ចិនគ្រោងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា
ប្រទេសចិនបានត្រៀមជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់លោកលី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន។ ជាការអះអាងដែលធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ នៅប្រ៊ុចសែល ប្រទេសបែលហ្សិក នៅក្រៅកិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១២។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានចិន China Daily នៅថ្ងៃទី២០ ខែតុលា, នាយករដ្ឋមន្ត្រី លី ខឺឈាង បញ្ជាក់ថាប្រទេសចិនបានត្រៀមខ្លួនបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន ដើម្បីបង្កើនអត្ថប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកអះអាងទៀតថាប្រទេសចិននឹងបន្តគាំទ្រប្រទេសកម្ពុជា ដើម្បីថែរក្សាស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ លោកបានបន្ថែមថាប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងពង្រីកពាណិជ្ជកម្មទ្វេភាគី ហើយប្រទេសចិនត្រៀមខ្លួនពង្រីកការនាំចូលផលិតផលកសិកម្មរបស់កម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនចិនទៅធ្វើការវិនិយោគនៅកម្ពុជា។
ជាការកត់សម្គាល់ការអះអាងរបស់នាយករដ្ឋមន្ត្រីចិនធ្វើឡើង ខណៈប្រទេសកម្ពុជាកំពុងប្រឈមនឹងការ ដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBAដោយសហភាពអឺរ៉ុប។ ការអនុគ្រោះពន្ធ EBA បានផ្ដល់ប្រាក់ចំណេញដល់ប្រទេសកម្ពុជាប្រមាណ៧០០លានដុល្លារក្នុងមួយឆ្នាំ លើប្រាក់ចំណូលប្រហែល៧ពាន់លានដុល្លារតាមរយៈទំនិញនាំចេញទៅកាន់ប្រទេសលោកសេរី។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិននាពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថាកម្ពុជានឹងធ្វើការងារជាមួយប្រទេសចិន ដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។ លោក ហ៊ុន សែន បន្តថាកម្ពុជានឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងស្វាគមន៍អ្នកវិនិយោគចិនមកកម្ពុជា។
លោក តេង ឌឺលុច សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះគឺជារឿងល្អ ដែលប្រទេសចិនបង្កើនការវិនិយោគនៅកម្ពុជា ព្រោះប្រទេសចិនក៏ជាមហាអំណាចមួយ តែការវិនិយោគត្រូវធ្វើឲ្យមានតម្លាភាព និងគណនេយ្យភាព។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានប្រមាណជិត៦ពាន់លានដុល្លារកាលពីឆ្នាំ២០១៧ បានកើនឡើងប្រមាណ២២ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៦ ដែលមានត្រឹមតែជិត៥ពាន់លានដុល្លារអាមេរិក។ ទំនិញដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិនរួមមានអង្ករ, ដំឡូងមី, និងសម្លៀកបំពាក់ជាដើម។ ចំណែកទំនិញ ដែលកម្ពុជានាំចូលពីចិន រួមមានវត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់, គ្រឿងបន្លាស់, គ្រឿងអេឡិចត្រូនិច, ឱសថ, និងគ្រឿងសំអាងជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ