ជា​កំហុស​បចេ្ចក​វិទ្យា? ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានភាព​សិទ្ធិ​បច្ចេក​វិទ្យា​ក្នុង​ប្រទេស​កម្ពុជា មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា​ រយៈ​ពេល​ជាង​៧​ខែ​កន្លង​ទៅ​នេះ អ្នក​លេង​អ៊ីនធឺណិត​យ៉ាង​តិច​៧​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ប្រឈម​នឹង​បញ្ហា​នេះ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​នៃ​សិទ្ធិ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

“យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៧​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​បង្ហោះ​សារ​ឫ​បញ្ចេញ​មតិ​យោបល់​តាម​បណ្តាញ​អ៊ីនធឺណិត​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៥​កន្លង​មក ហើយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ នៅ​បន្ត​ស្ថិត​នៅ​ពន្ធនាគារ​នៅ​ឡើយ”។ នេះ​គឺ​ជា​ការ​កត់​សម្គាល់​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ក្នុង​កំណត់​ត្រា​សង្ខេប​កម្រាស់​៣០​ទំព័រ​ប្រចាំ​ខែ​កុម្ភៈ​របស់​ខ្លួន​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៣ មីនា។ ជាមួយ​គ្នា​នេះ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា មនុស្ស​យ៉ាង​តិច​ណាស់​២៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​គំរាម​កំហែង​ជា​សាធារណៈ​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ ដោយសារ​តែ​ការ​បញ្ចេញ​មតិ​យោបល់​លើ​បណ្តាញ​សង្គម។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​នឹង​សិទ្ធិ​បច្ចេក​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ដូចជា លុប​ចោល​សេចក្តី​ស្នើ​ច្បាប់​ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា និង​ធ្វើ​វិសោធកម្ម​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​ផ្ទុយ​នឹង​គោល​ការណ៍​សិទ្ធិ​មនុស្ស។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ដល់​សកម្មជន និង​អ្នក​នយោបាយ​បក្ស​ជំទាស់ និង​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ និង​បញ្ឈប់​ការ​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​ផ្តល់​ដំបូន្មាន​ដល់​មន្ត្រី​សាធារណៈ​ឲ្យ​មាន​ការ​អត់​ធ្មត់​មុន​ពេល​ដាក់​ពាក្យ​បណ្តឹង​លើ​បុគ្គល​ដែល​បាន​សរសេរ​រិះគន់​ខ្លួន។

លោក​ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ គឺ​ដោយសារ​តែ​ពួកគេ​បាន​សរសេរ​ក្នុង​លក្ខណៈ​ញុះញង់​ មិន​ពិត និង​ គំរាម​សម្លាប់​ដែល​ខុស​នឹង​ច្បាប់​របស់​កម្ពុជា។ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ បាន​បរិហារ​របាយ​ការណ៍​របស់​មជ្ឈមណ្ឌ​សិទ្ធិ​មនុស្ស​កម្ពុជា​ថា ជា​របាយការណ៍​ដែល​មិន​អាច​ទទួល​យក​បាន និង​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លាប​ពណ៌ និង​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ទាំង​អស់​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សរសេរ​រិះគន់​រដ្ឋាភិបាល ប៉ុន្តែ​រាល់​សិទ្ធិ​ទាំង​នោះ គឺ​ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យ​ស្រប​នឹង​ច្បាប់​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ