របាយការណ៍ស្តីពីការប្រឈមរបស់កុមារក្នុងប្រព័ន្ធយុត្តិធម៌ត្រូវបានចេញផ្សាយ
ចុះផ្សាយនៅថ្ងៃ៖
កុមារកម្ពុជាជាច្រើនដែលមានរឿងក្តីក្តាំក្នុងប្រព័ន្ធយុត្តិធម៌កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនទាំងពេលកើតហេតុ ពេលឡើងតុលាការ និងក្រោយពេលជំនុំជម្រះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវដែលមានឈ្មោះថា «សំឡេងរបស់កុមារនៅក្នុងតុលាការ» ដែលត្រូវបានចេញផ្សាយ នៅព្រឹកថ្ងៃទី ២៨មករានេះ ដោយអង្គការ ហាហ្កា សហការជាមួយអង្គការយូនីសេហ្វ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
កុមារដែលចូលរួមក្នុងប្រព័ន្ធយុត្តិធម៌ គឺសំដៅដល់កុមារទាំងឡាយណា ដែលប្រឈមនឹងបញ្ហាច្បាប់ ដូចជា មានជាប់ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទ, អំពើហិង្សា និងបញ្ហាផ្សេងៗទៀត។ បច្ចុប្បន្នកុមារទាំងនេះ ត្រូវបានរកឃើញថាមានបញ្ហាប្រឈមជាច្រើន នៅក្នុងប្រព័ន្ធតុលាការកម្ពុជា ទោះជាពួកគេជាជនរងគ្រោះ ជនល្មើស ឬក៏សាក្សី ក៏ដោយ។ បញ្ហាប្រឈមរបស់ពួកគេ កើតចេញពីការប្រព្រឹត្តរបស់នគរបាល ការធ្វើកោសល្យវិច្ច័យ បទពិសោធនៅក្នុងបន្ទប់តុលាការ កិច្ចគាំទ្រពីមេធាវី និងការរៀបចំត្រៀមលក្ខណៈសម្រាប់តុលាការ, ការទទួលបានសាលក្រម និងរយៈពេលក្រោយជំនុំជម្រះជាដើម។
អង្គការហាហ្គា និងយូនីសេហ្វ បានស្រាវជ្រាវអំពីបទពិសោធរបស់កុមារទាំងនោះ ហើយចេញជារបាយការណ៍ស្រាវជ្រាវ កំរាស់ជាង ២០០ទំព័រ ដើម្បីជាប្រយោជន៍គាំទ្រដល់ការអភិវឌ្ឍន៍និតីវិធីតុលាការព្រហ្មទណ្ឌ ដែលឆ្លុះបញ្ចាំងពីអនុសញ្ញាសហប្រជាជាតិស្តីពីសិទ្ធិកុមារ ឲ្យបានកាន់តែពេញលេញ។
របាយការណ៍នេះ ត្រូវបានចងក្រងឡើងតាមរយៈអ្នកផ្តល់ចម្លើយចំនួន ១០៣នាក់ ក្នុងនោះមានកុមារ មន្ត្រីយុត្តិធម៌ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងនគរបាល។ អង្គការហាហ្គា បានដោះស្រាយបញ្ហាកុមារចំនួន៥០ករណីក្នុងមួយឆ្នាំ ក្នុងនីតិវិធីព្រហ្មទណ្ឌនៅកម្ពុជា។ ករណីទាំងនោះ មានជាប់ពាក់ព័ន្ធនឹងពលកម្មកុមារ ការជួញដូរ ការរំលោភផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារជាដើម។
លោកអ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានសាទរចំពោះការចេញផ្សាយរបាយការណ៍នេះ ព្រមទាំងបានទទួលស្គាល់ថា ពិតជាមានកង្វះខាតសម្រាប់កុមារនៅក្នុងប្រព័ន្ធយុត្តិធម៌មែន។ លោកបានថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់របាយការណ៍ នៅថ្ងៃទី ២៨មករានេះថា របាយការណ៍ស្រាវជ្រាវនេះ នឹងមានប្រយោជន៍ ដើម្បីពង្រីកកម្មវិធីកំណែទម្រង់ប្រព័ន្ធព្រហ្មទណ្ឌនៅក្នុងតុលាការ និងអាចបំពេញការអនុវត្តគោលការណ៍យុត្តិធម៌សម្រាប់អនិតិជន។
ចំណែកលោកស្រី Rana Flower តំណាងអង្គការយូនីសេហ្វ បានថ្លែងថា ដើម្បីធ្វើឲ្យកុមារទទួលបានយុត្តិធម៌ពិតប្រាកដ ក្នុងប្រព័ន្ធតុលាការ, រដ្ឋាភិបាល ត្រូវតែកែលម្អ ការអនុវត្តន៍ភស្តុភាររបស់នគរបាល និងតុលាការ, បង្កើនសុខុមាលភាព និងការយល់ដឹងរបស់កុមារអំពីនីតិវិធីច្បាប់, ត្រូវកសាងសមត្ថភាពបុគ្គលិកប្រព័ន្ធយុត្តិធម៌ ក្នុងការផ្តល់ដំណើរការដែលមានលក្ខណៈកុមារមេត្រី, កែលម្អប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ,និងបង្កើនការត្រួតពិនិត្យ ឬ ស្រាវជ្រាវ ឲ្យបានល្អិតល្អន់ តាមស្តង់ដារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ