កម្ពុជា

លោកខៀវ សុភ័គ៖ ភាគរយនៃការបិទ CCHR កំពុងកើនឡើងខ្ពស់!

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ និង ស្លាកសញ្ញា CCHR។
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ និង ស្លាកសញ្ញា CCHR។ @RFI

ក្រសួង​មហាផ្ទៃ កំពុង​ពិនិត្យ ស្រាវជ្រាវ និង​ស៊ើប​អង្កេត​លើ​លទ្ធភាព ក្នុង​ការ​បិទ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដែល​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ២៩​វិច្ឆិកា​នេះ។ យ៉ាងណាក៏ដោយ ក្រសួង នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​នៃ​ការ​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ​នៅ​ឡើយ​ទេ ខណៈ​ពេល​ដែល​លោក​ ខៀវ សុភ័គ បាន​បង្ហាញ​ពី​ភ្លើង​ខៀវ​នៃ​ភាគរយ​ក្នុង​ការ​បិទ​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​ដ៏​ធំ​មួយ​នេះ​ទៅ​ហើយ។ ចំណែក​ខាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​តែ​បង្ហាញ​ពី​ទំនុក​ចិត្ត ផ្អែក​លើ​អព្យាក្រឹតភាព​​របស់​ខ្លួន​ដដែល​។

ផ្សាយពាណិជ្ជកម្ម

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​សុទិដ្ឋិនិយម​ក្នុងការបិទជាផ្លូវការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា CCHR ក្នុង​ហេតុផល​ថា មជ្ឈមណ្ឌល​នេះ បាន​ប្រតិបត្តិការ​ខុសពី​លក្ខខណ្ឌ ក្នុង​ច្បាប់​អង្គការ​សង្គមស៊ីវិល នៅកម្ពុជា។ យ៉ាងណាក៏ដោយ លោក​បាន​ឲ្យ​ដឹងថា លទ្ធផល​ពិត​ប្រាកដ​ នឹង​ត្រូវបង្ហាញ​ជូន​សាធារណជន ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ នៃក្រសួងមហាផ្ទៃ បញ្ចប់​ការ​ស៊ើបអង្កេត លើមជ្ឈមណ្ឌលនេះ។

តាម​លោក​ ខៀវ សុភ័គ អ្វី​ដែល​អ្នក​ជំនាញ​កំពុង​បើកការ​ស៊ើបអង្កេត នាពេលនេះ គឺទាក់ទងទៅនឹង​សកម្មភាព​របស់​ CCHR នាពេល​កន្លងមក ថា​តើ​បាន​ជួយ​កម្ពុជាលើវិស័យ​អ្វីខ្លះ? ហើយថា តើ​ការ​ជួយ​ទាំងនោះ ដើម្បី​ប្រយោជន៍អ្វីខ្លះ? និង​ថាតើ​ អង្គការ​ក្រៅ​រដ្ឋាភិបាលមួយនេះ ទទួល​ជំនួយ​ពី​បរទេស​ដើម្បី​បម្រើ​ប្រយោជន៍​បក្ស​នយោបាយយ៉ាងណាខ្លះ? ប៉ុន្តែអ្វីដែល​លោក​ខៀវ សុភ័គ បាន​មើលឃើញ និង​បាន​ប្រាប់​វិទ្យុបារាំង គឺ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា មិន​មាន​អព្យាក្រឹតភាពនោះទេ ហើយ​កន្លងមកតែងតែនិយាយ​បំផ្លើស ញុះញង់ បង្កឲ្យ​មាន​អសន្តិសុខក្នុងវិស័យ​នយោបាយ​កម្ពុជា ព្រោះអង្គការនេះ បម្រើតែផល​ប្រយោជន៍បរទេស​​។

យ៉ាងណាមិញ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា លោក​ស្រី ចក់ សុភាព បាន​ឲ្យ​ដឹង​​តាម​បណ្តាញ​សង្គម​របស់លោក​ស្រីថា CCHR នៅតែជឿជាក់​លើ​ឯករាជ្យ​ភាព និងអព្យាក្រិតភាពរបស់​ខ្លួន ដោយ​មិន​ប្រកាន់​​បក្ស​នយោបាយ​ណាមួយ​នោះទេ។ ហើយ​អង្គការ​នេះ ក៏មិនដែល​មាន​ចេតនាបំផ្លាញ​រដ្ឋាភិបាលកម្ពុជានោះឡើយ​ គ្រាន់តែពួកគេ​ ត្រូវ​ធ្វើការ​ដើម្បីលើកកម្ពស់​សិទ្ធិ​ជាមូលដ្ឋាន ដូចជា​សិទ្ធិ​មនុស្ស និង​សេរីភាព ក្នុងការ​បញ្ចេញ​មតិនៅកម្ពុជា​តែប៉ុណ្ណោះ។ តាម​លោក​ស្រី ចក់ សុភាព សង្គម​ស៊ីវិល គួរតែជា​ដៃគូសំខាន់ក្នុងការ​អភិវឌ្ឍប្រទេស ហើយ​មិន​គួរណា​ត្រូវបាន​ចាត់​ទុក​ថាជាសត្រូវជាមួយអាជ្ញាធរ​កម្ពុជានោះទេ។

ចំពោះ​ការ​បញ្ជាឲ្យ​ក្រសួងមហាផ្ទៃ ពិនិត្យ​មើល ដើម្បីបិទមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ពីសំណាក់​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យនេះផងដែរ ក៏ត្រូវបាន​លោក ឆៀរី ម៉ាធូ (Thierry Mathou) ប្រធាននាយកដ្ឋាន​អាស៊ី និង​អូសេអានី នៃក្រសួងអឺរុប​និងការបរទេសបារាំង សង្កត់ធ្ងន់​ថា ប្រសិនបើ​ពិតជាបិទមជ្ឈមណ្ឌល​នេះមែន នោះកម្ពុជានឹង​ត្រូវបាន​ចាត់​ទុកថា ជាប្រទេសដែល​មាន​ការវិវត្តយ៉ាងអវិជ្ជមានមួយ។​

នៅថ្ងៃទី ២៨វិច្ឆិកាផងដែរ បណ្ដាញ​អង្គការ​សកល ​ដើម្បី​ការពារ និង​លើកកម្ពស់​សេរីភាព​បញ្ចេញ​មតិ ហៅកាត់ថា “IFEX” ដែល​មាន​បណ្តុំ​អង្គការ​អន្តរជាតិចំនួន ១១៩ស្ថាប័ន​ និង​​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងចំពោះការព្រមានរបស់លោក​ហ៊ុន សែន ដោយថាទង្វើនេះ ពុំមានមូលដ្ឋានច្បាស់លាស់ និងថា​​អាច​ឈាន​ទៅ​​បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​មួយ រឹតត្បិត​សេរីភាព​សារព័ត៌មាន នៅមុនការបោះឆ្នោតនាពេល​ខាងមុខ។ សេចក្តីថ្លែងការណ៍របស់ IFEX យល់ថា ចំណាត់​ការ​របស់រដ្ឋាភិបាល នឹងប្រាប់ទៅពិភពលោកថា កម្ពុជា មិនបានគោពតាមអ្វី ដែលខ្លួនបានសន្យា ដោយធានាឲ្យមានការបញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សេរីនោះទេ ហើយ​ការ​បញ្ជានេះ នឹង​ធ្វើ​ឲ្យ​ស្ថានភាព​​នៅកម្ពុជាកាន់តែយាប់យឺន។

សូមរម្លឹកជូនថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ CCHR ត្រូវបានបង្កើតឡើងដោយអតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅឆ្នាំ២០០២ ហើយក្រោយមកលោកបានលាឈប់ ដើម្បីទៅធ្វើជាអ្នកនយោបាយវិញ។ បន្ទាប់មក មជ្ឈមណ្ឌលនេះ ត្រូវបានដឹកនាំបន្ដដោយលោក អ៊ូ វីរៈ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ មុន​ពេល​លោកស្រី ចក់ សុភាព ក្លាយ​ជា​ប្រធានពីឆ្នាំ ២០១៣ រហូត ដល់ពេលបច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI