កម្ពុជា

CCHR ៖ អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ៩២% រង​ការ​ប្រមាថ​នៅ​តាម​ទី​សាធារណៈ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។ @RFI/Sopheak

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ទើប​តែ​ចេញ​ផ្សាយ​របាយការណ៍​មួយ នៅ​ថ្ងៃ​ពុធ​នេះ បង្ហាញ​ថា អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ស្ទើរ​តែ​ទាំងអស់ ធ្លាប់​ត្រូវ​បាន​គេ​ប្រមាថ​នៅ​តាម​ទីសា​ធារណៈ ដោយ​សារ​អត្ត​សញ្ញាណ​ប្តូរ​ភេទ​របស់​ពួក​គាត់ និង​បញ្ហា​ជា​ច្រើន​ ក្នុង​រយះពេល​១២​ខែ​ចុង​ក្រោយ​នេះ​។ ទោះ​បី​ជា​យ៉ាងណា អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី​ភាគ​ច្រើន​ បាន​និយាយថា ពួក​គេ​សប្បាយ​ចិត្ត ហើយ​យល់​ថា ជីវិត​របស់​ពួកគេ​ប្រសើរ​ជាង​មុន ចាប់​តាំង​ពី​ការបង្ហាញ​អត្ត​សញ្ញាណ​​យេនឌ័រ​ពិត។

ផ្សាយពាណិជ្ជកម្ម

អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ៩២% (៩១.៦%) ធ្លាប់​រង​ការ​ប្រមាថ​ដោយ​ពាក្យ​សម្តី​នៅ​តាម​ទីសាធារណៈ ដោយ​សារ​តែ​អត្តសញ្ញាណ​ប្តូរ​ភេទ​របស់​ពួកគេ​។ នេះ​បើ​យោង របាយការណ៍ ស្តី​ពី​ការ​រើស​អើង​​លើ​អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី​នៅ​តាម​ទី​ប្រជុំជន​ របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៦។

របាយការណ៍ ដដែល​ រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​សម្ភាសន៍​ជា អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ១៣៥ នាក់ រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប និង​ខេត្ត​ព្រះសីហនុ អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី​មួយ​ចំនួន​ធំ ធ្វើ​ការ​ជា អ្នក​រក​ស៊ី​ផ្លូវ​ភេទ ខណៈ​មួយ​ចំនួន​តូច​ធ្វើការ​នៅរោងចក្រ និង​ជា​អ្នក​​ផាត់​មុខ ធ្វើ​សក់ ដែល​មាន​ប្រាក់​ឈ្នួល​ជា​មធ្យម ៣២០​ដុល្លារ ក្នុងមួយ​ខែ​។

របាយការណ៍​បញ្ជាក់​ថា អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ជា​បុគ្គល​ដែល​មាន​ភេទ​ជា បុរស ពី​កំណើត ប៉ុន្តែ កំណត់​អត្ត​សញ្ញាណ​ និង​តែង​តែ​រស់នៅ​ក្នុង​សភាព​ជា​ស្រ្តី ទុក​សក់​វែង ៤៣% ធ្លាប់​រង​អំពើ​ហិង្សា​លើ​រាង​កាយ និង​ការ​រំលោភ​សេព​សន្ថវៈ ចំនួន ២៥% នៅតាម​ទី​សាធារណៈ ដែល​បង្ហាញ​ថា តាម​ដង​ផ្លូវ​នៅ​កម្ពុជា គ្មាន​សុវត្ថិភាព​ និង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​អ្នក​ប្តូរ​ភេទ។ ជាង​នេះ​ទៅ​ទៀត ច្រើន​ជាង មួយ​ភាគ​បី នៃ​អ្នក​សម្ភាសន៍ (ស្មើ​នឹង ៣៩%) ​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​ជឿ​ថា នគរ​បាល​​ឃាត់​ខ្លួន​ពួក​គាត់​ដោយ​សារតែ​អត្តញ្ញាណ​ប្តូរ​ភេទ​របស់​ពួក​គាត់​។  

ករណី​នគរបាល​បង្ខំ​ឲ្យ​អ្ន​កប្តូរ​ភេទ​ជា​ស្រ្តី ចុះ​ទៅ​ក្នុង​ស្ទឹង​នៅ​ក្រុង​សៀមរាប​ ត្រូវ​បាន​ អ្នកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា ជា​ការរើសអើង​របស់ អាជ្ញាធរ ដែល​សំដៅ​លើ និន្នការ​ភេទ ​មិន​មែន​ដោយសារ ពួក​គាត់​ប្រកបរបរ​រក​ស៊ី​ផ្លូវ​ភេទ​នោះ​ទេ បើ​ទោះបី​ជា នៅ​ពេល​ខ្លះ នគរបាល រក​ឃើញ​ថា អ្នក​ទាំងនោះ កំពុង​តែ​ធ្វើ​ការងារ​រក​ស៊ី​ផ្លូវ​ភេទ ឬ​ទម្លាក់​កំហុស​ថា រក​ស៊ី​ផ្លូវ​ភេទ ​។ អ្នកស្រី បន្ថែម​ថា ពួក​គេ ត្រូវ​ការ​សិទ្ធិ​ការពារ​ស្រប​ច្បាប់ និង​សិទ្ធិ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ ដូច​ជា អ្នក​រកស៊ីផ្លូវ​ភេទ​ផ្សេង​ទៀត​ដែរ​។ 

លោក នួន ស៊ីដារ៉ា អ្នក​សម្រប​សម្រួល​គម្រោង​និន្នា​ការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ នៃ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ៦៩% នៃ​ក្រុម​គ្រួសារ អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី ជា​អ្នក​រើសអើង​មុន​គេ ដោយ​មិន​គាំទ្រ ​ឬ​ដាក់​ទណ្ឌកម្ម បណ្តេញ​ចេញ​ពី​ផ្ទះ និង​ចំណាត់ការ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ភេទ​ផ្ទុយ​គ្នា​ជា​ដើម​។ លោក​បន្ថែម​ថា ក្នុង​ចំណោម​អ្នកសម្ភាសន៍​ទាំង​អស់ មាន​តែ ២% ប៉ុណ្ណោះ​ដែល មាន​សញ្ញបត្រ​បរិញ្ញាបត្រ និង​មាន​ត្រឹម ១៤% សិក្សា​ត្រឹម​ថ្នាក់​ទី​១២​។ ចំណែក​នៅ​កន្លែង​ការងារ ពួកគេ​នឹង​មាន​សុវត្ថិភាព​បើលាក់​អត្តសញ្ញាណ​យេនឌ័រ​ពិត​។

បើ​ទោះ​បី​ជា ការ​រើសអើង​មាន​កម្រិត​ខ្ពស់ អ្នក​ប្តូរ​ភេទ​ជា​ស្រ្តី​ភាគ​ច្រើន បាន​និយាយ​ថា ពួកគេ​សប្បាយ​ចិត្ត ហើយ​យល់​ថា ជីវិត​របស់​ពួកគេ​ប្រសើរ​ជាង​មុន ចាប់​តាំង​ពី​ការបង្ហាញ​អត្តសញ្ញាណ​យេនឌ័រ​ពិត​។  

គួរ​ជម្រាប​ថា ផ្អែក​លើ​ការ​ស្រាវជ្រាវ របស់​ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ សើ​ស្បែក និង​កាម​រោគ ក្នុង​ឆ្នាំ២០១៤ បាន​ប៉ាន​ប្រមាណ​ថា មាន​អ្នក​ប្តូរភេទ​ជា​ស្រ្តី ចំនួន ៣០៣០​នាក់ ក្នុង​បណ្តា​ខេត្ត​ចំនួន​ ៧​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI