កម្ពុជា

អដ្ឋិធាតុ​របស់​លោក ​ជា ស៊ីម ​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​ស្រុក​កំណើត​

ពិធីដង្ហែរអដ្ឋធាតុលោក ជា ស៊ីម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥
ពិធីដង្ហែរអដ្ឋធាតុលោក ជា ស៊ីម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ @RFI/channa
ដោយ៖ សឿង ភារៈ
១៥ នាទី

អដ្ឋិធាតុ​របស់​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី១៨ ខែកញ្ញា នេះ​ត្រូវ​បាន​ដង្ហែរ​ទៅ​ដល់​ស្រុក​កំណើត​របស់​លោក​ហើយ ដើម្បី​តម្កល់​ទុក​នៅ​ទីនោះ។ ការ​ដង្ហែរ​អដ្ឋិធាតុ​នេះ មាន​ការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ក្រុមគ្រួសារ រួមទាំង​មន្ត្រី​មួយ​ចំនួនទៀត​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

 

ពិធី​ដង្ហែរ​អដ្ឋិធាតុ​របស់លោក ជា ស៊ីម បានធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ៧ និង៣០នាទី​ព្រឹក ដោយមាន​រថយន្ត​បុស្បុក​ជាច្រើន​គ្រឿង ក្នុងនោះ​ក៏មាន​រថយន្ត​មួយគ្រឿង​បានដាក់​រូបសំណាក់​រប​ស់ លោក ជា ស៊ីម និង​ភរិយា​របស់លោក។ ក៏មានដែរ រថយន្ត​បុស្បុក ដែល​ដាក់​ទង់​គណបក្ស​ប្រជាជន​កម្ពុជា និង​ទង់ជាតិ​កម្ពុជា រួមទាំង​ទង់សាសនា។ ហើយ​រថយន្ត​បុស្បុក​មួយគ្រឿង​ទៀត បានដាក់​តម្កល់​អដ្ឋិធាតុ​របស់ លោក ជា ស៊ីម។

ចំណែកឯ​នៅតាម​ដងផ្លូវ ដែល​ក្បួន​រថយន្ត​បុស្បុក​នោះ បាន​ឆ្លងកាត់ សាលា​រាជធានី​ភ្នំពេញ បានធ្វើ​ការបញ្ចៀស និង​សម្រួល​ចរាចរណ៍​ចាប់ពី​ម៉ោង ៧ព្រឹក​មក ដូចជា​តាម​កំណាត់​មហាវិថី ព្រះ​នរោត្តម ចាប់ពី​ស្តុ​ប​ក្រួ​ង​មហាផ្ទៃ​រហូតដល់​ស្តុ​ប​ព្រះ​អង្គឌួង ផ្លូវ​ក្រមួនសរ កំណាត់​ផ្លូវ​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​ស្តុ​ប BKC រហូតដល់​មុខ​ស្ថានទូត​បារាំង ឆ្លងកាត់​ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦A។ ក្រៅពីនេះ ក៏មាន​ការរៀបចំ​បណ្តា​ញ​ខ្សែកាប​ផ្គត់ផ្គង់​អគ្គីសនី និង​ខ្សែកាប​អុ​ប​ទិច​ផ្គត់ផ្គង់​អ៊ីនធឺណិត​ឲ្យ​មាន​របៀបរាបរយ​ផងដែរ។ សូមបញ្ជាក់ថា ការសម្រួល​ចរាចរណ៍​បាន​ធ្វើឡើង​ចាប់ពី​គេហដ្ឋាន​របស់ លោក ជា ស៊ីម ក្នុង​រាជធានី​ភ្នំពេញ រហូតដល់​កន្លែង​តម្កល់​អដ្ឋិធាតុ​របស់លោក នៅក្នុង​ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង។

បើតាម​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​វិទ្យុ​បារាំង​ដឹងថា ការយក​អដ្ឋិធាតុ​របសលោក ជា ស៊ីម ទៅ​តម្កល់​នៅឯ​ស្រុកកំណើត​របស់លោក គឺធ្វើឡើង​ទៅតាម​ទំនៀម​ទំលាប់​ខ្មែរ ជំនឿ​សាសនា ពោលគឺ​អ្នក ដែលមាន​ស្រុកកំណើត​នៅទីណា ត្រូវយក​អដ្ឋិធាតុ​ទៅ​ដា​ក់នៅ​ទីនោះ។ ម្យ៉ាងទៀត ដោយសារតែ​ស្រុកកំណើត​របស់ លោក ជា ស៊ីម ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​កសាង​មជ្ឈមណ្ឌល​ឯកសារ​ប្រ​វ​តិ្ត​សាស្ត្រ និង​សារមន្ទីរ​មួយ​ទាក់ទង​នឹង​ការតស៊ូ​ផង​របស់​គណបក្ស។

អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​ពី​ធី​បុណ្យ​មាន​ភាព អ៊ឹកអធឹកបែបនេះ គឺ​ដោយសារតែ លោក ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ម្យ៉ាងវិញទៀត គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​អ្នកគាំទ្រ​ជាង៥លាន​នាក់​ឯណោះ។

សូមបញ្ជាក់ថា លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​ជា​ប្រធានព្រឹទ្ធសភា បានទទួល​មរណភាព កាលពី​ម៉ោង៣ និង៤៥នាទី រសៀល​ថ្ងៃទី៨ ខែមិថុនា ក្នុង​ជន្មាយុ៨៣ឆ្នាំ ដោយ​រោគាពាធ ហើយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បិ៍​ទី១៧ កញ្ញា គឺជា​ពិធីបុណ្យ​គំរប់​ខួប១០០ថ្ងៃ​របស់លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI