ក្រសួងមហាផ្ទៃប្រាប់ពលរដ្ឋឲ្យរង់ចាំចំណាត់ការតុលាការលើករណីនៅប៉ោយប៉ែត
ម្សិលមិញ ក្រសួងមហាផ្ទៃ បានបង្ហាញឲ្យដឹងលម្អិតអំពីរឿងរ៉ាវ និងដើមហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍មួយដ៏កក្រើកតែពលរដ្ឋខ្លះហួសចិត្តនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រសួងមហាផ្ទៃបានចាត់ទុកថា លោកឌិន ពុទ្ធី បានបើកឡានបុកលោកឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ការបង្ហាញរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីសាធារណជនបាននាំគ្នារិះគន់យ៉ាងចាស់ដៃចំពោះគ្រោះថ្នាក់ចរាចរណ៍នេះដោយចោទថា ជាការធ្វើពុត ដើម្បីចាប់មនុស្ស។ យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃប្រាប់ពលរដ្ឋឲ្យរង់ចាំចំណាត់ការតុលាការលើករណីនេះ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសេចក្តីប្រកាសព័ត៌មានកម្រាស់ពីរទំព័ររបស់ខ្លួន ក្រសួងមហាផ្ទៃបានបញ្ជាក់ថារឿងរ៉ាវនេះបានកើតឡើងនៅពេលលោកប៉ូលិសឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឃាត់ម៉ូតូរបស់អ្នករត់ម៉ូតូឌុបម្នាក់ដែលបានចតម៉ូតូគ្មានសណ្តាប់ធ្នាប់យកមកអប់រំណែនាំ។ គឺនៅពេល ដែលលោកប៉ូលិសរូបនេះកំពុងអប់រំណែនាំដល់ម្ចាស់ម៉ូតូនោះហើយ ស្រាប់តែមានវត្តមានលោកឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាមកតវ៉ាយកម៉ូតូនោះទៅវិញ។ បើតាមក្រសួងមហាផ្ទៃ លោកឌិន ពុទ្ធី បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យហើយថែមទាំងបានបញ្ចេញកាយវិការច្រង៉េងច្រង៉ាងមកលើលោកប៉ូលីសរូបនេះថែមទៀត តែលោកមិនបានតបតអ្វីទេ គឺគ្រាន់តែប្រាប់ម្ចាស់ម៉ូតូឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើខុសឆ្គងតទៅទៀតប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា លោកឌិន ពុទ្ធី មិនឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាទេហើយនាំចូលក្នុងរថយន្តរបស់គាត់និងបើកចេញទៅ ប៉ុន្តែត្រូវលោកប៉ូលិស ឈាន ពិសិដ្ឋ ទៅឈរនៅមុខរថយន្តហើយក៏ត្រូវលោកឌិន ពុទ្ធី បើកបុកតែម្តង។
ការបញ្ជាក់របស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺបន្ទាប់ពីពលរដ្ឋជាច្រើននាក់បាននាំគ្នាតវ៉ានៅក្នុងក្រុងប៉ោយប៉ែតកាលពីព្រឹកម្សិលមិញ ដើម្បីទាមទារឲ្យដោះលែងលោកឌិន ពុទ្ធី មកវិញ ដែលបណ្តាលឲ្យសាច់ញាតិលោកឌិន ពុទ្ធី និងពលរដ្ឋម្នាក់ទៀតត្រូវបានប៉ូលិសឃាត់ខ្លួនរយៈពេលខ្លី។ ម៉្យាងវិញទៀត ការបញ្ជាក់នេះ ក៏ជាការឆ្លើយតបទៅសាធារណជនដែលបានរិះគន់និងបានចោទថា លោកប៉ូលិសឈាន ពិសិដ្ឋ បានធ្វើពុតជាដួលសន្លប់ខ្លួនឯង ដើម្បីយកលេសចាប់ខ្លួនលោកឌិន ពុទ្ធី ប៉ុណ្ណោះ។ អ្នកខ្លះថែមទាំងបានថតជាសកម្មភាព និងថតជាវិឌីអូធ្វើត្រាប់តាមលោកប៉ូលិស ឈាន ពិសិដ្ឋ នេះផងទៀត។ នេះគឺដោយសារតែពួកគេហួសចិត្ត។ ហួសចិត្ត ក៏ព្រោះតែពួកគេបានមើលវិឌីអូមួយដែលគេបង្ហោះតាមហ្វេសប៊ុកឃើញលោកប៉ូលិសដួលសន្លប់នៅមុខរថយន្ត ដែលកំពុងមានចលនាយឺតៗ ប៉ុន្តែលោកប៉ូលិសរូបនេះបែរជាមានស្ថានភាពធ្ងន់ធ្ងរខ្លាំងរហូតបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសថៃ។
សម្រេចសម្រួចទៅ លោកឌិន ពុទ្ធី ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិប្រចាំក្រុងប៉ោយប៉ែតផងនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនភ្លាមៗ និងនៅពេលនេះកំពុងត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួននៅក្នុងពន្ធនាគារ និងបើកការស៊ើបសួរពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌកម្ពុជា។ នៅចំពោះមុខរឿងរ៉ាវនេះ ក្រសួងមហាផ្ទៃមិនមានវិធានការណាមួយទៀតនោះទេ គឺគ្រាន់តែស្នើឲ្យសាធារណជនរង់ចាំមើលលទ្ធផល ដែលកើតចេញពីចំណាត់ការរបស់តុលាការតែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ